ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សមិទ្ធផលសំខាន់ៗទាំងអស់នេះ សុទ្ធតែកើតពីអំណោយផលនៃសុខសន្តិភាព


ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានលើកឡើងថា សមិទ្ធផលសំខាន់ៗទាំងអស់នេះ គឺសុទ្ធតែកើតពីអំណោយផលនៃសុខសន្តិភាព ដែលជាបរិស្ថានគ្រប់ដណ្តប់ចាំបាច់សម្រាប់ការងារស្តារកសាង និងអភិវឌ្ឍលើគ្រប់វិស័យឡើងវិញ នៅក្រោយថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ និងការបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលនៅកម្ពុជាក្នុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះ។

ឯកឧត្តមថ្លែងបែបនេះក្នុងឱកាសសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាថ្នាក់ដឹកនាំ និងបុគ្គលិករបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។

ឯកឧត្តមបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងបុគ្គលិករបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សរុបប្រមាណជាង១ពាន់នាក់ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកក្នុងភារៈជាអ្នកសង្គ្រោះ និងការពារអាយុជីវិតប្រជាពលរដ្ឋ ចូលរួមក្នុងពិធីជួបជុំប្រកបដោយអត្ថន័យ និងភាពសប្បាយរីករាយក្នុងលក្ខណៈជាមហាគ្រួសារគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនេះ។ ពិតណាស់ ស្ថានភាពនៃការជួបជុំក្នុងថ្ងៃនេះ គឺមានលក្ខណៈខុសផ្ទុយគ្នាស្រឡះពីស្ថានភាពកាលពីជាង២ឆ្នាំមុន ខណៈដែលរាជធានីភ្នំពេញនៅពេលនោះកំពុងប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយសារការផ្ទុះឡើងនៃព្រឹត្តិការណ៍ ២០ កុម្ភៈ ហើយដែលយើងទាំងអស់គ្នាពិតជាមានការព្រួយបារម្ភចំពោះការវិវត្តទៅមុខនៃស្ថានការណ៍ ដែលពិបាកនឹងប៉ាន់ស្មាន ជាពិសេសបើប្រៀបទៅនឹងភាពច្របូកច្របល់ ដែលបានកើតមាននៅក្នុងបណ្តាប្រទេសនានាជាច្រើនក្នុងតំបន់ និងសាកលលោកនាពេលនោះ។

ឯកឧត្តមបានកោតសរសើរ និងអំណរគុណជូនចំពោះ «កងទ័ពអាវស» ទាំងនៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេស ដែលបានរួមសាមគ្គីគ្នាជាមួយនឹងមន្ត្រីរាជការគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងនាមជាកម្លាំងសរុបរបស់ជាតិ ដោយពេលនោះបានសស្រាក់សស្រាំបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ និងប្រកបដោយពលិកម្មគ្រប់បែបយ៉ាង រហូតមិនគិតដល់អាយុជីវិតរបស់ខ្លួនឯង សំដៅធ្វើយ៉ាងណាសង្គ្រោះ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋចាស់ក្មេងឱ្យរួចផុតពីមាត់ជ្រោះមរណៈនៃជំងឺកូវីដ-១៩។

ឯកឧត្តម ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា ទោះបីជាជំងឺកូវីដ-១៩ នៅមិនទាន់ត្រូវបានលុបបំបាត់ទាំងស្រុង ប៉ុន្តែបន្ទាប់ពីបានជម្នះឆ្លងកាត់មហាគ្រោះភ័យនៃវិបត្តិនេះ ជាពិសេសតាមរយៈជោគជ័យនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំងនៅទូទាំងប្រទេស។ កម្ពុជាបានខិតខំពុះពាររហូតសម្រេចបាននូវសមិទ្ធផលជាច្រើនលើមាគ៌ានៃការអភិវឌ្ឍរបស់ខ្លួន។ ក្នុងនេះ សន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាសន្តិសុខសាធារណៈ និងសុខភាពសាធារណៈ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងជីវភាពរស់នៅប្រកបដោយភាពសុខសាន្តរបស់ប្រជាជន ត្រូវបានរក្សាការពារយ៉ាងគត់មត់ដោយកម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខដឹកនាំ។

ឯកឧត្តមបណ្ឌិតបានបន្តទៀតថា សព្វថ្ងៃនេះ រាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនប្រែមុខមាត់ទាំងផ្នែកសំណង់អគារ, ហេដ្ឋារចនាសម្ព័ន្ធរូបវ័នុ្ត, សេវាអគ្គិសនី, សេវាទឹកស្អាត, សេវាអប់រំ, សេវាសុខាភិបាល, សន្តិសុខ និងសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ព្រមទាំងសេវាកម្មចម្រុះសម្បូរបែបជាច្រើនផ្តល់ដោយវិស័យឯកជន ហើយពិតស័ក្តិសមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា និងជាចំណុចនៃសរសៃឈាមប្រមូលផ្តុំគ្រប់ផ្នែកគ្រប់វិស័យរបស់ជាតិ ទាំងនយោបាយ សេដ្ឋកិច្ច ការទូត ពាណិជ្ជកម្ម ទេសចរណ៍ សង្គម និងវប្បធម៌។

ឯកឧត្តមថ្លែងថា «សមិទ្ធផលសំខាន់ៗទាំងអស់នេះ គឺសុទ្ធតែកើតពីអំណោយផលនៃសុខសន្តិភាព ដែលជាបរិស្ថានគ្រប់ដណ្តប់ចាំបាច់សម្រាប់ការងារស្តារកសាង និងអភិវឌ្ឍលើគ្រប់វិស័យឡើងវិញ នៅក្រោយថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ និងការបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលនៅកម្ពុជាក្នុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះ»៕