រដ្ឋមន្ត្រីក្រសួងបរិស្ថាននឹងជួយជនជាតិសួយបង្កើតសហគមន៍ទេទឹកពុះ ទៅជាតំបន់ទេសចរណ៍


ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី១០ ខែសីហានេះ បានជួបជាមួយសហគមន៍តំបន់ការពារធម្មជាតិកោរដូនតី ទេទឹកពុះនៅទីស្តីការក្រសួងដើម្បីជួយកំណត់ព្រំដីសហគមន៍ និងអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍ធម្មជាតិជូនពលរដ្ឋសហគមន៍ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ថ្លែងទៅកាន់តំណាងប្រជាពលរដ្ឋសហគមន៍ដែលជាជនជាតិសួយ និងអាជ្ញាធរមូលដ្ឋាន ឯកឧត្តមរដ្ឋមន្ត្រីបានសន្យានឹងជំរុញឱ្យក្រុមហ៊ុនដែលចង់វិនិយោគនៅតំបន់ធម្មជាតិទេទឹកពុះ សាងសង់ស្តូបតំណាងជនជាតិសួយ ដែលជាម្ចាស់ស្រុក ទីកន្លែងគោរពសក្ការៈ និងទីផ្សារបន្លែធម្មជាតិសម្រាប់ភ្ញៀវទេសចរ ដែលមកលេងកម្សាន្ត។ ការកម្សាន្តនេះ នឹងជួយឱ្យប្រជាពលរដ្ឋនៅសហគមន៍បានទទួលប្រាក់កម្រៃដែលជាចំណូលសម្រាប់អភិវឌ្ឍន៍គ្រួសារ។
ដោយឡែកតំណាងសហគមន៍ លោកស្រីវ៉ែន សាមីន បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រីដែលជួយកំណត់ព្រំដីសហគមន៍ជូនសហគមន៍ជនជាតិសួយ និងកសាងរូបសំណាក់ជនជាតិ រួមទាំងទីផ្សារបន្ថែធម្មជាតិរបស់សហគមន៍ ហើយជាពិសេសការបង្កើតតំបន់ទេទឹកពុះទៅជាតំបន់ទេសចរណ៍ធម្មជាតិ។
សូមរំលឹកថា តំបន់សហគមន៍ការពារធម្មជាតិទេទឹកពុះ ស្ថិតក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕