សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រកាសបញ្ចូលសមាជិកសកម្ម៣រូប របស់គណបក្សភ្លើងទៀន នៅខេត្តស្វាយរៀង ជាមួយគណបក្សប្រជាជនកម្ពុជា


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជួបសំណេះសំណាលជាមួយសមាជិកដ៏សកម្មរបស់គណបក្សភ្លើងទៀន ដែលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។

សមាសភាពដែលសុំមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជារួមមាន៖ លោក គង់ ម៉ាស់ លោកស្រី កុល សាតា និងលោក សុន មករា ដែលជាសមាជិកនៃអតីតគណបក្សសង្គ្រោះជាតិប្រចាំខេត្តស្វាយរៀង បានសម្រេចស្នើសុំចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពេលអស់ជំនឿលើមេដឹកនាំក្រុមបក្សប្រឆាំង។

សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា សមាជិកបក្សចាស់ថ្មី មានតួនាទីយ៉ាងសំខាន់ ក្នុងការខិតខំអនុវត្តឱ្យបានត្រឹមត្រូវតាមកម្មវិធីគោលនយោបាយ និងលក្ខន្តិកៈ របស់គណបក្សសំដៅការកសាងទំនាក់ទំនងល្អ ជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវីធីនយោបាយរបស់គណបក្ស និងច្បាប់របស់រដ្ឋនានា ដោយត្រូវថែរក្សាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់របស់គណបក្សជានិច្ច និងការជួយគ្នាទៅវិញទៅមក និងត្រូវខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាពទាំងគុណធម៌ សីលធម៌ដើម្បីសម្រេចភារកិច្ចជូនសង្គមជាតិ។ ជាពិសេសខិតខំថែរក្សា និងការពារនូវសមិទ្ធផលរបស់គណបក្សប្រជាជន និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងគាំទ្រលោកហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន។

មួយវិញទៀត ត្រូវចូលរួមទប់ស្កាត់ល្បិចកលរបស់ក្រុមប្រឆាំងក្រៅច្បាប់ ទាំងក្នុងនិងក្រៅប្រទេស ដែលបំផ្លើសពីការពិតនៅកម្ពុជា រួមជាមួយពួកបរទេសមួយចំនួនទៀត ដែលបានអំពាវនាវឱ្យមានការបះបោរផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា ស្របច្បាប់ ជាហេតុនាំឱ្យមានចលាចលប៉ះពាល់ដល់ស្មារតីសាមគ្គីផ្ទៃក្នុងជាតិទាំងមូល និងផលប្រយោជន៍ប្រជាជនទូទាំងប្រទេស៕