ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធបើកដំណើរការជាផ្លូវការ ក្រុមហ៊ុន BYTE DC Solutions


ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធបើកដំណើរការជាផ្លូវការ ក្រុមហ៊ុន BYTE DC Solutions។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សូមអបអរសាទរ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃ ក្រុមហ៊ុន BYTE DC Solutions ចំពោះកិច្ចខិតខំប្រឹងប្រែងរហូតសម្រេចបាននូវសមិទ្ធផល ដ៏សំខាន់នេះ ដែលជាការបើកដំណើរការនៃការផ្តល់សេវាកម្មឌីជីថល និងសេវាកម្មមជ្ឈមណ្ឌលទិន្នន័យ (Data Center) ឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងវិញ្ញាបនបត្រ Uptime Design Tier III។ សមិទ្ធផលនេះ ក៏បានឆ្លុះបញ្ចាំងផងដែរអំពីការរីកចម្រើនជឿនលឿនផ្នែកសង្គម-សេដ្ឋកិច្ចកម្ពុជា ដែលមានភាពទំនើប និងទាន់សម័យ ក៏ដូចជាអំពីភាពរួចរាល់របស់កម្ពុជាក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល និងបរិវត្តិកម្មឌីជីថល សម្រាប់ជាប្រយោជន៍ដល់ការលើកកម្ពស់ប្រសិទ្ធភាព និងផលិតភាពសេដ្ឋកិច្ច។

ឯកឧត្តមក៏សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន BYTE DC Solutions ដែលមានទំនុកចិត្តលើសក្តានុពលនៃសេដ្ឋកិច្ចកម្ពុជា និងបានប្តេជ្ញាចិត្តចូលរួមគាំទ្រដល់ការអភិវឌ្ឍវិស័យឌីជីថល ក្នុងរបត់នៃដំណើរឆ្ពោះទៅរកការ អភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយភាពរឹងមាំនៅក្នុងយុគសម័យឌីជីថល។ ពិតណាស់ ទន្ទឹមនឹងការប្រែប្រួលនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា និងការធ្វើពិពិធកម្មទាំងនៅក្នុងវិស័យកសិកម្ម, ឧស្សាហកម្ម, ទេសចរណ៍, សំណង់ និងហិរញ្ញវត្ថុ, រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខ ក៏បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើវិស័យឌីជីថល ដើម្បីបង្កើតឱ្យមាននូវចន្ទល់កំណើនថ្មីមួយបន្ថែមទៀត ក៏ដូចជាដើម្បីគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថល ក្នុងវិស័យដទៃផ្សេងទៀតឱ្យកាន់តែទំនើប, ប្រកបដោយប្រសិទ្ធភាព និងផលិតភាពកាន់តែខ្ពស់។ ប្រាកដណាស់ ជាមួយនឹងបដិវត្តន៍ឧស្សាហកម្មទី៤, វិស័យឌីជីថលនឹងក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា ក្នុងការធានាបាននូវភាពប្រកួតប្រជែង និងការអភិវឌ្ឍប្រកបដោយចីរភាព, បរិយាបន្ន និងភាពធន់។

ឯកឧត្តមបណ្ឌិតថា «ការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ និងបច្ចេកវិទ្យាឌីជីថលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស ក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, បច្ចេកវិទ្យាឌីជីថល បានបង្កើតនូវកាលានុវត្តភាពថ្មី ដូចជាការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិចត្រូនិក ដែលអនុញ្ញាតឱ្យប្រតិបត្តិការអាជីវកម្មជាច្រើន អាចបន្តដំណើរការបាន ទោះក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។ ចំណែកឯក្រសួង-ស្ថាប័នសាធារណៈវិញ ក៏អាចបន្តកិច្ចការងាររបស់ខ្លួនបានផងដែរ តាមរយៈប្រើប្រាស់បច្ចេកវិទ្យាប្រជុំពីចម្ងាយ ដូចជាប្រព័ន្ធ Zoom ជាដើម ដែលជាការកាត់បន្ថយយ៉ាងមានប្រសិទ្ធភាពនូវផលប៉ះពាល់បង្កឡើងដោយបញ្ហាជំងឺកូវីដ-១៩»។

បើតាមឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត, នៅក្នុងដំណើរការនៃការអភិវឌ្ឍវិស័យឌីជីថល, រាជរដ្ឋាភិបាលក៏បានកត់សម្គាល់ផងដែរអំពី តួនាទីយ៉ាងសំខាន់របស់វិស័យឯកជន។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលបានរៀបចំច្បាប់
ស្តីពីវិនិយោគថ្មី ដើម្បីផ្តល់ការលើកទឹកចិត្ត និងអាទិភាពដល់សកម្មភាពនានាក្នុងវិស័យឌីជីថល និងវិស័យផ្សេងទៀតដែលមានគោលបំណងធ្វើបច្ចុប្បន្នកម្មប្រតិបត្តិការរបស់ខ្លួន តាមរយៈការធ្វើបរិវត្តកម្មឌីជីថល និងការបូកបញ្ចូលនូវបច្ចេកវិទ្យាថ្មីៗទៅក្នុងប្រតិបត្តិការអាជីវកម្ម។

ឯកឧត្តមបញ្ជាក់ទៀតថា បន្តទៅមុខទៀត រាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវការប្តេជ្ញាចិត្តរួចមកហើយ ក្នុងការគាំទ្រដល់កិច្ចដំណើរការអភិវឌ្ឍវិស័យឌីជីថល និងការលើកទឹកចិត្តឱ្យរាល់សកម្មភាពសង្គម-សេដ្ឋកិច្ចទាំងអស់ ខិតខំប្រឹងប្រែងក្នុងការធ្វើបរិវត្តិកម្មឌីជីថល និងចាប់យកបច្ចេកវិទ្យាឌីជីថលទៅក្នុងប្រតិបត្តិការរបស់ខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងផលិតភាពការងារសម្រាប់ជាប្រយោជន៍របស់អង្គភាពផ្ទាល់ផង និងសង្គមជាតិផង ដោយរាជរដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងកសាងបរិយាកាសធុរកិច្ចឱ្យកាន់តែមានភាពអំណោយផលសម្រាប់វិស័យឌីជីថលទាំងមូល និងវិស័យផ្សេងទៀតក្នុងការធ្វើឌីជីថលូបនីយកម្ម និងបរិវត្តកម្មឌីជីថល៕