ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់សញ្ញាបត្រជូននិស្សិតកសិកម្មជាង ៣ពាន់នាក់


នៅព្រឹកថ្ងៃចន្ទ ១១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការ​សិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់។ ពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

របាយការណ៍បានបង្ហាញថា និស្សិតជ័យលាភី​នៃគ្រឹះស្ថានឧត្តមសិក្សា​កសិកម្ម​ទាំង​បី ដែលអញ្ជើញទទួលសញ្ញាបត្រនេះមានចំនួនសរុប ៣,២៧៩នាក់ នារី ១,៣១៩​នាក់ ស្មើនឹងជាង ៤០ភាគរយ។ និស្សិតជ័យលាភីទាំងនេះ បានបញ្ចប់ការសិក្សា​តាម​ជំនាញរបស់ខ្លួន​ដោយជោគ​ជ័យ ក្នុងឆ្នាំ២០១៩, ២០២០, ២០២១ និងឆ្នាំ​២០២២។ ក្នុងនោះមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្មចំនួន ២,៤៣៣នាក់, វិទ្យា​ស្ថានជាតិកសិកម្មព្រែកលៀបចំនួន ៥៣១នាក់ និងនិស្សិតវិទ្យាស្ថានជាតិ​កសិកម្ម​កំពង់​ចាមចំនួន ៣១៥នាក់។

និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រថ្ងៃនេះមាន ៥កម្រិតផ្សេងគ្នារួមមាន៖ ថ្នាក់​បរិ​ញ្ញាបត្ររងចំនួន ៣០១នាក់, ថ្នាក់បរិញ្ញាបត្រចំនួន ២,៨៤៨នាក់, ថ្នាក់បរិញ្ញា​បត្រ​ជាន់ខ្ពស់ ចំនួន ៦៦នាក់ នារី ២៤នាក់), ថ្នាក់បសុវេជ្ជបណ្ឌិតចំនួន ៥៦នាក់ នារី ២០នាក់ និងថ្នាក់បណ្ឌិតចំនួន ៨នាក់ នារី ១នាក់។ ក្នុងចំណោម​និស្សិត​ជ័យ​លាភីទាំងអស់ មាននិស្សិតអាហារូបករណ៍ចំនួន ១,០៧៧នាក់ (នារី ៤៩៩នាក់ ស្មើនឹងជាង ៤៦ភាគរយ។

សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៨៤ មកដល់ឆ្នាំ២០២២កន្លងទៅ គ្រឹះស្ថានឧត្តម​សិក្សា​កសិកម្ម ទាំងបីបណ្តុះបណ្តាលបានធនធានមនុស្សចំនួន ៣០,៣៥៤នាក់ នារី ៧,៨១៥នាក់។ ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ជាមធ្យមគ្រឹះស្ថានទាំងបី​បណ្តុះ​បណ្តាល​បានធនធានមនុស្សជាង ៨០០នាក់ ក្នុងមួយឆ្នាំ សម្រាប់វិស័យ​កសិ​កម្ម។

ជាមួយនឹងលទ្ធផលខាងលើនេះ គ្រឹះស្ថានឧត្តមសិក្សាទាំងបីបាននិងកំពុង​អនុវត្ត​កម្មវិធី​កំណែទម្រង់ជាបន្តបន្ទាប់ ជាពិសេសការជំរុញអនុវត្តយុទ្ធសាស្រ្ត ១០ឆ្នាំថ្មី ២០២១-២០៣០ ដែលត្រូវបានដាក់ឱ្យអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីឆ្នាំ២០២១កន្លងទៅ ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។

សម្រាប់ឆ្នាំ២០៣០ខាងមុខ គ្រឹះស្ថានទាំងបីមានគោលដៅសម្រេចឱ្យបាននូវ​ការ​បណ្តុះបណ្តាលនិស្សិតប្រកបដោយចំណេះដឹង ជំនាញ មនសិកាវិជ្ជាជីវៈ និងផលិត​ភាពខ្ពស់ ឱ្យបានយ៉ាងតិចចំនួន ៦,០០០នាក់ និងបង្កើតឱ្យបាននូវបច្ចេកវិទ្យា និង​ផលិតផលថ្មីៗដែលទីផ្សារត្រូវការយ៉ាងតិចចំនួន៥០៕