ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលប្រៀបបានទៅនឹងមាតាបិតា ដែលតែងខិតខំបង្កលក្ខណៈគ្រប់យ៉ាង ដើម្បីឱ្យកូនៗមានគ្រួសារកក់ក្តៅ ព្រមជាមួយនឹងឱកាសចម្រុងចម្រើនផ្នែកជីវភាព


ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលប្រៀបបានទៅនឹងមាតាបិតា ដែលតែងខិតខំបង្កលក្ខណៈគ្រប់យ៉ាង ដើម្បីឱ្យកូនៗមានគ្រួសារកក់ក្តៅ និងសុខដុមរមនា ព្រមជាមួយនឹងឱកាសចម្រុងចម្រើនផ្នែកជីវភាព។

ការលើកឡើងបែបនេះរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសលោកបានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយប្រធានរដ្ឋបាល និងប្រធានផ្នែក នៃរោងចក្រ-សហគ្រាស នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នាសាលមហោស្រពកោះពេជ្រ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងទិសដៅនេះ, រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ, យុទ្ធសាស្ត្រ និងភាពប៉ិនប្រសប់របស់ សម្តេចតេជោ តែងបានគិតគូរយកចិត្តទុកដាក់ដល់កម្មករ-និយោជិត និងនិយោជកទាំងអស់ តាមរយៈការធានានូវបរិស្ថានអំណោយផលនៃសុខសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ច ព្រមទាំងការផ្តល់នូវការគាំទ្រលើកទឹកចិត្តដល់វិស័យឯកជនតាមគ្រប់លទ្ធភាព ដើម្បីធ្វើយ៉ាងណាសម្រេចឱ្យបាននូវវឌ្ឍនភាពកាន់តែប្រសើរជូនសង្គមជាតិ និងការបង្កើតឱកាសការងារល្អៗកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋ។ ដូច្នេះ សូមវិនិយោគិនបន្តជឿទុកចិត្តលើកម្ពុជា និងបន្តពង្រឹងសក្តានុពលដើម្បីទាញយកផលប្រយោជន៍ពីបរិយាកាសប្រកបដោយភាពអនុគ្រោះសម្រាប់ឱកាសអាជីវកម្ម និងការវិនិយោគដ៏សម្បូរបែប។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត សូមយកឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់៧០ ព្រះវស្សា យាងចូល៧១ ព្រះវស្សា ថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរ ចំពោះព្រះករុណាថ្លៃវិសេស និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះកាយពលមាំមួន ខ្លំាងក្លា ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខភាពល្អបរិបូណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់ត្រជាក់ត្រជុំសុខដុមរមនាដល់ប្រជានុរាស្ត្រ ព្រមទាំងភាពសម្បូរសប្បាយ ចម្រុងចម្រើន ថ្កុំថ្កើង រុងរឿងរបស់មាតុភូមិអង្គរជាទីសេ្នហានៃយើង។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏សូមកោតសរសើរបងប្អូនជាប្រធានរដ្ឋបាល និងប្រធានផ្នែក នៅតាមបណ្តារោងចក្រ-សហគ្រាសក្នុងរាជធានីភ្នំពេញ ចំពោះការខិតខំបំពេញតួនាទី និងភារកិច្ច នៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់រោងចក្រ-សហគ្រាស និងចំពោះការរួមចំណែកក្នុងការធានាបាននូវនិរន្តរភាពនៃផលិតកម្ម និងអាជីវកម្មរបស់រោងចក្រ-សហគ្រាស ព្រមទាំងភាពសុខដុមរមនារវាងកម្មករ-និយោជិត និងនិយោជក ក្នុងរយៈកាលកន្លងមក ជាពិសេសការរួមចំណែកក្នុងការថែរក្សាលំនឹងស្ថិរភាព និងភាពធន់នៃសេដ្ឋកិច្ចជាតិ ក្នុងដំណាក់កាលគ្រោះអាសន្ននៃវិបត្តិកូវីដ១៩ ដែលពិតជាបានបង្ហាញអំពីជំនឿទុកចិត្តលើការដឹកនាំប្រកបដោយយុទ្ធសាស្ត្ររបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។

ទន្ទឹមនឹងនេះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ប្រធានរដ្ឋបាល និងប្រធានផ្នែក គឺជាជនបង្គោល និងជាស្ពានក្នុងការផ្សារភ្ជាប់ទៅនឹងកម្មករ-និយោជិត ដើម្បីជំរុញការអនុវត្ត និងផ្សព្វផ្សាយអំពីគោលនយោបាយ និងសមិទ្ធផលក្នុងវិស័យការងារ ដែលរាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ដោះស្រាយជូនកម្មករ-និយោជិត សំដៅធានាបាននូវការលើកកម្ពស់ផ្នែកជីវភាព, សុខុមាលភាព និងនិរន្តរភាពអាជីពការងាររបស់កម្មករ-និយោជិតយើង។

មួយវិញទៀត ប្រធានរដ្ឋបាល និងប្រធានផ្នែក ក៏ជាដៃគូសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយនឹងអាជ្ញាធរ-សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវនូវកាតព្វកិច្ចនានា ដែលមានចែងក្នុងច្បាប់ និងបទដ្ឋានគតិយុត្តនានាក្នុងវិស័យការងារ បម្រើឱ្យការការពារផលប្រយោជន៍ដោយស្មើភាពចំពោះមុខច្បាប់សម្រាប់កម្មករ-និយោជិត, និយោជក និងគ្រប់ភាគីពាក់ព័ន្ធ៕