សម្តេចតេជោ ហ៊ុន សែន ប្រកាសអនុញ្ញាតឱ្យប្រតិភូកីឡាស៊ីហ្គេម ចូលទស្សនាអង្គរវត្តដោយមិនគិតថ្លៃ


ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអនុញ្ញាតឱ្យប្រតិភូកីឡាស៊ីហ្គេម ដែលមានបំណងចង់ទៅទស្សនាប្រាសាទអង្គរវត្ត ក្រោយបញ្ចប់ព្រឹត្តិការប្រកួតស៊ីហ្គេមនោះ អាចទៅចូលទស្សនាអង្គរវត្តដោយមិនគិតថ្លៃ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ហើយខ្ញុំក៏សូមបញ្ជាក់ផងដែរថា ប្រសិនបើអ្នកកីឡា កីឡាករ កីឡាការិនី បន្ទាប់ពីការ​ប្រកួតហើយចង់ទៅមើលប្រាសាទអង្គរវត្ត សុំកុំឱ្យមានការលក់សំបុត្រ សូមឱ្យចូលមើលអង្គរវត្តដោយឥកគិតថ្លៃទៀត សូមបញ្ជាក់ជូនឱ្យហើយ»

សម្តេចតេជោ ក៏បានស្នើទៅគ្រឹះស្ថានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា ក្រសួងវប្បធម៍ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កុំលក់សំបុត្រសម្រាប់កីឡាករ កីឡាការិនី ដែលមកប្រកួតស៊ីហ្គេម ហើយចង់បន្តទៅទស្សនាអង្គរវត្ត ពេលស៊ីហ្គេមបានបញ្ចប់ តែសម្រាប់តែអ្នកកីឡានិងគ្រូបង្វឹក សម្រាប់អ្នកមកតាមមកគាំទ្រត្រូវលក់សំបុត្រធម្មតា ដែលនេះជាការបញ្ជាក់ថា កម្ពុជាជាប្រទេសតូច តែមានបេះដូងធំ។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងទៀតថា កម្ពុជាមិនត្រឹមតែហ៊ានធ្វើប៉ុណ្ណឹងនោះទេ តែកម្ពុជាធ្លាប់ហ៊ានធ្វើពលីកម្មដែលធំជាងនេះទៅទៀតរួចម្តងហើយ គឺការអនុញ្ញាតឱ្យនាវាទេសចរណ៍អាមេរិក «Westerdam» ដែលប្រទេសនានាមិនឱ្យចូល តែកម្ពុជាបានអនុញ្ញាតឱ្យចូលដើម្បីសង្គ្រោះប្រជាជនដែលនោះលើនាវានោះបានរាប់ពាន់អ្នក ដែលមិនក្លាចជំងឺឆ្លងកូវីដ១៩ ដល់ប្រជាជនក្នុងប្រទេសរបស់ខ្លួននោះទេ។ ដូចនេះហើយត្រូវតែបើកចិត្តឱ្យទូលាយ និងមើលឃើញពីផលប្រយោជន៍វែងឆ្ងាយរបស់ប្រទេសជាតិ ហើយដែលនេះគឺជាទ្រព្យសម្បត្តិរបស់ប្រទេសជាតិ។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអគុណដល់សម្តេចពិជ័យសេនា ទៀ បាញ់, លោកបណ្ឌិត ថោង ខុន, លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងសហការីទាំងអស់ ដែលខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត តាំងពីការចាប់ផ្តើមសាងសង់ស្តាតរហូតមកដល់ពេលនេះ និងថ្លែងអគុណដល់លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមន្នីរ័ត្ន ដែលបានទម្លាក់ថវិកាសម្រាប់បំរើដល់ការប្រកួតស៊ីហ្គេមនេះ។ សម្តេចបានអះអាងថា កម្ពុជាចាយថវិកាសម្រាប់បំរើដល់ការប្រកួតស៊ីហ្គេមនេះតែ ១១៨លាន ក្នុងពេលដែលប្រទេសនានាធ្វើជាម្ចាស់ផ្ទះ ចាយមិនតិចជា២០០លាននោះទេ។ សម្តេចក៏បានថ្លែងអរគុណដល់សិល្បៈករ សិល្បៈការិនី អាជ្ញាធរ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមថែរក្សាសន្តិសុខ និងធ្វើជាម្ចាស់ផ្ទះដ៏ល្អក្នុងព្រឹត្តិការស៊ីហ្គេម ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។

បន្ថែមពីនេះសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ថ្ងៃបើកព្រឹត្តិការស៊ីហ្គេម បានធ្វើឱ្យសម្តេចមានការរំជួលចិត្តជាខ្លាំង ដោយសារតែមានភាពនឹកដល់អតីតកាលដ៏កម្សត់ ដែលគ្រានោះសម្តេចបានចូលមកភ្នំពេញ នឹងមិនមានអ្វីទាល់តែសោះ តែអាចមានព្រឹត្តិការស៊ីហ្គេមដ៏ធំនេះបាន និងបានធ្វើសម្តេចមានភាពរំជួលចិត្តខ្លាំង និងរំភើបចិត្ត ហើយសប្បាយជាងគេនោះ គឺប្រជាជនក៏បានចាត់ទុកព្រឹត្តិការនេះជារបស់ខ្លួន និងមានមោទនភាពជាតិរបស់ខ្លួន៕