ឯកឧត្តមទេសរដ្ឋមន្ដ្រី លី ធុជ ដឹកនាំប្រារព្ធទិវាជាតិនៃការចង់ចាំ និងប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា នៅក្រុងបាវិត


នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារចេះជួយពង្រឹងមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានក្រុងបាវិត បានអញ្ជើញធ្វើជាអធិបតីពិធីរំលឹកវិញ្ញាណក្ខន្ធ ថ្ងៃទី២០ឧសភា នៃទិវាចងចាំ និងពិធីបញ្ជូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងថា យើងត្រូវចងចាំ និងដឹងគុណជានិច្ចចំពោះសម្តេចតេជោ ប្រធានគណបក្សប្រជាជន និងគណបក្សប្រជាជន ដែលបានរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ដឹកនាំប្រទេសដោយបាតដៃទទេរ ដោយដៃម្ខាងដឹកនាំប្រទេស និងដៃម្ខាងទៀតការពារប្រទេស និងទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍ត្រឡប់មកវិញ ហើយប្រទេសយើងត្រូវគេហ៊ុំព័ទ្ធសេដ្ឋកិច្ចថែមទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានស្នើឲ្យសមាជិក សមាជិកាទាំងអស់ត្រូវគាំទ្រ និងចូលរួមជាមួយគណបក្សប្រជាជន ដើម្បីចូលរួមការពារសន្តិភាព ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា បានយកជីវិតទៅប្តូរ និងតស៊ូយ៉ាងលំបាកដ៏បំផុត។

ឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះសមាជិក សមាជិកាថ្មីទាំង ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ពីព្រោះមានតែគណបក្សប្រជាជនមួយគត់ ដែលបាននាំមកនូវសន្តិភាព ការអភិវឌ្ឍ ជាពិសេសបង្កើតការងារយ៉ាងសំបូរបែបជូនយើងទាំងអស់គ្នា។

ជាចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងនាមសម្តេចកិត្តិសង្គហ ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានខេត្តស្វាយរៀង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សមាជិក សមាជិកា និងថ្នាក់ដឹកនាំគណបក្សប្រជាជនក្រុងបាវិតទាំងអស់៕