ក្រុមការងារខេត្តក្រចេះ ជួបសំណេះសំណាលរំលឹកប្រជាពលរដ្ឋនៅឃុំកញ្ជរពីករណីយកិច្ចរបស់ម្ចាស់ឆ្នោត សម្រាប់ការបោះឆ្នោតជាតិនាពេលដ៏ខ្លីខាងមុខ


ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ រួមជាមួយសហការីជាមន្ត្រីគណបក្សនៅថ្នាក់ជាតិ ខេត្ត និងមូលដ្ឋាន បានជួបសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋដែលជាប្រធាន និងអនុប្រធានក្រុមបក្សក្នុងភូមិទាំង៥ នៅឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។

ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅបរិវេណប្របជាប់មាត់ទន្លេមេគង្គ ទល់មុខវត្តអម្ពរវ័នសិលារាម ហៅវត្តកញ្ជរ ស្ថិតនៅក្នុងភូមិព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់បេក្ខជនឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាសម្រាប់មណ្ឌលខេត្តក្រចេះ ឯកឧត្តមអភិបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធានគណបក្សស្រុកឆ្លូង និងឃុំទាំង៨ គណៈសាខាបក្សភូមិទាំង៥ យុវជនគណបក្ស ព្រមទាំងមន្ត្រីមូលដ្ឋានក្នុងឃុំកញ្ជរ និងប្រជាពលរដ្ឋសរុបមានអ្នកចូលរួមប្រមាណជាង៥០០នាក់។

បន្ទាប់ពីលោកស្រី គា ប៉ុណ្ណារី ប្រធានគណៈកម្មាធិការគណបក្សឃុំកញ្ជរ បានធ្វើរបាយការណ៍ពីស្ថានភាពទូទៅ និងស្ថានការណ៍ជាក់ស្តែងនៃជីវភាពរស់នៅរបស់ប្រជាជននៅមូលដ្ឋានរួចមក ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានថ្លែងមតិសំណេះសំណាលជាមួយអ្នកចូលរួមក្នុងអង្គពិធីទាំងមូល ដោយសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដើម្បីគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្ត និងគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តំណែងជានាយករដ្ឋមន្ត្រីអនាគតរបស់កម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកពីកាតព្វកិច្ចរបស់អាជ្ញាធរមូលដ្ឋាន សមាជិកក្រុមបក្ស និងប្រជាពលរដ្ឋក្នុងកិច្ចការពាររឹងមាំ ស្ថិរភាពនយោបាយ និងការរក្សាបានល្អនូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម សម្រាប់ធានាឱ្យការបោះឆ្នោតជាតិនាខែកក្កដាខាងមុខ បានប្រព្រឹត្តទៅតាមលក្ខណៈប្រជាធិបតេយ្យ និងនីតិរដ្ឋ ដែលគណបក្សនយោបាយទាំងអស់បានចូលរួមប្រកួតប្រជែងដោយសេរី តម្លាភាព ក្នុងក្របខណ្ឌពហុបក្ស និងគ្មានអំពើហិង្សា។

អាស្រ័យហេតុនេះ មន្ត្រីក្រុមការងារ និងមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ត្រូវព្រួតដៃគ្នាច្បាមជាប់មូលដ្ឋានភូមិ ផ្សាភ្ជាប់សុខទុក្ខជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ពិសេសចំពោះមុខយកចិត្តទុកដាក់គ្រប់គ្រងសហគមន៍ និងលើកទឹកចិត្តការពង្រឹងពង្រីកសមាជិកបក្សតាមក្រុមនីមួយៗឱ្យបានល្អ បង្កលក្ខណៈឱ្យបងប្អូនរួមសាមគ្គី ជួយថែរក្សាគ្នា និងយល់ទុក្ខធុរៈគ្នាទៅវិញទៅមក បន្តជំរុញចលនាសកម្មភាពធ្វើអំពើល្អនៅមូលដ្ឋានជាប្រចាំ និងព្យាយាមដោះស្រាយរាល់ការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ។ ជាបន្ទាន់ ត្រូវជួយយកអាសារទំនុកបំរុងជីវភាពប្រជាជនរងគ្រោះដោយផលប៉ះពាល់ពីកូវីដ-១៩ និងពីវិបត្តិផ្សេងៗទៀតឱ្យបានជាប់ជាប្រចាំ ដើម្បីចូលរួមចំណែកកាន់តែរឹងមាំជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដែលបានដឹកនាំចលនាជាតិ ប្រយុទ្ធឈ្នះកូវីដ កំពុងខិតខំស្តារសេដ្ឋកិច្ច ជីវភាពសង្គមជាតិ ឱ្យងើបឡើងវិញយ៉ាងឆាប់រហ័ស មកកាន់ប្រក្រតីភាពជាធម្មតាឡើងវិញ។

ទន្ទឹមនោះ ត្រូវចូលរួមយ៉ាងសកម្មជាមួយចលនាប្រជាជននៅទូទាំងប្រទេសក្រោមមគ្គុទេសភាពដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលបាននិងកំពុងបង្កើតសមិទ្ធផលធំធេង តាមរយៈជោគជ័យរបស់កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានកន្លងទៅ និងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រទើបបិទបញ្ចប់ដោយជោគជ័យដ៏មហស្ចារ្យរបស់កីឡាអាស៊ីអាគ្នេយ៍ ស៊ីហ្គេម នៅកម្ពុជា (SEA GAME) ដែលបានលើកកម្ពស់កិត្យានុភាពពោរពេញដោយមោទនភាពជាតិកម្ពុជាលើឆាកអន្តរជាតិ សំដៅប្រែក្លាយដោយពិតប្រាកដស្នាដៃជាប្រវត្តិសាស្ត្ររបស់យើងទាំងអស់គ្នានេះ ឱ្យទៅជាកម្លាំងចលករ បន្តជំរុញខ្លាំងក្លាឧត្តមភាព ប្រៀបឈ្នះក្រោមម្លប់សុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពសព្វទិសទីរបស់គណបក្សយើង ឈានឆ្ពោះទៅដណ្តើមជ័យជំនះទាំងស្រុងសម្រាប់ការបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ដើម្បីអនាគតដ៍រុងរឿងរបស់មាតុភូមិនិងប្រជាជនយើងគ្រប់ជំនាន់តរៀងទៅ។

សូមបញ្ជាក់ថា ឃុំកញ្ជរ គឺជាឃុំមួយក្នុងចំណោមឃុំទាំង៨នៃស្រុកឆ្លូង មានផ្ទៃដីសរុប ៩៤ ១៦០គីឡូម៉ែត្រការ៉េ មានភូមិចំនួន ៥ មានប្រជាពលរដ្ឋសរុបចំនួន ៧ ២៥២នាក់៕