សម្តេចតេជោ ហ៊ុន សែន៖ ចិនមិនដែលបញ្ជាសម្តេចឡើយ ហើយគោលនយោបាយរបស់ចិន មិនយកប្រទេសណាជាសត្រូវ ឬរារាំងប្រទេសណាមួយឡើយ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រដ្ឋាភិបាលចិន មិនដែលបញ្ជាសម្តេចនោះឡើយ ហើយបានទៀតថ្លែងថា គោលនយោបាយរបស់ចិន មិនបានយកប្រទេសណាជាសត្រូវ ឬរារាំងប្រទេសណាមួយនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ពេលអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិត​ជាង ២ម៉ឺននាក់ និងទស្សនាសមិទ្ធផលក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុង​ព្រះ​សីហនុ ព្រមទាំងសម្ពោធដាក់ឱ្យដំណើរការ​រោង​ចក្រផលិតសំបកកង់ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «វ៉ាង វិនធាន (រដ្ឋមន្ត្រីការបរទេសចិន) មិនដែលមកប្រាប់កម្ពុជា នែកកុំទៅធ្វើនេះទៅធ្វើនោះ អត់ដែលមានទេ។ កម្ពុជាមិនដែលទទួលបានទេ ពាក្យទាំងហ្នឹង សូម្បីតែឯកឧត្តម ស៉ី ជិនពីង (ប្រធានាធិបតីចិន) ប្រាប់ថា នែកកុំទំនាក់ទំនងប្រទេសនេះប្រទេសនោះ»

សម្តេចតេជោ បានបន្ថែមថា កម្ពុជា អនុវត្តនយោបាយឯករាជ្យរបស់ខ្លួន ខណៈមានអ្នកខ្លះលើកឡើងថា កម្ពុជាអាយ៉ងចិន ឬអាយ៉ងវៀតណាម។ សម្តេចអះអាងថា ទោះបីជានរណាថាអីថាទៅ ព្រោះលើការជាក់ស្តែង កម្ពុជាអនុវត្តនយោបាយ​ឯករាជ ដោយផ្អែកលើច្បាប់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា មានលក្ខខណ្ឌចំនួន៣ ដែលនាំឱ្យកម្ពុជា​ក្លាយ​ជាសមាជិកគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ចិន រួមមាន៖ ការរក្សាបានសន្តិភាព និងអភិវឌ្ឍន៍, មិនប្រឆាំងប្រទេសដទៃ និងគោរពមជ្ឈភាពរបស់អាស៊ាន។ បន្ថែមពីលើនោះ គំនិតផ្តួចផ្តើមនេះ បានផ្តល់ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» នាំឱ្យកើតមានសមិទ្ធផលជាច្រើន មានដូចជាពហុកីឡដ្ឋានជាតិមរតកតេជោ, ផ្លូវល្បឿនលឿន, ការតភ្ជាប់អ៉ីនធើណេតកប់ក្រោមបាត់សមុទ្រ និងផ្លូវ ស្ពានជាច្រើនខ្សែ។ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» គឺបានផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសជាសមាជិក ហើយមិនបានគំរាមកំហែងដល់ប្រទេសណាមួយនោះឡើយ៕