ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ចាត់តំណាងចុះសួរសុខទុក្ខលោក ឡុង វិសាលោ ដល់គេហដ្ឋាន


ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដឹកនាំដោយ លោកចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុម ប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញសួរសុខទុក្ខ លោក ឡុង វិសាលោ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ដល់គេហដ្ឋាននៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោក ចាយ បូរិន បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានគណបក្ស សម្តេច លោក លោកស្រី ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ព្រមទាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះលោក ឡុង វិសាលោ និងក្រុមគ្រួសារ។

លោក ឡុង វិសាលោ មានប្រសាសន៍ថា គ្រួសារយើងខ្ញុំពិតជាមានក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា ដោយមិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ ហើយយើងខ្ញុំសូមសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេច លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានចាត់លោក ចាយ បូរិន ជាតំណាងដឹកនាំប្រតិភូមកសួរសុខទុក្ខរូបខ្ញុំ និងក្រុមគ្រួសារដល់លំនៅដ្ឋាន។

លោក ចាយ បូរិន បានបញ្ជាក់ពីការគាំទ្រចំពោះបេក្ខភាព សម្តេចតេជោ ជានាយករដ្ឋមន្ត្រីអាណត្តិទី៧ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីបន្តវេននាពេលអនាគត។ លោកក៏បានសម្តែងនូវមនោ សញ្ចេតនា សប្បាយរីករាយដោយក្តីស្រឡាញ់រាប់អានជាទីបំផុត និងសូមកោតសរសើរដោយស្មោះចំពោះយុវជនគណបក្សថ្នាក់កណ្តាល ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។

លោកបានលើកទឹកចិត្តដល់យុវជនគណបក្សទាំងអស់ត្រូវ៖

*ទី១៖ ត្រូវកត់ត្រាឱ្យបានច្បាស់លាស់ និងចងចាំជានិច្ចស្នាដៃអ្នកជំនាន់មុន ពិសេសថែរក្សាឯកសារចាស់ និងឯកសារយោងផ្សេងៗ ឱ្យបានគង់វង្ស ដែលជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិ
*ទី២៖ រក្សាសាមគ្គីភាព ផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក ជាពិសេសក្នុងការចាប់យកចំណុចល្អៗ ដើម្បីចូលរួមចំណែកកសាងនិងអភិវឌ្ឍប្រទេសជាតិ។

លោកបានរៀបរាប់ពីប្រវត្តិការងារថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ បានចូលបម្រើការងារ នៅក្រសួងការបរទេស ជាលេខាផ្ទាល់សមមិត្ត ហ៊ុន សែន រដ្ឋមន្ត្រីក្រសួងការបរទេស ប្រធានមន្ទីរក្រសួងការបរទេស ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំគូបា ប្រចាំនីការ៉ាហ្គា ជាបេសកជនពិសេសនៅបណ្តាប្រទេសអាហ្វ្រិក និងអាមេរិកឡាទីន អនុរដ្ឋមន្រ្តីក្រសួងការបរទេស ជាអ្នកសម្របសម្រួលការងារជាមួយ UNTAC សម្រាប់ជំនួយពីបរទេសមកកម្ពុជា ទីប្រឹក្សាសម្តេចតេជោនាយករដ្ឋមន្រ្តីទី២ ទទួលបន្ទុកការងារព្រំដែនជាមួយប្រទេសជិតខាង រដ្ឋលេខាធិការក្រសួងការបរទេស ទទួលបន្ទុកកិច្ចការច្បាប់ និងកុងស៊ុល អនុប្រធានគណកម្មការចម្រុះកិច្ចការព្រំដែនជាមួយ ប្រទេសជិតខាង ឯកអគ្គរាជទូតកម្ពុជាប្រចាំរាជាណាចក្រថៃ បច្ចុប្បន្នជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី។

លោកប្រធានប្រតិភូ បានសម្តែងការកោតសសើរនូវចំណេះដឹង ទេពកោសល្យ បទពិសោធន៍ការងារយ៉ាងច្រើនឥតគណនារបស់លោក ឡុង វិសាលោ និងការលះបង់កម្លំាងកាយចិត្តនិងប្រាជ្ញាស្មារតី ក្នុងការចូលរួមចំណែកបម្រើគណបក្ស ក៏ដូចជា ការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិជារៀងរហូតមក។

ក្នុងឱកាសដ៏មានអត្ថន័យនេះ លោក ចាយ បូរិន បានប្រគល់វត្ថុអនុស្សាវរីយ៍របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ លោក ឡុង វិសាលោ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធក្នុងលោក ទេវតាឆ្នាំថ្មី សូមតាមជួយបីបាច់រក្សាមានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ៕