រដ្ឋមន្ត្រីក្រសួងបរិស្ថានស្នើឱ្យវាយតម្លៃលើការអភិវឌ្ឍតំបន់ឆ្នេរ


គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរដែលដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ឯកឧត្តម ថោង ខុន និងឯកឧត្តម សាយសំអាល់ ដែលជាប្រធាន និងអនុប្រធានគណៈកម្មាធិការ នៅរសៀលថ្ងៃទី១១ ខែសីហានេះ បានបើកកិច្ចប្រជុំសម្រេចលើគម្រោងអភិវឌ្ឍន៍ចំនួនបីតាមបណ្តោយភូមិសាស្ត្រឆ្នេរសមុទ្រកម្ពុជា។ គម្រោងទាំងបីគឺគម្រោងអភិវឌ្ឍលំនៅឋានវិស្សមកាលទេចរណ៍ ក្នុងខេត្តកំពត គម្រោងអភិវឌ្ឍដី ក្នុងខេត្តកំពត និងគម្រោងអភិវឌ្ឍវិស័យទេសចរណ៍ ក្នុងខេត្តកែប។
ក្នុងការផ្តល់ឯកភាពលើកគម្រោងអភិវឌ្ឍន៍ទាំងបីក្រុមហ៊ុននេះ ឯកឧត្តមសាយ សំអាល់ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរ បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវតែពិនិត្យ និងការសិក្សាឱ្យបានច្បាស់លាល់ស្តីពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដើម្បីវាយតម្លៃមើលថាតើការអភិវឌ្ឍរបស់ក្រុមហ៊ុនទាំងបីនោះមានផលប៉ះពាល់សង្គម បរិស្ថានក្នុងកម្រិតមួយណា។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននេះ នឹងអាចក្លាយរនាំងការពាររបស់រដ្ឋាភិបាលពីការចោទប្រកាន់ណាមួយដែលអាចកើនឡើង។
ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរបានវាយតម្លៃខ្ពស់ចំពោះមតិស្នើរបស់ ឯកឧត្តមសាយ សំអាល់ ចំពោះការវាយតម្លៃហេតុប៉ះពាល់បរិស្ថានមុនការអភិវឌ្ឍព្រោះថាការវាយតម្លៃនេះនឹងធ្វើឱ្យមើលឃើញពីភាពវិជ្ជមាន និងភាពអវិជ្ជមានចំពោះគម្រោងអភិវឌ្ឍន៍៕