ឯកឧត្តម កែវ រ៉េមី ប្រកាសបញ្ចូលសមាជិកថ្មីបក្សប្រជាជន ឃុំកំពង់ព្រៀង និងឃុំរការចំនួន ៥៧នាក់ ក្នុងនោះមានមកពីអតីតគណបក្សសង្គ្រោះជាតិ


ឯកឧត្តម កែវ រ៉េមី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរកា និងឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្ស និងប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា នៅឃុំកំពង់ព្រៀងចំនួន ៤៣នាក់ និងនៅឃុំរកា ចំនួន១៤នាក់ ដែលមកពីគណបក្សខ្មែរស្រលាញ់ជាតិ និងអតីតគណបក្សសង្គ្រោះជាតិ។

ថ្លែងក្នុងពិធីសំណេះសំណាល ឯកឧត្តម កែវ រ៉េមី បានពាំនាំនូវការសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះសមាជិក សមាជិកាបក្សឃុំកំពង់ព្រៀង និងឃុំរកា និងថ្លែងអំណរគុណដល់សមាជិកបក្សទាំងអស់ ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម កែវ រ៉េមី បានសម្ដែងការសាទរ និងស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះបងប្អូនមកពីគណបក្សនានា ដែលសុំមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងយុវជនដែលជាសមាជិកថ្មីរបស់បក្ស។

ឯកឧត្តមបានលើកឡើងថា ការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ព្រោះគណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេស​ និងប្រជាពលរដ្ឋពីរបបខ្មែរក្រហម បាននាំមកនូវសន្តិភាពពេញលេញនៅទូទាំងផ្ទៃប្រទេស និងតែងតែនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។

លើសពីនេះរាជរដ្ឋាភិបាលដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា បាននាំមកនូវកិត្យានុភាពជាតិ លើកឆាកអន្តរជាតិ ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជីវភាពប្រជាពលរដ្ឋមានភាពល្អប្រសើរឡើង ហើយជាពិសេសថ្មីៗនេះ វិធានការប្រយុទ្ធប្រឆាំងកូវីដ១៩ ការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ និងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ​លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានធ្វើឱ្យប្រជាជនខ្មែរគ្រប់រូបមានការសាទរពេញចិត្ត និងមោទកភាពជាខ្លាំង។

ឯកឧត្តម កែវ រ៉េមី ​បានផ្តាំផ្ញើឱ្យអញ្ជើញទៅបោះឆ្នោតជាតិទាំងអស់គ្នា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា​ ឆ្នាំ២០២៣ ខាងមុខនេះ៕