ឯកឧត្តម ប៊ុន សំបូរ រំលឹកមេគ្រួសារបក្សនៃគណបក្សប្រជាជនកម្ពុជា ជំរុញ និងដឹកនាំសមាជិកគ្រួសារទៅបោះឆ្នោតឲ្យបានគ្រប់គ្នា នៅថ្ងៃទី២៣ កក្កដា ២០២៣


ឯកឧត្តម ប៊ុន សំបូរ សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី រំលឹកមេគ្រួសារបក្សនៃគណបក្សប្រជាជនកម្ពុជា សូមជំរុញ និងដឹកនាំសមាជិក ក្នុងក្រុមគ្រួសារទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់គ្នានាថ្ងៃបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ២០២៣ ខាងមុខនេះ។

ឯកឧត្តម ប៊ុន សំបូរ លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយមេគ្រួសារបក្ស នៃគណបក្សប្រជាជនកម្ពុជាចំនួន ២០៤៥ នាក់នៅទូទាំងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ទី ១១ ខែ មិថុនា ឆ្នាំ២០២៣ នេះ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ប៊ុន សំបូរ បានមានប្រសាសន៍ពាំនាំបណ្តាំសាកសួរទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជាទាំងអស់ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៃសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ និងបានអំពាវនាវសូមឲ្យមេគ្រួសារបក្ស នៃគណបក្សប្រជាជនកម្ពុជាដឹកនាំសមាជិក ក្នុងក្រុមគ្រួសារទាំងអស់ទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់គ្នា នាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ នាថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីធានានិរន្តរភាពនៃសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសបន្តការអភិវឌ្ឍន៍សង្កាត់បឹងធំបន្តទៀត។

ឯកឧត្តមរដ្ឋលេខាធិការក៏បានជម្រាបជូនដល់អង្គពិធីដោយ បានសង្កត់ធ្ងន់ទៅលើ គ្រប់សមាជិក និងថ្នាក់ដឹកនាំភូមិ សង្គាត់ ទាំងអស់ត្រូវបំពេញ និងរៀបចំឲ្យគ្រប់សមាជិកគណបក្សត្រូវមានឯកសារគ្រប់គ្រាន់ដើម្បីបម្រើឲ្យការបោះឆ្នោតខាងមុខ និងបានជម្រាបដល់អង្គពិធីទាំងមូលអំពីសារៈសំខាន់នៃ សុខ សន្តិភាព ដែលរកបានដោយកម្រដោយសារនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។

ទន្ទឹមនេះ ឯកឧត្តមក៏បានជម្រាបអំពីភាពជោគជ័យនៃការទប់ស្តាត់ និងការគ្រប់គ្រងការរីករាលដាលនៃជម្ងឺកូវីត ១៩ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមេបញ្ជាការជួរមុខក្នុងការអនុវត្តយុទ្ធសាស្រ្ត ចាក់ស្រោចវ៉ាក់សាំងដើម្បីធានាបាននូវភាពស៊ាំក្នុងសហគមន៍ ធ្វើឲ្យកម្ពុជាអាចបើកដំណើរប្រក្រតីភាព នៃសង្គមឡើងវិញ ដែលនាំឲ្យវិស័យសេដ្ឋកិច្ចបានដំណើរការ ហើយជាពិសេសជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមកន្លងទៅនេះធ្វើឲ្យកម្ពុជាមានមោទនៈភាព និងការទទួលស្គាល់ថាការរៀបចំបានល្អពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនប្រេជាពលរដ្ឋទាំងអស់ សូមគោរពតាមគោលការណ៍ច្បាប់ និងការណែនាំនានា នៃវិធានការណ៏ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិត របួស និងការខាងបង់ទ្រព្យសម្បត្តិនានាផងដែរ។

ក្នុងពិធីសំណេះសំណាលជាមួយមេគ្រួសារបក្សនាព្រឹកកនេះឯកឧត្តម ប៊ុន សំបូរ ព្រមទាំងក្រុមគ្រួសារ និងសប្បុរសជននានាក៏បានផ្តល់ជូនដល់គ្រប់មេគ្រួសារបក្សនូវ ថវិកា ១ ម៉ឺនរៀល សារុង ១ រួមជាមួយការចាប់ឆ្នោតផ្សងសំណាង ដែលមានរង្វាន់ កង់ចំនួន ១០០ គ្រឿង កង្ហារ ឆ្នាំងដាំបាយ ឆ្នាំងដែកឈុត ចានស្រាក់ ចង្ក្រានហ្គាស ធុងទឹកកក សម្លៀកបំពាក់ និងស្រោមដៃសម្រាប់មណ្ឌលសុខភាពមួយចំនួនធំថែមទៀតផងដែរ៕