លោក ស្វាយ ស៊ីថា ចាត់ទុកថាការធានាបាននូវសុខសន្តិភាព គឺជាឱកាសមាសក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន


លោក ស្វាយ ស៊ីថា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ បានជំរុញ និងលើកទឹកចិត្តអោយប្រជាពលរដ្ឋទាំងអស់គ្នាត្រូវចូលរួមការពារ ថែរក្សាឲ្យបានជាដាច់ខាតនូវតម្លៃនៃសុខសន្តិភាព ដែលជាឱកាសមាសនេះឲ្យបានស្ថិតស្ថេរគង់វង្ស ទើបអាចធានាបាននូវឧត្តមប្រយោជន៍ និងការអភិវឌ្ឍកាន់តែរីកចម្រើនថែមទៀតជូនប្រជាជាតិនិងប្រជាជន។

លោក ស្វាយ ស៊ីថា ក្នុងនាមលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ ជាពិសេសក្នុងនាម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ដូចនេះ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយសមាជិក សមាជីកាក្រុមប្រឹក្សាឃុំរបស់គណបក្សប្រជាជនកម្ពុជា និងក្រុមបក្ស រួមទាំងក្រុមការងារថ្នាក់ជាតិនាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ ដើម្បីត្រួតពិនិត្យការងារ និងជំរុញឲ្យមន្ត្រីមូលដ្ឋានបន្តខិតខំយកចិត្តទុកដាក់បន្ថែមទៀតក្នុងការធ្វេីអំពេីល្អបំរើ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ។

លោក ស្វាយ ស៊ីថា បានមានប្រសាសន៍ថា យោងលើលទ្ធផលដ៏ល្អប្រសើរដែលគណបក្សប្រជាជនកម្ពុជាបានកើនឡើងនូវសំឡេងឆ្នោតគាំទ្រពីប្រជាពលរដ្ឋកាលពីពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលកន្លងទៅថ្មីៗនេះ គឺបានបញ្ជាក់យ៉ាងច្បាស់ថា ការដាក់ចេញនូវគោលនយោបាយរបស់បក្ស និងកំណែទម្រង់ស៊ីជរៅរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺជានយោបាយត្រឹមត្រូវ។ ឈរលេីទស្សនះនេះ លោក ស្វាយ ស៊ីថាក៍បានណែនាំអោយមន្ត្រីមូលដ្ឋាន ក្នុងភូមិ ឃុំគ្រប់រូប ត្រូវធ្វើសកម្មភាពជាក់ស្តែងបន្ថែមទៀតឲ្យបានខ្លាំងក្លា ដើម្បីបំរើប្រជាពលរដ្ឋ និងចូលរួមដោះស្រាយសំណូមពរ បញ្ហាប្រឈម និង កង្វល់នានាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ទើបធានាបាននូវផ្លែផ្កានៃសន្តិភាព និងការអភិវឌ្ឍកាន់តែរីកចម្រើន។

លោក ចាន់ សុខន ប្រធានក្រុមប្រឹក្សាឃុំកុមាររាជារបស់គណបក្សប្រជាជនកម្ពុជាក៏បានឡើងថ្លែងក្នុងឱកាសនោះដែរថា មន្ត្រីរបស់លោកនឹងប្តេជ្ញាធានាការផ្តល់សេវាសាធារណៈឲ្យបានទាន់ពេលវេលានិងបានល្អប្រសើរ ។ លោកមេឃុំ ក៍បានបញ្ជាក់ថែមទៀតថា ដើម្បីអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក្នុងឃុំកុមាររាជាបានចាត់តាំងកម្លាំងសមត្ថកិច្ចប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដែលក្តីកង្វល់របស់ប្រជាពលរដ្ឋលើបញ្ហាបងតូចបងធំ ចោរកម្ម និងការប្រើប្រាស់ ជួញដូរគ្រឿងញៀនក្នុងមូលដ្ឋាន ត្រូវបានកាត់បន្ថយ បង្ក្រាប និងទប់ស្កាត់បានទាន់វេលា។ ដេីម្បីឆ្លើយតបនឹងតម្រូវការនេះដែរ លោក ស្វាយ ស៊ីថា ក៏បានឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួនចំនួន១លានរៀល សម្រាប់បំពាក់សម្ភារៈវិទ្យុទាក់ទង ដើម្បីបង្កើននូវប្រសិទ្ធភាពការងារ។ ជាងនេះទៅទៀតលោក ចាន់ សុខន ដែលជាប្រធានក្រុមប្រឹក្សាឃុំថ្មីក៏បានប្តេជ្ញាចិត្តក្នុងការការពារបរិយាកាសក្នុងមូលដ្ឋានអោយបានកាន់តែល្អប្រសេីរដើម្បីធានាអោយបាននូវសុវត្តិភាពនិងសេចក្តីសុខរបស់ប្រជាពលរដ្ឋផង និងក៏ដើម្បីជាគ្រឹះនៃដំណើរការរៀបចំការបោះឆ្នោតឆ្នាំ ២០១៨នាពេលខាងមុខផងដែរ។

ជាថ្មីម្តងទៀត លោក ស្វាយ ស៊ីថា ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាបានបន្តដឹកនាំក្រុមប្រឹក្សាឃុំ ដើម្បីបន្តការអភិវឌ្ឍ ក៏ដូចជាការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋក្នុងមូលដ្ធានបន្តទៀត។ ជាមួយគ្នានេះដែរ លោក ស្វាយ ស៊ីថា ក៏បានឲ្យដឹងដែរថា ក្រុមការងារថ្នាក់ជាតិ នឹងសហការជាមួយក្រុមប្រឹក្សាឃុំ ក្នុងការប្រឹងប្រែងស្វែងរកអាហាររូបករណ៍ជូនដល់សិស្សក្រីក្រដើម្បីបានបន្តការសិក្សានៅសកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនមួយចំនួន ក្នុងគោលបំណងជួយដល់ក្មួយៗសិស្សានុសិស្សបានទទួលនូវចំណេះដឹង ចំណេះធ្វើ និងមុខជំនាញផ្សេងៗ ដើម្បីអនាគតរុងរឿងល្អប្រសើរផងដែរ។

បន្ទាប់មកក្រុមការងារ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ យុវជន ប្រជាការពារ និងតំណាងសមាជិកក្រុមបក្សទាំង១៣ភូមិក្នុងឃុំ បានជួបជំុពិសារអាហារសាមគ្គីរួមគ្នាជាមួយប្រជាពលរដ្ឋ ក្នុងបរិយាកាសសប្បាយរីករាយ ស្និទ្ធស្នាល និងភាតរះបំផុត៕