កម្ពុជាពង្រឹងអភិបាលកិច្ចលើកិច្ចការពារអតិថិជន សម្រាប់អគ្គនាយក និងភាគទុនិក ឬក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ


(ភ្នំពេញ)៖ សមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា (CAFT) និងអង្គការ CERISE+SPTF ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា (NBC) និង Luxembourg Aid & Development បានបើកដំណើរការកម្មវិធីបណ្តុះបណ្តាលដល់អគ្គនាយក និងភាគទុនិក ឬក្រុមប្រឹក្សាភិបាល ស្តីពីសារៈសំខាន់ និងតួនាទីអភិបាលកិច្ច ក្នុងការធានានូវការអនុវត្តកិច្ចការពារអតិថិជន ប្រកបដោយប្រសិទ្ធភាព នៅគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ (BFI)។

វគ្គបណ្តុះបណ្តាល ដែលធ្វើឡើងកាលពីថ្ងៃទី១៤ ខែមិថុនា ​គឺជាវគ្គបណ្តុះបណ្តាលដំបូងមិនធ្លាប់មាន ដែលតម្រូវឱ្យថ្នាក់ដឹកនាំជាន់ខ្ពស់បំផុត របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ចូលររួម ក្នុងកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីធានាបាននូវកិច្ចការពារអតិថិជននៅ​កម្ពុជា។

អគ្គនាយក និងយ៉ាងហោចណាស់ភាគទុនិក ឬក្រុមប្រឹក្សាភិបាលម្នាក់ របស់គ្រឹះស្ថានហិរញ្ញវត្ថុ តម្រូវឱ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលរយៈពេលពេញមួយថ្ងៃ ដើម្បីពិនិត្យមើលតួនាទីរបស់ក្រុមប្រឹក្សាភិបាល និងថ្នាក់គ្រប់គ្រងជាន់ខ្ពស់ក្នុងការធានាថា ការអនុវត្តកិច្ចការពារអតិថិជនត្រូវបានដាក់បញ្ចូល និងធានាបាននូវនិរន្តរភាពនៅតាមគ្រឹះស្ថានរបស់ខ្លួន។ វគ្គបណ្តុះបណ្តាលនេះក៏បានរំលេចឡើងផងដែរ អំពីទិដ្ឋភាពជាក់លាក់នៃស្តង់ដារកិច្ចការពារអតិថិជនសកល ទាក់ទងនឹងអភិបាលកិច្ច និងក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលផ្តួចផ្តើមឡើងដោយសមាគមធនាគារនៅកម្ពុជា និងសមាគមីក្រូហិរញ្ញវត្ថុកម្ពុជា។

ថ្លែងក្នុងពិធីបើកដំណើរការវគ្គបណ្តុះបណ្តាល នៅឯមណ្ឌលសិក្សាបច្ចេកទេសធនាគារ (CBS) លោក Nitin MADAN នាយកផ្នែកបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវប្រចាំតំបន់អាស៊ីអាគ្នេយ៍ (RIFF-SEA) នៃអង្គការ Social Performance Task Force (SPTF) បានមានប្រសាសន៍ថា៖ «នៅអង្គការ CERISE+SPTF យើងជឿជាក់ថា អភិបាលកិច្ចសាជីវកម្ម គឺជាចំណុចស្នូលក្នុងការធានាថា កិច្ចការពារអតិថិជនពិតជាមានសារៈសំខាន់ ហើយគុណតម្លៃរបស់ភាគទុនិកត្រូវបានការពារ។ បរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងកិច្ចការពារអតិថិជន មិនមែនជាសកម្មភាពដាំដើមឈើចំនួន ១ ០០០ ដើមនោះទេ តែយើងកំពុងនិយាយអំពីរបៀបដែលប្រតិបត្តិការអាជីវកម្មផ្តោតលើអតិថិជន»

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា៖ «យើងជឿជាក់ថា កម្មវិធីបណ្តុះបណ្តាលសម្រាប់អគ្គនាយក និងភាគទុនិក ឬក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនេះ នឹងជួយឱ្យសម្រេចបាននូវការរំពឹងទុករបស់យើងឆ្ពោះទៅរកតួនាទីអភិបាលកិច្ចសំខាន់ៗ ដែលផ្តល់លទ្ធភាពដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃស្តង់ដារការពារអតិថិជន (Client Protection Pathway) និងការអនុវត្តនានាក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ»

លោក Raymond SIA ប្រធានសមាគមធនាគារនៅកម្ពុជា បានកត់សម្គាល់ថា វគ្គបណ្តុះបណ្តាលនេះ បង្ហាញពីសញ្ញាវិជ្ជមានដល់វិស័យធនាគារ វិនិយោគិន ភាគីពាក់ព័ន្ធ និងសាធារណជន អំពីការប្តេជ្ញាចិត្តរបស់សមាជិកនៃសមាគមធនាគារនៅកម្ពុជា ក្នុងការអនុវត្តអភិបាលកិច្ចសាជីវកម្មល្អតាមរយៈការអនុវត្តក្រមប្រតិបត្តិ ដែលមាននៅក្នុងគោលនយោបាយ និងនីតិវិធីរបស់សមាជិកទាំងអស់នោះ។

លោក Raymond បានមានប្រសាសន៍បន្ថែមថា៖ «វគ្គបណ្តុះបណ្តាលនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមក្នុងការពង្រឹងការរួបរួមគ្នា និងការកសាងទំនុកចិត្តនៅក្នុងវិស័យធនាគាររបស់យើង»

​លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាន៍ថា គំនិតផ្តួចផ្តើមនេះ បានលើកទឹកចិត្តដល់អគ្គនាយ និងភាគទុនិក ឬក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឱ្យយល់កាន់តែច្បាស់ និងទទួលស្គាល់តួនាទីរបស់ខ្លួនក្នុងការធានាដល់កិច្ចការពារអ្នកប្រើប្រាស់ និងការត្រួតពិនិត្យការអនុវត្តទីផ្សារក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ហើយក៏បានចាត់ទុកបញ្ហា
សំខាន់ៗទាំងនេះថា វាចាំបាច់ត្រូវដាក់បញ្ចូលទៅក្នុងយុទ្ធសាស្ត្រ និងគោលនយោបាយរបស់គ្រឹះស្ថាននីមួយៗ។

​លោកបានគូសបញ្ជាក់ថា៖ «តួនាទីរបស់ភាគទុនិក និងថ្នាក់គ្រប់គ្រងកំពូលរបស់គ្រឹះស្ថាន មានសារៈសំខាន់ណាស់ក្នុងការធានាបាននូវកិច្ចការពារអ្នកប្រើប្រាស់ និងប្រតិបត្តិទីផ្សារ»

លោកបានបន្ថែមថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវតែរក្សាអភិបាលកិច្ចល្អនិងប្រកបដោយប្រសិទ្ធភាពជានិច្ច ដើម្បីធានាបាននូវក្រមសីលធម៌អាជីវកម្ម វិជ្ជាជីវៈ និងក្រមប្រតិបត្តិរបស់ខ្លួន ហើយធានាថា ផលិតផលនិងសេវាកម្មទាំងអស់ត្រូវបានបង្កើតឡើង ឱ្យស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់ ហើយការពេញចិត្តរបស់អ្នកប្រើប្រាស់តែងតែជាអាទិភាពសម្រាប់គ្រឹះស្ថានក្នុងការរចនា និងអភិវឌ្ឍផលិតផលនិងសេវាកម្មរបស់ពួកគេ។

លោកមានប្រសាសន៍ថា ធនាគារជាតិនៃកម្ពុជា «សូមលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ បន្តអនុលោមតាមច្បាប់និងបទប្បញ្ញត្តិ ដោយអនុវត្តនូវរាល់គំនិតផ្តួចផ្តើមពីសមាគមនានា ដូចជាគោលការណ៍ស្តីពីការផ្តល់ឥណទាន (Lending Guidelines) ក្រមប្រតិបត្តិនៃការផ្តល់កម្ចីប្រកបដោយសមធម៌ (Code of Equitable Lending) ក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ (BFI’s Code of Conduct) និងចៀសវាងការធ្វើអាជីវកម្មដែលគ្មានក្រមសីលធម៌ណាមួយដែលប៉ះពាល់ដល់អត្ថប្រយោជន៍របស់អតិថិជន»។

សូមបញ្ជាក់ថា ពិធីបើកកម្មវិធីបណ្តុះបណ្តាលស្តីពីសារៈសំខាន់និងតួនាទីនៃអភិបាលកិច្ចរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការធានានូវការអនុវត្តកិច្ចការពារអតិថិជនប្រកបដោយប្រសិទ្ធភាព មានការចូលរួមពីអគ្គនាយក ភាគទុនិក ក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងនិយតករជាង ១០០នាក់។ វគ្គបណ្តុះបណ្តាលចំនួន៨ នឹងត្រូវធ្វើឡើងនៅឆ្នាំ២០២៣នេះ ហើយនឹងមានវគ្គបណ្តុះបណ្តាលបន្ថែមទៀតនៅឆ្នាំ២០២៤៕