រដ្ឋមន្ត្រីទេសចរណ៍ គ្រោងស្នើរាជរដ្ឋាភិបាលសុំទុកអាកាសយានដ្ឋានអន្តរជាតិចាស់នៅសៀមរាប ធ្វើជាសាលសន្និសីទ និងពិព័រណ៍អន្តរជាតិ


ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានផ្ដល់អនុសាសន៍ឱ្យអង្គសន្និបាតក្រសួងទេសចរណ៍លើកសំណើគោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំទុកអាកាសយានដ្ឋានអន្តរជាតិចាស់នៅខេត្តសៀមរាប ធ្វើជាសាលសន្និសីទ និងពិព័រណ៍អន្តរជាតិ ព្រមទាំងអាចពិនិត្យលទ្ធភាពសាងសង់ពហុកីឡដ្ឋានមួយនៅទីតាំងសមស្របណាមួយ។

ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន គឺនៅពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆមាសទី២ ឆ្នាំ២០២២ ឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣-២០២៤។ សន្និបាទនេះធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

នាឱកាសនោះ លោករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ឱ្យអង្គសន្និបាតក្រសួងទេសចរណ៍លើកសំណើគោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំទុកអាកាសយានដ្ឋានអន្តរជាតិចាស់នៅខេត្តសៀមរាប ធ្វើជាសាលសន្និសីទ និងពិព័រណ៍អន្តរជាតិ ក្រោយពេលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរដាក់ឱ្យដំណើរជាផ្លូវការ។

លោករដ្ឋមន្ត្រីក៏បានផ្ដល់អនុសាសន៍ឱ្យអង្គសន្និបាតក្រសួងទេសចរណ៍លើកសំណើគោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យលទ្ធភាពសាងសង់ពហុកីឡដ្ឋានមួយនៅទីតាំងក្បែរនោះ ឬទីតាំងសមស្របណាមួយ ដើម្បីបង្កើនផលិតផលទេសចរណ៍ រៀបចំព្រឹត្តិការណ៍ទេសចរណ៍ រួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរទៅកាន់ខេត្តសៀមរាប។

បើតាមការគ្រោងទុក នាខែតុលា ឆ្នាំ២០២៣ខាងមុខនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនឹងត្រូវបើកដំណើរការជាផ្លូវហើយ។ អាកាសយានដ្ឋានថ្មីនេះបានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd ហៅកាត់ AIAI ក្រោមទុនវិនិយោគប្រមាណ៨៨០លានដុល្លារ។ អាកាសយានដ្ឋានអន្តរជាតិនេះដែរលាតសន្ធឹងលើផ្ទៃដីប្រមាណ៧០០ហិកតា ស្ថិតនៅស្រុកសូត្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីទីប្រជុំជនក្រុងសៀមរាប និងចម្ងាយ៤០គីឡូម៉ែត្រពីរមណីយដ្ឋានបេតិកភណ្ឌអង្គរ៕