ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្ពោធដាក់ឱ្យប្រើប្រាស់អគារមណ្ឌលសុខភាព និងសមិទ្ធផលនានាក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំសំរោងធំ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បានសម្ពោធដាក់ឱ្យប្រើប្រាស់អគារមណ្ឌលសុខភាពសំរោងធំ និងសមិទ្ធផលនានាក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា សមិទ្ធផលជាច្រើនដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាសមិទ្ធផលថ្មី បន្ថែមលើសមិទ្ធផលនានារបស់ស្រុកកៀនស្វាយ ដែលត្រូវបានសាងសង់ជាបន្តបន្ទាប់ សំដៅលើកកម្ពស់សោភ័ណភាព ផាសុកភាព និងជីវភាពរស់នៅ ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទូទៅ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបញ្ជាក់បន្ថែមថា សមិទ្ធផលទាំងនេះ គឺជាសក្ខីភាពនៃការរីកចម្រើនឥតឈប់ឈររបស់កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បាននាំមកជូនប្រទេសជាតិ និង ប្រជាជនកម្ពុជាយើង តាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលមកទល់ពេលនេះមានរយៈពេល២៥ឆ្នាំហើយ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបញ្ជាក់ថា នយោបាយឈ្នះ-ឈ្នះបានជួយឱ្យប្រទេសជាតិរួចផុតពីសង្គ្រាមរ៉ាំរ៉ៃ ដែលបានអូសបន្លាយជាច្រើនទសវត្ស និងបាននាំមកនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គមល្អ ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដូច្នោះយើងទាំងអស់គ្នាត្រូវអរគុណសន្តិភាព ស្រឡាញ់សន្តិភាព និងត្រូវរួមគ្នារក្សាសុខសន្តិភាពជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍជាបន្តបន្ទាប់ទៀត។

ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលខេត្តកណ្ដាលស្ដីទី បានជម្រាបថា សមិទ្ធផលរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលត្រូវបានដាក់សម្ពោធនាឱកាសនេះរួមមាន៖ អគារផ្នែកពិនិត្យជំងឺកុមារ១ខ្នង មានទំហំ ១៥.៨ម៉ែត្រ x៦.៤ម៉ែត្រ របងមណ្ឌលសុខភាពឃុំប្រវែង១១២.៥ម៉ែត្រ បន្ទប់ទឹកចំនួន៣ គ្រែពេទ្យចំនួន៥។ លុបស្រះទឹកទល់មុខអគារមណ្ឌលសុខភាពចាស់ ទំហំ៦៨.៥ម៉ែត្រ x ៣២.៥ម៉ែត។ អគារមណ្ឌលសុខភាពសំរោងធំ ទំហំ៣៦.៥ម៉ែត្រ x ៨.៨៥ម៉ែត្រ កម្ពស់២ជាន់ មាន១២បន្ទប់ ដោយមានបំពាក់បរិក្ខារ។ ផ្លូវលំក្នុងឃុំចំនួន៣២ខ្សែ ប្រវែងសរុប១០,៣៧៤ម៉ែត្រ និងស្ថាបនាលូដោះទឹកចំនួន៨ខ្សែ ប្រវែងសរុប១,៨៧៧ម៉ែត្រ៕