អភិបាលខេត្តកំពត៖ អតីតយុទ្ធជនមានគុណបំណាច់ដ៏ធំធេងក្នុងការស្វែងរកសុខសន្តិភាពជាមួយសម្តេចតេជោ ដូច្នេះអាជ្ញាធរត្រូវយកចិត្តទុកដាក់បម្រើថែទាំ និងមិនត្រូវភ្លេចគុណពួកគាត់ឡើយ


ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានលើកឡើងថា អតីតយុទ្ធជនមានគុណបំណាច់ដ៏ធំធេងក្នុងការស្វែងរកសុខសន្តិភាពជាមួយសម្តេចតេជោ ហើយពួកគាត់បានលះបង់សាច់ស្រស់ឈាមស្រស់ កាយសម្បទាក្នុងការចូលរួមជាមួយសម្តេចតេជោ ដើម្បីទាមទារយកមកនូវសុខសន្តិភាពជូនជាតិជូនប្រជាជន ដូច្នេះអាជ្ញាធរត្រូវយកចិត្តទុកដាក់បម្រើថែទាំ និងមិនត្រូវភ្លេចគុណពួកគាត់ឡើយ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងអាជ្ញាធរមូលដ្ឋានមកពីឃុំចំនួន៣ គឺតេជោអភិវឌ្ឍន៍ ឃុំត្រពាំងភ្លាំង និងឃុំតាកែន ក្នុងស្រុកឈូក ខេត្តកំពត នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។

ទន្ទឹមនេះ ឯកឧត្តម ម៉ៅ ធនិន បានគូសបញ្ជាក់ថា អតីតយុទ្ធជនគឺជាអ្នកដែលមានគុណបំណាច់ដ៏ធំធេងក្នុងការចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងការទាមទារយកមកវិញនូវសុខសន្តិភាពពីរបបប្រល័យពូជសាសន៍ ពល ពត។ ហើយក្រោយពីប្រទេសជាតិមានសន្តិភាពពេញលេញ សម្តេចតេជោតែងតែគិតគូជានិច្ចចំពោះគុណបំណាចរបស់ពួកគាត់ ដោយបានផ្តល់នូវអ្វីគ្រប់យ៉ាង ដើម្បីតបស្នងសងគុណដល់អតីតយុទ្ធជនពលី និងពិការ។

ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានក្នុងឃុំទាំង៣ខាងលើ ត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់បម្រើអតីតយុទ្ធជនឱ្យអស់ពីលទ្ធភាព ត្រូវស្គាល់សុខ ស្គាល់ទុក្ខ របស់ពួកគាត់។ ក្នុងនាមជាអ្នកមានតួនាទី ដែលរាជរដ្ឋាភិបាល គណបក្សបានផ្តល់ឱ្យ គឺយើងត្រូវតែបំរើពលរដ្ឋដោយមានទំនួលខុសត្រូវ ស្គាល់ខុស ស្គាល់ត្រូវ មានសីលធម៌ល្អ ហើយរួមសុខទុក្ខជាមួយប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលឯកឧត្តមអភិបាលខេត្តកំពតបានចុះមកជួបសំណេះសំណាលជាមួយអតីតយុទ្ធជនក្នុងស្រុកឈូក ដែលមានអតីតយុទ្ធជនចូលរួមប្រមាណជាង៨០០នាក់។ ក្នុងពិធីនេះដែរ ឯកឧត្តមអភិបាលខេត្តក៏បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្តល់ជូនដល់អតីតយុទ្ធជនដែលបានចូលរួម ក្នុងម្នាក់ៗទទួលបានអង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ និងសារុង១ផងដែរ៕