សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យពន្លឿនការបង្កើតតុលាការពាណិជ្ជកម្ម ឱ្យបាននៅអាណត្តិក្រោយ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានជំរុញឱ្យក្រសួងយុត្តិធម៌ និងភាគីពាក់ព័ន្ធ ពន្លឿនការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីតុលាការពាណិជ្ជកម្ម ដើម្បីធ្វើយ៉ាងណាឱ្យតុលាការដោះស្រាយវិវាទពាណិជ្ជកម្មនេះ អាចលេចរូបរាងឡើង នៅអាណត្តិក្រោយ (នីតិកាលទី៧)។

ការជំរុញនេះ ធ្វើឡើងក្នុងឱកាសសម្តេចតេជោ អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ «អគារសាលាយុត្តិធម្ម» នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «គប្បីពន្លឿនច្បាប់ទាក់ទិនជាមួយនឹងតុលាការពាណិជ្ជកម្ម ព្រោះឥឡូវនេះ បញ្ហាកាន់តែធំ កាន់តែច្រើន។ យើងកំពុងតែអភិវឌ្ឍន៍ប្រទេសមួយ ដោយពង្រឹងនូវការជឿជាក់របស់ធុរជន សម្រាប់ការធ្វើធុរកិច្ចនៅកម្ពុជា ដូច្នេះខ្ញុំសុំស្នើថា គួរតែខិតខំជំរុញឱ្យចេញនៅក្នុងនីតិកាលខាងមុខនេះ នូវច្បាប់ស្តីអំពីតុលាការពាណិជ្ជកម្ម រៀបចំបង្កើតឡើងតុលាការពាណិជ្ជកម្ម ដើម្បីកាត់ក្តីទៅលើរឿងពាណិជ្ជកម្ម ឥឡូវតុលាការមួយថ្នាក់ យើងកាត់គ្រប់រឿង អីចឹងទេយើងត្រូវមានតុលាការឯកទេស»

កាលពីចុងឆ្នាំ២០២២កន្លងទៅ ក្រសួងយុត្តិធម៌រំពឹងថា តុលាការពាណិជ្ជកម្មនឹងអាចបង្កើតឡើងនៅឆ្នាំ ២០២៣នេះ។

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការរៀបចំដំណើរការ តុលាការពាណិជ្ជកម្ម ធ្លាប់បានបញ្ជាក់ថា ការបង្កើតតុលាការឯកទេសមួយនេះ ក៏ដើម្បីបង្កើនជំនឿទុកចិត្ដ ពីអ្នកវិនិយោគ តាមរយៈបង្កើនគុណភាពនៃសេវា ក្នុងការដោះស្រាយសំណុំរឿងក្ដី ទៅតាមជំនាញនីមួយៗ ដែលចូលរួមកាត់បន្ថយការកកស្ទះសំណុំរឿងតុលាការ តាមរយៈដំណើរការនីតិវិធីបានលឿនជាងមុន។

ឯកឧត្តមលើកឡើងទៀតថា ការដាក់ឲ្យដំណើរការតុលាការពាណិជ្ជកម្មនេះ គឺជំហ៊ានដំបូងធ្វើឡើងនៅរាជធានីភ្នំពេញ ហើយក្នុងនោះមានទាំងសាលាដំបូង និងសាលាឧទ្ធរណ៍នៅជាមួយគ្នាតែម្ដង។ ជំហ៊ានបន្ទាប់អាចគ្រោងបង្កើតនៅខេត្តព្រះសីហនុ ហើយជាពិសេសនៅតំបន់ណា ដែលមានការធ្វើពាណិជ្ជកម្មច្រើន។

សូមរំលឹកថា ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចបង្កើតគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម តាមរយៈលិខិតលេខ ០៣ កយ.សសរ/២១ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។

គណៈកម្មការនេះដឹកនាំដោយឯកឧត្តម ជីវ សុងហាក់ មានតួនាទីជាអាទិ៍ រួមមាន ការរៀបចំរាល់លិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងការដាក់ឲ្យដំណើរការតុលាការពាណិជ្ជកម្ម នៅតាមសាលាជម្រះក្តីជាន់ទាប និងសភាពាណិជ្ជកម្ម របស់សាលាជម្រះក្តីជាន់ខ្ពស់, សិក្សា និងការរៀបចំទីតាំងសម្រាប់តុលាការពាណិជ្ជកម្ម, ការរៀបចំបទប្បញ្ញត្តិ ស្តីពីនីតិវិធីពាណិជ្ជកម្ម និងកំណត់ប្រភេទវិវាទពាណិជ្ជកម្ម៕