សម្ដេចតេជោ ហ៊ុន សែន បង្ហាញកាលបរិច្ឆេទបង្កើតរាជរដ្ឋាភិបាល អាណត្តិទី៧ ក្នុងករណីគណបក្សប្រជាជនកម្ពុជាឈ្នះ


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានបង្ហាញនូវកាលបរិច្ឆេទក្នុងការបង្កើតរាជរដ្ឋាភិបាល អាណត្តិទី៧ ក្នុងករណីដំណើការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មិនមានការបោះឆ្នោតឡើងវិញនៅកន្លែងណាមួយទេនោះ។

ក្នុងឱកាសអញ្ជើញសម្ពោធប្រើប្រាស់ជាផ្លូវការ «អគារសាលាយុត្តិធម្ម», សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបថា ការបើកកិច្ចប្រជុំលើកដំបូងរដ្ឋសភា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ហើយថ្ងៃទី២៩ ខែសីហា ក្បាលម៉ាស៉ីនរបស់រាជរដ្ឋាភិបាលថ្មី នឹងស្បថចូលកាន់តំណែង។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្នុងករណីនៃការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ មិនមានការបោះឆ្នោតឡើងវិញនៅកន្លែងណាមួយទេ […] តាមការគ្រោងទុករដ្ឋសភានឹងត្រូវប្រជុំលើកដំបូង នៅថ្ងៃច័ន្ទទី២៨ ល្ងាចចូលស្បថ។ ថ្ងៃទី២៩ បង្កើតរាជរដ្ឋាភិបាលពេលព្រឹក ហើយល្ងាចចូលស្បថកាន់តំណែង។ នេះជាប្រតិទិននៃការបង្កើតរាជរដ្ឋាភិបាលថ្មី ក្រោយការបោះឆ្នោតនៅពេលខាងមុខ ក្នុងករណីគណបក្សប្រជាជនកម្ពុជាឈ្នះ»

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, កាលបរិច្ឆេទដែលកំណត់នេះក្នុងករណីគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត ប៉ុន្ដែប្រសិនបើគណបក្សផ្សេងជាអ្នកឈ្នះឆ្នោត ត្រូវសម្រេចទៅលើគណបក្សនោះ។

គួរជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយមានគណបក្សនយោបាយចូលរួមចំនួន១៨គណបក្ស ក្នុងនោះគណបក្សប្រជាជនកម្ពុជា ឈរនៅលេខរៀងចុងក្រោយគេ គឺលេខ១៨៕