ផ្លូវ៣៦ខ្សែត្រូវបានជួសជុលនិងកសាងថ្មីនៅឃុំស្រឡៅ ស្រុកតាំងគោក, ពលរដ្ឋដឹងគុណបក្សប្រជាជនដែលខិតខំជួយកសាងសមិទ្ធផលនៅមូលដ្ឋាន


ផ្លូវថ្នល់ចំនួន៣៦ខ្សែនៅមូលដ្ឋានឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ត្រូវបានជួសជុលស្តារឡើងវិញ និងសាងសង់ផ្លូវថ្មីបន្ថែមដែលមានប្រវែងសរុប១០,៥៥៧ម៉ែត្រ ដើម្បីសម្រួលការធ្វើដំណើរ ដឹកជញ្ជូន ប្រកបការងារអាជីវកម្មដោយភាពងាយស្រួលជូនប្រជាជន។

ពិធីសម្ពោធផ្លូវទាំង៣៦ខ្សែនេះធ្វើឡើងនាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅវត្តឧទម្ពរ ក្រោមអធិបតី ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ធំ។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានឱ្យដឹងថា មុនការសាងសង់ផ្លូវទាំងនេះ ពិសេសនៅរដូវវស្សាគឺផ្លូវខ្លះត្រូវជំនន់ទឹកភ្លៀងហូរកាត់ បែកភក់ រអិល ដែលធ្វើឱ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរជាខ្លាំង។

លោកអភិបាលស្រុកបានបន្តថា ដោយមើលឃើញអំពីការលំបាករបស់ប្រជាពលរដ្ឋយ៉ាងនេះហើយ ទើបលោក ថោង រដ្ឋសក្តិ ក្នុងនាមសមាជិកនៃក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំស្រឡៅ រួមទាំងអនុប្រធាន សមាជិក/សមាជិការក្រុមការងារ ក្រុមប្រឹក្សាឃុំ និងរដ្ឋបាលឃុំ បានសម្រេចជួសជុលស្តារឡើងវិញ និងសាងសង់ផ្លូវថ្មីចំនួន៣៦ខ្សែ ស្មើនឹង១០,៥៥៧ម៉ែត្រ ដោយក្នុងនោះផ្លូវដែលត្រូវជួសជុលមានចំនួន២១ខ្សែ មានប្រវែងសរុប៦,១៣៧ម៉ែត្រ និងផ្លូវដែលត្រូវសាងសង់ថ្មីមានចំនួន១៥ខ្សែ មានប្រវែងសរុប៤,៤២០ម៉ែត្រ។

លោក ថោង រដ្ឋសក្តិ ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំស្រឡៅ បានបញ្ជាក់ថា សម្រាប់ការចំណាយក្នុងការជួសជុល និងសាងសង់ផ្លូវទាំង៣៦ខ្សែ និងសមិទ្ធផលផ្សេងទៀតនោះបានចំណាយថវិកាសរុបចំនួន១៣៨,៦៣៩,០០០រៀល ដោយមានការជួយគាំទ្រពីក្រុមការងារគ្រឿងចក្ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈលោករដ្ឋមន្ត្រី ថោង ខុន។

លោក ថោង រដ្ឋសក្តិ បានបន្តថា ក្រោយពីបានជួសជុល និងកសាងផ្លូវទាំង៣៦ខ្សែបានរួចរាល់ជាស្ថាពរ ផ្លូវទាំងនេះពិតជាបានផ្តល់អត្ថប្រយោជន៍ជាច្រើនជូនដល់ប្រជាពលរដ្ឋក្នុងឃុំស្រឡៅ ក៏ដូចជាស្រុកតាំងគោកទាំងមូល ក្នុងការធ្វើដំណើរទៅវិញទៅមកពីភូមិមួយទៅភូមិមួយ ជាពិសេសចំណេញទាំងពេលវេលា និងថវិកាក្នុងការដឹកជញ្ជូនទំនិញ កសិផលផ្សេងៗ។

នាឱកាសនោះ ឯកឧត្តម ថោង ខុន បានថ្លែងថា ការណ៍ដែលក្រុមការងារមានឱកាសបានជួសជុល និងកសាងផ្លូវជូនប្រជាពលរដ្ឋធ្វើដំណើរ ដឹកជញ្ជូន និងប្រកបការងារអាជីវកម្មដោយភាពងាយស្រួលសុខសាន្តនេះ ក៏ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍ ដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សម្ដេចតេជោ និងរាជរដ្ឋាភិបាលលតែងតែគិតគូរចំពោះការរស់នៅរបស់ប្រជាពលរដ្ឋជាចាំបាច់។

ឯកឧត្តមរដ្ឋមន្ត្រីបានពន្យល់អំពីមាគ៌ានយោបាយដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជាដែលបានប្រកាន់សន្តិភាពជាធំ និងអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាការពារសន្តិភាព និងសមិទ្ធផលដែលរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនបានខិតខំកសាងកន្លងមកក្ដី ពេលបច្ចុប្បន្នក្ដី និងចូលរួមចំណែកក្នុងការកសាងនៅពេលខាងមុខទៀត ដើម្បីឱ្យមូលដ្ឋានមានសមិទ្ធផលគាំទ្រប្រកបដោយភាពសម្បូរបែប។

ឯកឧត្តម ថោង ខុន បានស្នើដល់ប្រជាពលរដ្ឋកុំជឿតាមការញុះញង់បំបែកបំបាក់របស់ក្រុមប្រឆាំង ឬក្រុមអគតិមួយចំនួនតូច ដែលផ្សព្វផ្សាយបំភ្លៃវាយប្រហារមកលើរាជរដ្ឋាភិបាល និងគណបក្សប្រជាជន។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏មិនភ្លេចអំពាវនាវដល់ប្រជាពលរដ្ឋសូមត្រៀមខ្លួនទៅចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលំដាប់លេខរៀងទី១៨ ដើម្បីគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ពិសេសដើម្បីចូលរួមរក្សាការពារសន្តិភាពបន្តទៀត ព្រោះសន្តិភាពជាកត្តាដ៏សំខាន់នាំប្រទេសជាតិទៅរកការអភិវឌ្ឍ៕