ទីលានទុកដាក់សំរាមតម្លៃជាង ៤លានដុល្លារក្នុងខេត្តកំពង់ធំ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ


ឯកឧត្តម​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ២០២៣នេះ​ បានអញ្ជើញជាសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ និងប្រគល់ទីលានទុកដាក់សំរាម​ ខេត្តកំពង់ធំ ជូនរដ្ឋបាលខេត្តគ្រប់គ្រង និងប្រតិបត្តិការបន្ត​។

ពិធីនេះមានការចូលរួមពីឯកឧត្តម​ ងួន​ រតនៈ​ អភិបាលខេត្តកំពង់ធំ​ រួមទាំងមានអ្នកតំណាងធនាគារអភិវឌ្ឍន៍អាស៊ី លោក លោកស្រី មន្ត្រីបច្ចេកទេសពាក់ព័ន្ធ អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូប។

លើកឡើងនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល​ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាដៃគូអភិវឌ្ឍន៍មួយ តែងតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ តាមរយៈកម្ចីឥណទាន និងបានថ្លែងអំណរក្រុមហ៊ុនសាងសង់ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ជំរុញឱ្យការងារសាងសង់អាចដំណើរការ ទៅបានដោយរលូន និងបញ្ចប់តាមផែនការគ្រោងទុក។

ទន្ទឹមនឹងសមិទ្ធផលថ្មី ទីលានទុកដាក់សំរាម ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាឱកាសនេះឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីសមិទ្ធផលធំៗនានា ដែលក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមរាជរដ្ឋាភិបាល បានអនុវត្ត កំពុងអនុវត្ត និងគ្រោងអនុវត្ត។

ក្នុងនោះឯកឧត្តមក៏បានរំលេចជាពិសេស អំពីគម្រោងផ្លូវជាតិលេខ៥០សេ តភ្ជាប់ពីកំពង់ធំទៅកំពង់លែង, គម្រោងសិក្សាផ្លូវតភ្ជាប់ពីក្រចេះ មកកាន់កំពង់ធំ, គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី០៧ មិថុនា, គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ឆ្លងកាត់កំពង់ធំ ដែលបានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌរួចរាល់, គម្រោងសិក្សាផ្លូវដែកពី ប៉ោយប៉ែត-សៀមរាប-កំពង់ធំ-កំពង់ឆ្នាំង មកកាន់រាជធានីភ្នំពេញ និងបន្តទៅកាន់ក្រុងបាវិត និងភ្ជាប់ជាមួយផ្លូវដែកប្រទេសវៀតណាម, គម្រោងកំពង់ផែ និងមណ្ឌលភស្តុភារកម្ម កំពង់ឆ្នាំ និងគម្រោងព្រែកជីកហ្វូណនតេជោ ដែលទើបបានអនុម័តលើរបាយការណ៍សិក្សា សមិទ្ធិលទ្ធភាព នៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ ឧសភា កន្លងទៅ។

ជាមួយគ្នានេះឯកឧត្តមទេសរដ្ឋមន្ត្រី បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ដែលមានសិទ្ធិក្នុងការបោះឆ្នោះ សូមកុំភ្លេចចូលរួមបោះឆ្នោតទាំងអស់គ្នា សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីបន្តរួមគ្នាថែរក្សាការពារសុខសន្តិភាព និងដើម្បីបន្ត លើកកម្ពស់ ការអភិវឌ្ឍកម្រិតជីវភាព របស់បងប្អូនឱ្យកាន់តែប្រសើរឡើង និងមានភាពទំនើបជឿនលឿនជាងនេះបន្ថែមទៀត។

សូមបញ្ជាក់ដែរថា​ ទីលានទុកដាក់សំរាមនេះ មានទីតាំងស្ថិតនៅភូមិត្រពាំងឫស្សី ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជាគម្រោងមួយនៅក្នុង គម្រោងកែលម្អគ្រប់គ្រងបរិស្ថាន ក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ប្រើប្រាស់ឥណទានពីធនាគារ ADB ក្នុងការស្ថាបនា ជាមួយទំហំទឹកប្រាក់ ៤ ៦២៩ ៣៩៩ ដុល្លារអាមេរិក ចាប់ផ្តើមការសាងសង់នៅថ្ងៃទី០៧ កក្កដា ២០២១ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៨ វិច្ឆិកា ២០២២។ សាងសង់លើផ្ទៃដីទំហំ​ ១៤,៧៣ ហិកតា នៃផ្ទៃដីសរុប ១៩,៧៦ ហិកតា។ រណ្តៅទុកដាក់សំរាមមានទទឹង៨០ម៉ែត្រ បណ្តោយ១៧០ម៉ែត្រ ជម្រៅ០២ម៉ែត្រ ដែលត្រូវជា ១,៣៦ហិកតា។

តាមផែនការរណ្តៅនេះ នឹងត្រូវបំពេញសំរាមរហូតដល់កម្ពស់ ១០ម៉ែត្រ គីតពីមាត់រណ្តៅ ដែលអាចផ្ទុកបរិមាណសំរាមបានប្រមាណ ៩៧ ៨៨៦ ម៉ែត្រគូប ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់រយៈពេល២០ឆ្នាំ សម្រាប់ប្រជាជន ប្រមាណជា ៣៦ ៤៧៨នាក់​ នៅក្នុង​ ជុំវិញទីរួមខេត្តកំពង់ធំ​៕