កម្ពុជាសម្ពោធការនាំចេញអង្ករជាផ្លូវការទៅទីផ្សារហ្វីលីពីន ជាមួយនឹងផែនការនាំចេញឱ្យបាន ៣ម៉ឺនតោននៅឆ្នាំក្រោយ


ក្រសួងពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានរៀបចំពិធីសម្ពោធការនាំចេញអង្ករកម្ពុជា ទៅកាន់សាធារណរដ្ឋហ្វីលីពីនជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

អង្ករកម្ពុជាជាង ២៥០០តោន បាននាំចេញលើកដំបូងទៅកាន់ប្រទេសហ្វីលីពីន ហើយនៅពេលដ៏ខ្លីខាងមុខអង្ករ ២៥០០តោនទៀត នឹងបន្តនាំចេញទៅប្រទេសសមាជិកអាស៊ានមួយនេះ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថាកម្ពុជានឹងនាំចេញអង្ករប្រមាណ ២៥០០តោនទៀតទៅប្រទេសហ្វីលីពីន ដែលជាទីផ្សារថ្មី បន្ទាប់ពីទទួលបានជោគជ័យពីការនាំចេញលើកដំបូងក្នុងបរិមាណជាង ២៥០០តោនកាលពីខែឧសភា។

ឯកឧត្តមបានថ្លែងថា អង្ករដែលទើបបាននាំចេញក្នុងបរិមាណមិនធ្លាប់មានពីមុនមក ទៅកាន់ទីផ្សារហ្វីលីពិន គឺជាចំណុចចាប់ផ្តើម ហើយកម្ពុជានឹងឈានទៅពង្រីកទីផ្សារកាន់តែច្រើនបន្ថែមទៀត ដែលសង្ឃឹមថាឆ្នាំ ២០២៤ខាងមុខ អាចចាប់យកបាន១% នៃទីផ្សារនាំចូលអង្ករទៅកាន់ប្រទេសហ្វីលីពិន និងឈានឡើងនៅឆ្នាំបន្តបន្ទាប់ ដើម្បីឱ្យសម្រេចបាននូវការងារនេះ។

ឯកឧត្តមបន្តថា «ឆ្លងតាមរយៈកិច្ចប្រឹងប្រែងនេះ បានផ្តល់នូវមគ្គុទេសក៍ដល់ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ខិតខំបន្ថែមទៀត ស្របពេលដែលគោលនយោបាយផ្នែកនាំចូលអង្ករ របស់ប្រទេសហ្វីលីពីន បានធ្វើការកែទម្រង់នាំឱ្យឈានដល់ការចាប់ផ្តើមការនាំចេញអង្ករពីកម្ពុជា នាពេលនេះហើយយើងខ្ញុំជឿជាក់ថា នឹងបន្តកើនឡើងជាបន្តបន្ទាប់ ដែលអាចឈរជើងក្នុងទីផ្សារប្រទេសហ្វីលីពីន បានកាន់តែរឹងមាំ និងយូរអង្វែង»។

ឯកឧត្តមបានជំរុញឱ្យសហព័ន្ធស្រូវអង្ករកម្ពុជា រួមគ្នាជាមួយក្រុមហ៊ុនហ្រ្គីនត្រេដ និងអ្នកនាំចេញទាំងអស់ ត្រូវបន្តកិច្ចសហការជាប្រចាំជាមួយអ្នកនាំចូលហ្វីលីពីន លើការរួមគ្នាផ្សព្វផ្សាយអង្ករកម្ពុជា នៅទីផ្សារប្រទេសហ្វីលីពីន ដើម្បីជំរុញ និងបង្កើនតម្រូវការការកែប្រែឥរិយាបទ អតិថិជនឱ្យទទួលយកនូវអង្ករកម្ពុជាឱ្យកាន់តែច្រើន។

ជាមួយគ្នានេះ ឯកឧត្តមបានស្នើឯកអគ្គរដ្ឋទូតហ្វីលីពីន ជួយលើកទឹកចិត្តដល់អ្នកវិនិយោគ ក៏ដូចជាអ្នកនាំចូលអង្ករនៅក្នុងប្រទេសហ្វីលីពីន មកវិនិយោគ និងទទួលការនាំចូលអង្ករកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត ព្រោះថាអង្ករកម្ពុជាមានរសជាតិឆ្ងាញ់ ជាអង្ករដែលឈ្នះពានរង្វាន់ពិភពលោកចំនួន៥ដង ហើយសង្ឃឹមថាឆ្នាំនេះ អាចមានឱកាសម្តងទៀតដែលកម្មវិធី នឹងរៀបចំឡើងនៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ក្នុងខែវិច្ឆិកាខាងមុខ។

កម្ពុជាបាននាំចេញអង្ករក្នុងបរិមាណច្រើនជាលើកដំបូង ទៅកាន់ប្រទេសហ្វីលីពិន ២៥៧៥តោន ដែលធ្វើឡើងដោយក្រុមហ៊ុន ខ្មែរហ្វូដ របស់ឧកញ៉ា គឹម សាវុធ ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តដល់ក្រុមហ៊ុនផ្សេងទៀតឱ្យឆាប់សម្រេចបានដូច ក្រុមហ៊ុនខ្មែរហ្វូដ ដើម្បីជំរុញបន្ថែមនូវការនាំចេញអង្ករ ក៏ដូចជាឱ្យពិភពលោកស្គាល់នូវរសជាតិ និងគុណភាពអង្កររបស់កម្ពុជា ដែលបានជាប់កំណាត់ថ្នាក់ជាអង្ករល្អបំផុត ក្នុងពិភពលោកចំនួន៥ដង។

ឧកញ៉ា គឹម សាវុធ ប្រធានក្រុមហ៊ុនខ្មែរហ្វូដ បានថ្លែងថា ហ្វីលីពីនជាប្រទេសនាំចូលអង្ករដ៏សំខាន់មួយ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈកម្ពុជាបាននិងកំពុងផលិតស្រូវលើសរាប់លានតោន អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដែរ។

លោកបន្តថា «ដោយសារការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់គណៈប្រតិភូកម្ពុជារបស់យើង គួបផ្សំនឹងការចាប់អារម្មណ៍ខ្លាំង ពីអ្នកនាំចូលអង្ករនៅហ្វីលីពីន ខ្មែរហ្វូដ អាចនាំចេញអង្ករកម្ពុជាក្នុងបរិមាណដ៏ច្រើនជាលើកដំបូង ទៅកាន់ប្រទេសហ្វីលីពីន»។

លោកបន្ថែមថា ក្នុងចំណោមអង្ករដែលបាននាំចេញទៅកាន់ប្រទេសហ្វីលីពិន មានប្រភេទអង្ករផ្កាម្លិះក្រហមប្រមាណ ៧៥តោន និងប្រភេទអង្ករបាយទន់ប្រមាណ ២៥០០តោន។

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជាធ្លាប់នាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីនចំនួន ២ដងគត់ គឺលើកទី១ នៅឆ្នាំ២០២០ ចំនួន៣០០ តោន និងលើកទី២ ចំនួន ១០០ តោន នៅឆ្នាំ២០២១។

លោកបន្តថា ប្រទេសហ្វីលីពីន ជាប្រទេសផលិត និងនាំចូលអង្ករធំមួយនៅក្នុងពិភពលោក ដែលឈរនៅលំដាប់លេខរៀងទី៤ នៅលើពីភពលោក និងលេខរៀងទី២ បន្ទាប់ពីប្រទេសចិន នៅក្នុងទ្វីបអាស៊ី ដោយបាននាំចូលអង្ករប្រមាណជាជាង ៣លានតោន ហើយភាគច្រើនប្រទេសក្នុងអាស៊ាន ដែលមានព្រំដែនជាប់ជាមួយប្រទេសកម្ពុជា។

លោកបន្ថែមថា «ខ្ញុំជឿជាក់ថា កិច្ចព្រៀមព្រៀងដំបូងចំនួន ២ ៥៧៥ តោននេះ គឺជានិមិត្តរូបដ៏ល្អមួយនៃកិច្ចចាប់ផ្តើម ពាណិជ្ជកម្មអង្ករកម្ពុជា-ហ្វីលីពីន ដែលយើងនឹងប្រឹងប្រែងធ្វើការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត លើកិច្ចផ្សព្វផ្សាយការជំរុញទីផ្សារ និងការទាក់ទាញអតិថិជនហ្វីលីពីន ឱ្យចូលចិត្តប្រើប្រាស់ និងទទួលទានអង្ករកម្ពុជា ឱ្យកាន់តែច្រើនឡើង ហើយសហព័ន្ធស្រូវអង្ករកម្ពុជា បានដាក់គោលដៅជំរុញទីផ្សារ ដោយធ្វើយ៉ាងណាឱ្យការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន ឱ្យបានយ៉ាងតិច ១% នៃការនាំចូលអង្ករសរុបរបស់ប្រទេសហ្វីលីពីនក្នុងពេលដ៏ខ្លីខាងមុខ»

សូមជម្រាបថា ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករតាមរយៈក្រុមហ៊ុនចំនួន ៤៨ក្រុមហ៊ុនទៅកាន់គោលដៅចំនួន ៤៩ បានបរិមាណអង្ករចំនួន ២៧៨ ១៨៤ តោន ដែលគិតជាទឹកប្រាក់មានចំនួន១៩១.៦៤ លានដុល្លារ និងស្រូវចំនួន ២ ១៤២ ៤៨៣តោន (ប្រមាណជា ១.៣៧លានតោនអង្ករ) ទៅកាន់ប្រទេសជិតខាង ដែលគិតជាទឹកប្រាក់ប្រមាណជា ៥៤៥.២៦ លានដុល្លារ៕