សម្តេចតេជោ ហ៊ុន សែន៖ គ្រាន់តែលោកគ្រូ សាន សុជា មកជួបសម្តេចក៏ហាមគេដែរ ទង្វើនេះនឹងធ្វើឱ្យក្រុមប្រឆាំងកាន់តែឯកោ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ទង្វើរបស់ក្រុមប្រឆាំងជ្រុលនិយមកាន់តែឯកោទៅហើយ ដោយគ្រាន់តែសម្តេចបានអនុញ្ញាតឱ្យលោកគ្រូ សាន សុជា ចូលជួបសម្តែងការគួរ​សម ក៏ហាមគេដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះនាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោងចក្រសហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «គ្រាន់តែលោកក្មួយ សាន សុជា មកជួប ហ៊ុន សែន ទៅវាយ សាន សុជា ហើយឥលូវ សាន សុជា បានបកត្រឡប់ទៅវិញ, គ្រាន់តែគេមកជួបជាមួយ ហ៊ុន សែន ក៏ហាមគេដែរ សិទ្ធរបស់គេសោះនឹង វាជារឿងចង្រៃអីចឹង ចឹងបានជាពួកវាធ្វើទៅកាន់តែឯកោទៅៗ»

សម្តេចតេជោ ហ៊ុន សែន ក៏បានឱ្យដឹងដែរថា សម្រាប់ក្រុមជ្រុលនិយមនេះសម្តេចនឹងមិនអត់ឱនឱ្យសូម្បីតែបន្តិច ហើយនឹងធ្វើឱ្យរលំរលាយដូចអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម តែមិនសម្លាប់មនុស្សនោះទេ គឺសម្លាប់នយោបាយជ្រុលនិយមតែម្តង។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដែរថា «អ្នកណាក៏ដោយឱ្យតែមាននិន្នាការណ៍ចងសម្ព័ន្ធភាពជាមួយអាពួកជ្រុលនិយមនេះ គឺមិនទទួលបានការរាប់រកឫអត់ឱនឱ្យពីសម្តេចនោះឡើយ ហើយកុំមកសុំឱ្យ ហ៊ុន សែន លើកលែងទោស លើកលែងការចោទប្រកាន់អី គឺអត់ទេឱ្យតែខុសច្បាប់គឺដាក់យកតែម្តង»

សូមបញ្ជាក់ដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោកគ្រូ សាន សុជា ចូលជួបសម្តែងការគួរ​សមនៅគេហដ្ឋានរបស់សម្តេចក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយសារតែសម្តេចបានពេញ​ចិត្តចំពោះការផ្សព្វផ្សាយព្រះធម៌អប់រំចិត្ត របស់លោកគ្រូ សាន សុជា។ សម្តេចតេជោ ក៏បានលើកទឹកចិត្តលោកគ្រូ សាន សុជា បន្តការផ្សព្វផ្សាយព្រះអប់រំ​ចិត្ត​នេះបន្តទៅទៀត។ នៅក្នុងជំនួបនេះក៏មិនមានការជជែកអ្វីច្រើនលើសពីការសួរសុខទុក្ខ និងការជជែកពីរឿងផ្សព្វផ្សាយព្រះធម៌នោះឡើយ។

បើតាមការបញ្ជាក់ពីនាយឧត្តមសេនីយ៍ ខេង សុមេធ នៅក្នុងជំនួបរវាងសម្តេចតេជោ និងលោកគ្រូ សាន សុជា ក៏មិនមានការជជែកដល់ការផ្តល់តួនាទី ឬឋានៈអ្វីមួយដល់គ្រូលោកគ្រូ សាន សុជា ក្នុងជួររាជរដ្ឋាភិបាលនោះឡើយ៕