សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា ៣ម៉ឺនដុល្លារ ដល់ម្តាយទារិកា «ខន សែនចរណៃ» នៅក្រុងបាវិត សម្រាប់សងធនាគារដែលយកមកសង់ផ្ទះ និងប្រកាសចិញ្ចឹមរហូតដល់អាយុ៣ឆ្នាំ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឧបត្ថម្ភថវិកាចំនួន ៣ម៉ឺនដុល្លារ ដល់ម្តាយទារិកា «ខន សែនចរណៃ» ដែលសម្រាលនៅពេលចូលរួមកម្មវិធីសំណេះសំណាលនៅក្រុងបាវិត សម្រាប់សងធនាគារដែលយកមកសង់ផ្ទះ។

ការប្រកាសឱ្យដឹងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោងចក្រសហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្ងៃមុនទៅបាវិត អីឡូវបានចៅមួយ គេដាក់ឈ្មោះ ខន សែនចរណៃ ខ្ញុំបានបញ្ជូនប្រាក់ព្រោះគ្នាធ្វើផ្ទះបានល្អ លើដីដែលឪពុក ម្តាយចែកឱ្យ ប៉ុន្តែ ត្រូវជំពាក់ធនាគារ បង់ឱ្យគេនៅខ្វះ ២,១០០០ដុល្លារ ខ្ញុំបញ្ជូន៣ម៉ឺនដុល្លារទៅឱ្យ»

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ នៅពេលដែលទទួលបានចៅម្នាក់ទៀតនៅក្រុងបាវិត។ មិនមែនសម្រាប់តែទារិកា «ខន សែនចរណៃ» តែមួយប៉ុណ្ណោះទេ ដែលទទួលបានការសណ្តោសប្រណីតែសម្តេចបានប្រកាសថា ប្រសិនបើមានទារកណាប្រសូត្រចំថ្ងៃដែលសម្តេចចុះមកជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សម្តេចនឹងបន្តចិញ្ចឹមបន្ថែមទៀត។

ក្រៅពីការឧបត្ថម្ភថវិកា សម្រាប់សងធនាគារ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសជួយចិញ្ចឹមរហូតដល់អាយុ៣ឆ្នាំ ប៉ុន្តែ សម្រាប់ការចិញ្ចឹមរយៈពេល៣ឆ្នាំនេះ គ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ តែសម្រាប់អាចបន្តថែមទាំទារិកា «ខន សែនចរណៃ» បន្តទៀត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ទារិកា «ខន សែនចរណៃ» គឺមានការគាប់ជួន និងសំណាងដែលបានប្រសូត្រចំថ្ងៃដែលសម្តេចបានចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅក្រុងបាវិត៕