ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង


ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង។

នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ខាងមុខនេះ គឺដើម្បីបង្ហាញនូវស្មារតីមោះមុត, បរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ និងឥទ្ធិពលដ៏ខ្លាំងក្លារបស់ទ័ពជំរំទេវតា ក្នុងធ្លុងមហាសាមគ្គីជាតិ ដើម្បីបុព្វហេតុជាតិ និងប្រជាជន ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងនាមជាសកម្មជនយុវជនបក្ស, យើងម្នាក់ៗមានភារកិច្ចចូលរួមចំណែកធានានិរន្តភាពយូរអង្វែងរបស់គណបក្ស ដែលសព្វថ្ងៃជាគណបក្សធំ មានសមាជិកគ្រួសារច្រើន និងកំពុងកាន់អំណាច ដោយមានការទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនារបស់ជាតិមាតុភូមិ។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បម្រើឱ្យគោលដៅនេះ, ក្រុមការងារយុវជនគណបក្សគ្រប់ថ្នាក់ បានរៀបចំពង្រឹងរចនាសម្ព័ន្ធ-អង្គការចាត់តាំងកាន់តែរឹងមាំ ព្រមជាមួយនឹងការបែងចែកភារកិច្ច និងការទទួលខុសត្រូវច្បាស់លាស់ ដោយរក្សាបាននូវសាមគ្គីភាពឯកភាពផ្ទៃក្នុងល្អ ហើយក៏តែងធ្វើសកម្មភាព ដោយឈរលើគោលការណ៍សំខាន់៣ គឺទី១៖ ការទទួលខុសត្រូវ ដោយទទួលខុសច្រើនជាងត្រូវ; ទី២៖ ការអនុវត្តសិទ្ធិអំណាចដើម្បីសម្រេចការទទួលខុសត្រូវ និងទី៣៖ ការទទួលបានគុណសម្បត្តិស្មើគ្នា ប្រសិនបើការងារសម្រេចលទ្ធផលល្អ ហើយក្នុងករណីមានលទ្ធផលអវិជ្ជមាន គឺអ្នកដឹកនាំជាអ្នកត្រូវទទួលខុសត្រូវ ។ មួយវិញទៀត ក្នុងនាមជាអ្នកដឹកនាំសកម្មជនយុវជនបក្ស យើងក៏ត្រូវផ្តល់ការធានាគាំទ្រទាំងផ្នែកស្មារតី និងសម្ភារ ព្រមទាំងការលើកទឹកចិត្តដល់សកម្មជនយុវជនបក្ស សំដៅជំរុញប្រសិទ្ធភាពនៃការបំពេញតួនាទីក្នុងនាមជាជំនួយការរបស់គណបក្ស ក្នុងការបំផុសចលនាយុវជនឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស។

ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា រក្សាបាននូវប្រៀបឈ្នះជាប់ជាប្រចាំ ដោយសារការចិញ្ចឹមចលនារស់រវើក, ការបម្រើប្រជាជនប្រកបដោយទឹកចិត្តស្មោះសរ និងការតម្កល់ផលប្រយោជន៍ប្រជាជនជាធំក្នុងគ្រប់កាលៈទេសៈ រាប់ចាប់តាំងពីពេលដែលបក្សត្រូវបានបង្កើតឡើងមកម្ល៉េះ។

ក្នុងន័យនេះ សកម្មជនយុវជនបក្សត្រូវបន្តនូវស្មារតី និងសកម្មភាពរបស់យុវជនរៀមច្បង តាមរយៈភារកិច្ចសំខាន់ចំនួន ៣រួមមានទី១៖ ថែរក្សាសមិទ្ធផលវិជ្ជមានដែលយុវជនរៀមច្បងបានកសាងឡើង, ទី២៖ ខិតខំប្រឹងប្រែងកសាងសមិទ្ធផលវិជ្ជមានបន្ថែមទៀត និងទី៣៖ រៀបចំមូលដ្ឋានឱ្យបានកាន់តែរឹងមាំដើម្បីផ្ទេរបន្តទៅឱ្យយុវជនជំនាន់ក្រោយ៕