អភិបាលខេត្តកំពត នាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤១១គ្រួសារ នៅស្រុកទឹកឈូ


ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានដឹកនាំមន្ត្រី សមាជិកសមាជិកាសាខាកាកបាទក្រហមខេត្តកំពតក្រោមឱវាទ និងអ្នកពាក់ព័ន្ធ ចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៤១១គ្រួសារ មកពីឃុំចំនួន៤ នៃស្រុកទឹកឈូ។

គ្រួសាររងគ្រោះមធ្យមចំនួន៤០៩គ្រួសារ និងរងគ្រោះធ្ងន់ធ្ងរចំនួន២គ្រួសារ។ ពិធីនេះ បានរៀបចំធ្វើឡើង នៅក្នុងបរិវេណវត្តពោធិ៍ ស្ថិតនៅក្នុងភូមិវត្តពោធិ៍ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋ បានមកទទួលអំណោយទាំងអស់ ដោយក្តីនឹករឭក បំផុតដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

ទន្ទឹមនេះឯកឧត្តម ម៉ៅ ធនិន ក៏បានផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាព គ្រួសារឱ្យបានប្រសើរឡើង។

សូមបងប្អូនប្រុងប្រយ័ត្ននៅពេលមេឃភ្លៀងកុំឱ្យក្មេងតូចៗចេញពីផ្ទះ លុបបំបាត់ថ្លុកជ្រាំ កេងក្នុងមុង ដើម្បីការពារជំងឺគ្រុនឈាម ចូលរួមគោរពច្បាប់ចរាចរណ៍ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។

អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលផ្តល់ជូនគ្រួសាររងគ្រោះ រួមមាន៖

*គ្រួសាររងគ្រោះមធ្យម ចំនួន៤០៩គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម, ត្រីខ១០កំប៉ុង, ទឹកត្រី១យួរ, មី១កេស, ឆៃប៉ូវផ្អែម១កញ្ចប់ និងថវិកា៥ម៉ឺនរៀល។
*គ្រួសាររងគ្រោះធ្ងន់ធ្ងរ ចំនួន២គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកត្រី១យួរ, ឆៃប៉ូវផ្អែម១កញ្ចប់, កៅស៊ូតង់១ដុំ និងថវិកា១លានរៀល។

ឯកឧត្តម ម៉ៅ ធនិន ក៏បានប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃ រួមមាន៖ អង្ករ៥០គីឡូក្រាម, ទឹកត្រី២យួរ, ត្រីខ២០កំប៉ុង, មី២កេស, ទឹកសុទ្ធ២កេស និងថវិកា៥០ម៉ឺនរៀលផងដែរ៕