សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូល មេគង្គ-ឡានឆាង ប្រទេសចិន


នៅព្រឹកថ្ងៃទី ២២ ខែ មីនា ឆ្នាំ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួម កិច្ចប្រជុំកំពូល មេគង្គ-ឡានឆាង នៅទីក្រុងសាន់យ៉ា (Sanya) និងចូលរួមសន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ នៅទីក្រុងបូអាវ (Bo Ao) ខេត្តហៃណានប្រទេសចិន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២២-២៤ មីនា ២០១៦។
កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី១នេះ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាក្រោមមូលបទ «ការចែករំលែក ទន្លេ-ការចែករំលែកអនាគត» នឹងរួមជាមួយប្រមុខរដ្ឋាភិបាលបណ្តាប្រទេសមេគង្គនិងចិន ហើយនឹងអនុម័ត នូវឯកសារ ចំនួន៣រួមមាន៖
១- សេចក្តីថ្លែងការណ៍ទីក្រុងសានយ៉ា (Sanya) នៃកិច្ចប្រជុំកំពូល សហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១។
២- សេចក្តីប្រកាសរួមស្តីពីកិច្ចសហប្រតិបត្តិការ សមត្ថភាពផលិតកម្ម នៃបណ្តាប្រទេសមេគង្គ-ឡានឆាង។
៣- គម្រោងឆាប់ទទួលបានផលភ្លាមៗ នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង។
បន្ទាប់មក នៅថ្ងៃទី ២៤ ខែ មីនា ២០១៦ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថា នៅក្នុងពិធីបើកវេទិកាពេញអង្គរបស់សន្និសីទប្រចាំឆ្នាំ២០១៦ នៃវេទិកាបូអាវ (Bo Ao) សម្រាប់អាស៊ី ក្រោមមូលបទ «អនាគតថ្មីរបស់អាស៊ី»៖ កម្លាំងចលករថ្មី ចក្ខុវិស័យថ្មី។
ក្រៅអំពីការគ្រោងជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីចិន លី ខឺឈាង (Li Keqiang )ក្នុងនោះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏គ្រោងនឹងជួបឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក អាកាឌី ដ្វូរកូវីច (Arkady Dvorkovich) នៅទីនោះផងដែរ៕
HUN SEN 22-3-2016 (1)                       HUN SEN 22-3-2016 (2)
HUN SEN 22-3-2016 (3)                 HUN SEN 22-3-2016 (4)