រដ្ឋសភាបានបញ្ជូនលិខិតជាលើកដំបូងទៅ ឯកឧត្តម កឹម សុខា ជុំវិញការស្នើបកស្រាយរឿងអាស្រូវជាប់ទាក់ទងនឹងរឿងអសីលធម៌ផិតក្បត់ ។
ឯកឧត្តម កឹម សុខា ត្រូវបានរងការចោទប្រកាន់ពីរឿងអាស្រូវស្នេហាជាបន្តបន្ទាប់ នាវេលាចុងក្រោយនេះ ដែលរឿងអាស្រូវទាំងនោះ បាននាំឱ្យមានការជម្រុញរកការពិតពីក្រុមនិស្សិត និងយុវជនមួយចំនួន គ្រាដែលគណបក្សសង្គ្រោះជាតិបានធ្វើគថ្លង់ជុំវិញបញ្ហានោះ ។
គណបក្សសង្គ្រោះជាតិ ដើម្បីការពារ ឯកឧត្តម កឹម សុខា ថែមបានដាក់ចេញនូវយុទ្ធសាស្ត្រ ៣មិន គឺៈ មិនឆ្លើយ មិនឆ្លងនិងមិនឈ្លោះ ថែមទៀត ដែលជម្រុញឱ្យក្រុមនិស្សិត និងយុវជនបានដាក់ពាក្យទៅរដ្ឋសភា ដើម្បីការស្វែងរកការពិត ដោយសារតែ ឯកឧត្តម កឹម សុខា គឺជាសមាជិករដ្ឋសភា ដែលស្ថាប័នរដ្ឋសភា ត្រូវបើកការស៊ើបអង្កេតរកការពិត ជុំវិញបញ្ហាចោទប្រកាន់រឿងអាស្រូវនេះ ។
លិខិតមួយរបស់មន្ត្រីអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ចុះថ្ងៃទី២១ ខែមីនា ទៅកាន់ ឯកឧត្តម កឹម សុខា បានសរសេរថា យោងតាមលិខិតលេខ០០៨ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៦ របស់គណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានៃរដ្ឋសភា ដើម្បីការពារកិត្យានុភាពរបស់រដ្ឋសភា ការពារកិត្តិយសជាតិ និងសេចក្តីថ្លៃថ្នូររបស់តំណាងរាស្ត្រ ឯកឧត្តម ងួន ញ៉ិល ប្រធានរដ្ឋសភាស្តីទី បានប្រគល់ភារកិច្ចឱ្យអគ្គលេខាធិការដ្ឋានរដ្ឋសភា បញ្ជូនបញ្ញត្តិនេះមក ឯកឧត្តម កឹម សុខា ។
លិខិតពីរដ្ឋសភាដដែលបានសរសេរប្រាប់ ឯកឧត្តម កឹម សុខា ថា រដ្ឋសភាបានទទួលញ្ញត្តិស្នើសុំពីតំណាងយុវជន និងនិស្សិត គឺ លោក ស្រី ចំរើន ដែលបានស្នើសុំឱ្យ ឯកឧត្តម កឹម សុខា ឆ្លើយបំភ្លឺចំពោះខ្សែអាត់ សម្លេងស្នេហាអសីលធម៌ ដែលសង្ស័យថាជាសម្លេងរបស់ ឯកឧត្តម កឹម សុខា នោះ ។ លិខិតពីរដ្ឋសភាដដែល បានសរសេរថា សុំ ឯកឧត្តម កឹមសុខា ពិនិត្យ ពិចារណា និងផ្តល់នូវការបំភ្លឺតាមសំណើឱ្យបានឆាប់តាមការគួរ ។ គណបក្សសង្គ្រោះជាតិ នៅមិនទាន់ឆ្លើយតបជាផ្លូវការ ជុំវិញលិខិតដែលបានស្នើដោយរដ្ឋសភានោះទេ ។