សម្តេចតេជោ ហ៊ុន សែន ចេញបញ្ជាឱ្យពង្រាយសំណាញ់មេឃកម្ទេចដ្រូនរបស់បច្ចាមិត្ត, អង្គភាពណាបាញ់ធ្លាក់ដ្រូនផ្តល់២០ម៉ឺនដុល្លារ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យកងទ័ពប្រើសំណាញ់មេឃដើម្បីបាញ់ទម្លាក់ដ្រូន ដែលហោះចូលទឹកដីកម្ពុជា ដើម្បីស៊ើបការណ៍ បន្ទាប់ពីឃើញមានការហោះហើរជាថ្មីម្តងទៀត ចំនួន៧គ្រឿង កាលពីយប់មិញនេះ។ សម្តេចក៏បានបន្ទោសថា មេទ័ពកម្ពុជាហាក់ដូចជាស្លូតបូតពេក ដែលធ្វើឱ្យពួកភេរវកម្មទាំងនោះបានចិត្តហើយហ៊ានហោះចូលរំលោភអធិបតេយ្យភាពកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្តល់ថវិកា ២០ម៉ឺនដុល្លារ សម្រាប់អង្គភាពណាដែលបាញ់ធ្លាក់ដ្រូន។

ថ្លែងក្នុងពិធីជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ទៀត នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «យប់មិញនេះ មក៥គ្រឿងទៀត អស់លោកសូម្បីតែអាវុធផ្ទុះមួយគ្រាប់ក៏អត់ផ្ទុះដែរ អស់លោកធ្វើមេទ័ពស្លូតពេកហើយ គេហោះចូលដីយើងប៉ុន្មានថ្ងៃហើយ អស់លោកត្រូវយក CKC បាញ់ កាំភ្លើងទៅណាអស់ទៅអាធំ ឥឡូវឡើងទៅហើយ កាំជ្រួចសម្រាប់បាញ់យន្តហោះ»។ សម្តេចបន្តថា «ចាប់ពីពេលនេះទៅតទៅ បើលោកឯងមិនផ្ទុះអាវុធ គឺមានរឿងជាមួយខ្ញុំ និយាយគ្នាឱ្យច្បាស់ អត់មានធ្វើស្លូតៗទេ»

កម្លាំងយោធាព្រំដែនរបស់កម្ពុជា ក្នុងខេត្តមណ្ឌលគិរី បានបញ្ជាក់ឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ៧៖៥០នាទីយប់ថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ មានដ្រូនប្រមាណចំនួន៧គ្រឿង បានហោះលើដីកម្ពុជា​ក្នុងភូមិ​សាស្ត្រ​ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលជាព្រំដែនរវាងកម្ពុជា និងវៀតណាម។ ដ្រូនប្រភេទនេះ បានហោះរំលោភបំពានចូលទឹកដីកម្ពុជា ប្រមាណ១សប្តាហ៍មកហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា សង្ស័យថា ជារបស់ក្រុមភេរវកម្ម ដែលបោះបោរនៅប្រទេសវៀតណាម។

សម្តេចបានបញ្ជាក់បន្ថែមថា «ដោយសារតែការអត់បាញ់ហ្នឹងហើយ​បានជាវាចេះតែព្រហើនចូលនោះ អញ្ចឹងលោកឯងដាក់សំណាញ់មេឃ បាញ់ពីក្រោម ចំណាយ១លាន២លានគ្រាប់ចោល ហ្អែងគង់តែត្រូវ លេងឱ្យក្រាស់បន្តិច បញ្ជូនឡើងទៅ DCA យើងក៏មានច្រើន 12,7 ក៏មានច្រើន អា១៤យើងក៏មានច្រើន»

សម្តេចបានបន្តថា «ខ្ញុំសូមព្រមានប្រទេសណាក៏ដោយ ដែលឱ្យយន្តហោះគ្មានមនុស្សបើក មកធ្វើសកម្មភាពឈ្លានកម្ពុជា និងធ្វើភេរវកម្មលើទឹកដីកម្ពុជា បើយើងស៊ើបអង្កេតបាន យើងនឹងប្តឹងទៅអង្គការសហប្រជាជាតិ ហើយខ្ញុំសូមបញ្ជាក់ថា អង្គភាពណាបាញ់ធ្លាក់ដ្រូនមួយគ្រឿង ខ្ញុំជូន២០ម៉ឺនដុល្លារអាមេរិក ដើម្បីខ្ញុំចង់ដឹងថា អាដ្រូនហ្នឹងវាចេញពីណា»

សម្តេចបានអំពាវនាវឱ្យប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ ដោយសង្គ្រាម មិនផ្ទុះនោះទេ។ សម្តេចតេជោ ជឿថា ក្លាំងបាក់ទ័ពដែលរត់ពីវៀតណាម ចូលក្នុងដីខ្មែរ ហើយពួកនេះមានទំនាក់ទំនងជាមួយពួកបាក់ទ័ពហ្នឹងឯង។ សម្តេចបានសន្និដ្ឋានថា ពួកក្រុមភេរវកម្មនេះ គឺជាពួកជនជាតិភាគតិចយួនដឺហ្គា ដែលមេដឹកនាំជនជាតិភាគតិចនេះ ឈ្មោះ កុក ស ធ្លាប់ចុះហត្ថលេខាជាមួយ ជនក្បត់ជាតិ៣ជំនាន់ នាពេលកន្លងទៅ។

សម្តេចបានសន្និដ្ឋានថា យន្តហោះដ្រូននេះអាចហោះចេញពីប្រទេសមួយដែលសម្តេចមិនបញ្ចេញឈ្មោះនោះឡើយ ហើយក៏អាចហោះចេញពីនាវា ហើយហោះមកកាន់ព្រំដែនកម្ពុជា៕