ឯកឧត្តម ប៉ាន សូរស័ក្តិ៖ មន្ទីរពិសោធន៍ ក.ប.ប ដើរតួនាទីសំខាន់ដល់ការ​រក្សាសុវត្ថិភាពចំណីអាហារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ


រដ្ឋមន្ត្រីពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងថា មន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានដើរតួនាទី និងរួមចំណែកយ៉ាងសំខាន់​ក្នុងការរក្សាសុវត្ថិភាពចំណីអាហារ និងលើកកម្ពស់សុខុមាលភាពរបស់​ប្រជា​ពល​​រដ្ឋ។ ដោយមើលឃើញពីសារៈសំខាន់នេះហើយ ទើបក្រសួងពាណិជ្ជកម្ម បានប្រឹងប្រែងពង្រីកមន្ទីរពិសោធន៍នេះទៅតាមបណ្តាខេត្តនានា បន្ទាប់ពីរាជ​ធានី​ភ្នំពេញ។

 ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​អគារ​រដ្ឋបាល និងមន្ទីរពិសោធន៍ខ្នាតតូចរបស់សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តក្រចេះ នាព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ។

ក្នុងពិធីនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងការអបអរសាទរដល់សាខា ក.ប.ប. ខេត្តក្រចេះ និង​បានថ្លែងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះថ្នាក់​ដឹក​នាំ​ពាក់​ព័ន្ធ និង​ក្រុមការងារសាងសង់ ដែលបានខិតខំប្រឹងប្រែងរៀបចំគម្រោង និងដំណើរការ​សាងសង់ រហូតដល់ចេញជារូបរាងនូវអគារដ៏ស្រស់ស្អាត ដូចដែលបានឃើញ​នាពេលនេះ។

 ឯកឧត្តមរដ្ឋមន្ត្រី បន្តថា «នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់អគ្គនាយកដ្ឋាន ក.ប.ប. ក៏ដូចជាសាខា ក.ប.ប. ខេត្តក្រចេះ សម្រាប់ប្រើប្រាស់ក្នុងការបម្រើ​សាវាសាធារណៈ និងបេសកកម្មការពារសុខុមាលភាព ជូនបងប្អូនប្រជាពល​រដ្ឋ ឱ្យកាន់តែល្អប្រសើឡើងបន្ថែមទៀត»។

 ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​កម្ពុជា ដែលបានចាត់ទុកបញ្ហាម្ហូប​អាហារជាប​ញ្ហា​សំខាន់​ទី១ ក្នុងចំណោម​អតុល្យភាពទាំង១២ ដែលត្រូវយកចិត្តទុកដាក់ស្វែង​រក​ដំណោះ​ស្រាយ។ ឆ្លើយតបអនុសាសន៍នេះ ក្រសួងពាណិជ្ជកម្ម បានដាក់​ចេញ​ផែនការយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន ដើម្បីលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ការពារអ្នកប្រើប្រាស់ និងធានាឱ្យការប្រកួតប្រជែងក្នុងពាណិជ្ជកម្ម ប្រព្រឹត្តទៅប្រកបដោយសមធម៌ និងជឿទុកចិត្ត។

ជាក់ស្ដែងក្រសួងពាណិជ្ជកម្មបានខិតខំប្រឹងប្រែងរៀបចំឱ្យមានប្រព័ន្ធច្បាប់ និង​លិខិតបទដ្ឋានគតិយុត្តនានាសម្រាប់អនុវត្ត ព្រមទាំងបានកសាងនូវ​រចនា​សម្ព័ន្ធ​​រឹង ពិសេសមន្ទីរពិសោធន៍សម្រាប់គាំទ្រដល់ការអនុវត្តច្បាប់ និងលិខិតប​ទ​ដ្ឋានគតិយុត្តទាំងនោះផងដែរ។

 ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងដែរថា ក្រៅពីអគារមន្ទីរពិសោធន៍​គោល​នៅថ្នាក់កណ្តាល ដែលទើបសម្ពោធដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី៦ ខែ​មករា ឆ្នាំ២០២៣ កន្លងទៅហើយនោះ អគ្គនាយកដ្ឋាន ក.ប.ប. បានសាង​សង់អគារមន្ទីរពិសោធន៍ខ្នាតតូច និងអគាររដ្ឋបាលនៅតាមបណ្តាខេត្តចំនួន ១៦អគារទៀត ដោយក្នុងឆ្នាំ២០២៣នេះ គម្រោងអគាររដ្ឋបាល និងមន្ទីរពិសោធន៍២បន្ថែមទៀត កំពុងដំណើរការសាងសង់ ហើយនៅឆ្នាំ២០២៣​ខាងមុខ។ ក្រសួងពាណិជ្ជកម្ម ក៏នឹងលើកគម្រោង​ស្នើសុំសាងសង់អគារចំនួន២បន្ថែមទៀតនៅខេត្តព្រះសីហនុ និងខេត្តបន្ទាយមានជ័យ។

 ឯកឧត្តមរដ្ឋមន្ត្រី បាបញ្ជាក់ថា «មន្ទីរពិសោធន៍ខ្នាតតូច មានសមត្ថភាពអាច​ធ្វើ​ការ​វិភាគបឋមរកសារធាតុគីមី សំណល់ថ្នាំកសិកម្ម និងមេរោគចម្លងមួយចំនួន ហើយគោលបំណងនៃការរៀបចំឱ្យមានមន្ទីរពិសោធន៍ខ្នាតតូចនៅតាមបណ្តាខេត្ត គឺដើម្បីបង្ខិតសេវាវិភាគគុណភាពទំនិញឱ្យកាន់តែជិតទីផ្សារជនបទ និងទីប្រជុំជនតាមបណ្តាខេត្ត ងាយស្រួលក្នុងការវិភាគរកផលិតផលដែល​មានភាពមិនអនុលោម ដើម្បីទប់ស្កាត់បានទាន់ពេលវេលា។ ម៉្យាងវិញទៀត មន្ទីរពិសោធន៍ខ្នាតតូច ក៏ដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំពេញបន្ថែម និងបញ្ជាក់ឡើងវិញនូវលទ្ធផលដែលវិភាគដោយរថយន្តពិសោធន៍ចល័ត ដែលបានដាក់ពង្រាយនៅតាមបណ្តាខេត្តមួយចំនួនមានដូចជា៖ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តត្បូងឃ្មុំ និងខេត្តសៀមរាប»។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងនូវការគាំទ្រ និងលើកទឹកចិត្តឱ្យ​អគ្គ​នា​យកដ្ឋាន​បន្តអនុវត្តផែនការសកម្មភាពរបស់ខ្លួន សម្រេចបានលទ្ធផលល្អ​ប្រសើរបន្តទៀត ដើម្បីធានាបាននូវសុខុមាលភាពជូនប្រជាពលរដ្ឋ ការពារ​ផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ពង្រីកពាណិជ្ជកម្ម​ក្នុងស្រុក​-ក្រៅ​ស្រុក និងកាត់បន្ថយការនាំចូល ធានាឱ្យការប្រកួតប្រជែងក្នុងពាណិជ្ជកម្ម ប្រព្រឹត្តទៅប្រកបដោយសមធម៌។ លើសពីនេះ ត្រូវខិតខំបន្ថែមទៀត ក្នុងការអភិវឌ្ឍទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរឹង ការកសាងបន្ថែមនូវ​បទប្បញ្ញត្តិ​នានា និងអភិវឌ្ឍកម្រិតជំនាញបច្ចេកទេសរបស់មន្រ្តី ឱ្យដើរទន្ទឹមគ្នាជាមួយ​សង្គម និងវិទ្យាសាស្ត្រ ដែលកំពុងមានការរីកចម្រើនឥតឈប់ឈរ។

ឆ្លៀតក្នុងឱកាសនោះ ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់អគ្គនាយកដ្ឋាន ក.ប.ប. ក៏ដូចជាសាខា ក.ប.ប. ទាំងអស់ឱ្យកាន់តែមានភាពល្អប្រសើរ​បន្ថែម​ទៀតនោះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន ដូចខាង​ក្រោម៖
* បន្តកសាងលិខិតបទដ្ឋានគតិយុត្ត សម្រាប់ជាមូលដ្ឋានដល់ការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន
* ត្រូវរួមគ្នាថែរក្សាអចលនៈទ្រព្យដែលមានស្រាប់ ធ្វើយ៉ាងណាប្រើប្រាស់ទ្រព្យសម្បត្តិទាំងនេះ ឱ្យអស់លទ្ធភាព
* បន្តលើកគម្រោងសាងសង់អគាររដ្ឋបាល និងមន្ទីរពិសោធន៍ខ្នាតតូច នៅតាមបណ្តាខេត្ត ដែលពុំទាន់មាន រួមទាំងការបំពាក់ឧបករណ៍វិភាគឱ្យបានគ្រប់គ្រាន់
* ពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ ឱ្យមានការយល់ដឹងស៊ីជម្រៅ ទាំងមូលដ្ឋានបច្ចេកទេស និងមូលដ្ឋានច្បាប់
* ពង្រឹងសមត្ថភាពវិភាគ ដោយរៀបចំនីតិវិធីប្រតិបត្តិស្តង់ដារការងារឱ្យបានច្បាស់លាស់ និងរៀបចំប្រព័ន្ធតាមដានទិន្នន័យចំពោះផលិតផលដែលមានហានិភ័យ
* បង្កើនសកម្មភាពត្រួតពិនិត្យនៅតាមបណ្តាផ្សារ មជ្ឈមណ្ឌលចែកចាយ និងឃ្លាំងស្តុកទំនិញ ពិសេសម្ហូបអាហារ សំដៅអនុវត្តច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារឱ្យមានប្រសិទ្ធភាព
* បង្កើនសកម្មភាពអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានា តាមរយៈការស៊ើបអង្កេត ស្រាវជ្រាវ ដើម្បីកំណត់បទល្មើសពាក់ព័ន្ធនឹងច្បាប់ទាំង៤ គឺច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា, ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់, ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ
* ពង្រឹងសាមគ្គីភាព ជួយគ្នាទៅវិញទៅមក អនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ឈរលើមូលដ្ឋានច្បាប់ និងមានតុល្យភាពការងារ៕