សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រដ្ឋធម្មនុញ្ញកម្ពុជា មិនបានកំណត់ឱ្យរដ្ឋាភិបាល ពិគ្រោះយោបល់ជាមួយ សង្គមស៊ីវិល ពេលធ្វើច្បាប់នោះទេ


នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ រដ្ឋធម្មនុញ្ញកម្ពុជា មិនបានកំណត់ឱ្យមានការពិភាក្សា ឬពិគ្រោះយោបល់ ជាមួយអង្គការសង្គមស៊ីវិលឡើយ សម្រាប់ការបង្កើតច្បាប់ ឬវិសោធនកម្មច្បាប់នានា នៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ និយោជិត ក្នុងខេត្តពោធិ៍សាត់ ចំនួន ៦.៨៦៨ នាក់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចតេជោ បានលើកឡើងថា៖ មានបក្ស ២ បូកជាមួយអង្គការមួយចំនួន បានចេញមកប្រតិកម្មជាមួយនឹងការធ្វើវិសោធនកម្មច្បាប់ ដោយសារតែរដ្ឋាភិបាល ធ្វើតែម្នាក់ឯង មិនបានពិគ្រោះយោបល់ ជាមួយគណបក្ស និង សង្គមស៊ីវិល។

សម្តេចតេជោ បានលើកឡើងថា៖ នេះមិន មែនជាការបិទសិទ្ធិនោះទេ ប៉ុន្តែជាវិធានការ ច្បាប់ ដើម្បីដំណើរការអនុវត្តសិទ្ធិរបស់ពលរដ្ឋ។ អញ្ចឹងលោកឯងមើលក្នុងច្បាប់នេះទៅ លោកឯងប្រហែលជាស្រង៉ាកចិត្តហើយ ព្រោះមិនមែនត្រឹមតែមិនឲ្យអ្នកឯង ឈរឈ្មោះ បោះឆ្នោតប៉ុណ្ណោះទេ តែថែមទាំងផ្អាកសិទ្ធិធ្វើនយោបាយអ្នកឯងទៀតផង ។

សម្តេចតេជោ បានបន្តថា៖ លោកឯងកុំចង់តាំងគ្នាបួនប្រាំនាក់ បង្កើតជាអង្គការ ដើម្បីមក ប្រតិកម្មជាមួយរាជរដ្ឋាភិបាល។ ពួកអ្នកឯងស៊ីលុយបរទេស គ្រាន់តែតំណាងឲ្យមនុស្ស ប៉ុន្មាននាក់ ដែលអ្នកឯង តែងតាំងគ្នាឯងទេ ហើយមកចេញជាសេចក្តីថ្លែងការណ៍ ហើយសេចក្តីថ្លែងការណ៍នោះ មានអ្នកខ្លះគិតថា ធ្វើនេះខុសនីតិវិធី ដោយមិនបាន ពិគ្រោះ ជាមួយសង្គមស៊ីវិល។

សម្តេចតេជោ បានបន្តថា៖  “អញ្ចឹងទេ ខ្ញុំគ្រាន់តែប្រាប់អ្នកឯងថា រដ្ឋធម្មនុញ្ញ មិនបាន​កំណត់ឲ្យរាជរដ្ឋាភិបាល ទៅពិគ្រោះយោបល់ ជាមួយនឹងអង្គការសង្គមស៊ីវិលនោះទេ សូមកុំព្រហើន” ៕