ឯកឧត្តមបណ្ឌិត ថោង ខុន បន្តអំពាវនាវឱ្យពលរដ្ឋទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​ ឱ្យបានគ្រប់ៗគ្នាដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ


ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានទី១​ ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍​ និងស្រុកតាំងគោក នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ និងជ្រើសរើសគណបក្សដែលនាំនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ។

ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានអំពាវនាវឱ្យពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី អាណត្តិទី៧ ដឹកនាំមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន រុងរឿងទៅមុខបន្តទៀត និងគាំទ្រលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគតផងដែរ។

ឯកឧត្តមបណ្ឌិត ថោង ខុន បានបន្តអំពាវនាវដូចនេះនៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះ នាឱកាសដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចុះផ្សព្វផ្សាយពីគោលនយោបាយ និងបង្រៀនគូសសន្លឹកឆ្នោត ដល់ប្រជាពលរដ្ឋចំនួន ២០០នាក់ នៅភូមិស្វាយជីអោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

បន្ថែមពីនេះឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋពីសមិទ្ធផលសំខាន់ៗ ដែលកើតមានរួចហើយ និងកំពុងកើតមាននៅទូទាំងប្រទេសដែលកើតមានក្រោមដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលកើតចេញដោយសារសារតែប្រទេសជាតិមានសុខសន្តិភាព និងស្ថេរភាពពេញលេញក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងបានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាថែរក្សាសមិទ្ធផលទាំងនេះឱ្យបានគង់វង្សបន្តទៀត។

ជាមួយគ្នានោះឯកឧត្តម ថោង ខុន ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងចំណាយពេលវេលាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់នីតិកាលទី៧នេះ ព្រមទាំងជម្រុញឱ្យសមាជិកទាំងអស់ ត្រូវបន្តពង្រឹងឲ្យកាន់តែរឹងមាំបន្ថែមទៀត និងយកជ័យជម្នះជូនបក្សក្នុងការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ជាមួយនឹងការចុះជួបសំណេះសំណាល ផ្សព្វផ្សាយពីគោលនយោបាយ និងបង្រៀនពលរដ្ឋគូសសន្លឹកឆ្នោតជាឱកាសនោះ បងប្អូនប្រជាពលរដ្ឋនៅនៅភូមិស្វាយជីអោកទាំងអស់ បានបង្ហាញការស្វាគមន៍ និងប្តេជ្ញាចិត្តព្រមៗគ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីឱ្យសម្តេចតេជោ បានបន្តដឹកនាំប្រទេសកម្ពុជា នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជាបន្តទៅទៀត និងបានថ្លែងអរគុណដល់ឯកឧត្តមបណ្ឌិត ថោង ខុន ដែលតែងតែជួយធ្វើការអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់ពួកគាត់ផងដែរ៕