សម្តេច ម៉ែន សំអន៖ បោះឆ្នោតជូនគណបក្សប្រជាជន ដែលមានលេខរៀងទី១៨ គឺបោះឆ្នោតឱ្យខ្លួនឯង បោះឆ្នោតការពារសុខសន្តិភាព និងការអភិវឌ្ឍ


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្វាយរៀង បានបន្តអំពាវនាវឱ្យសមាជិក សមាជិកា បន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជន ដែលមានលេខរៀងទី១៨ នៅចុងសន្លឹកឆ្នោត គឺបោះឆ្នោតឱ្យខ្លួនឯង បោះឆ្នោតការពារសុខសន្តិភាព និងការអភិវឌ្ឍ។

សម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវយ៉ាងដូច្នេះ ខណៈសម្តេចបានអញ្ជើញបន្តឃោសនារកសម្លេងឆ្នោត នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៧ និងបង្រៀនគូសសន្លឹកឆ្នោត ដល់សមាជិក សមាជិកាបក្សជាង៦០០នាក់ នៅឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។

សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា រយៈកាលជាង ៤៤ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានខិតខំថែរក្សា និងការពារសុខសន្តិភាព ដែលរកបានមកយ៉ាងលំបាក ហើយបានបន្តជម្រុញការអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ព្រមទាំងជាប្រទេសដែលប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុ សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ដែលមានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត ស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសំឡេង និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។

បន្ទាប់មកទៀត សម្តេចកិត្តិសង្គហបណ្ឌិត និងក្រុមការងារក៏បានបង្រៀន សមាជិក សមាជិកាបក្សឱ្យចេះគូសសន្លឹកឆ្នោតផងដែរ។

សូមបញ្ជាក់ផងដែរថា សម្រាប់ការឃោសនារកសម្លេងគាំទ្រទាំង១៣ គណបក្សនៅទូទាំងខេត្តស្វាយរៀង គឺគណបក្សនីមួយៗបានគោរពតាមគោលការណ៍របស់ គ.ជ.ប និងពុំមានបាតុភាពអ្វីកើតឡើងនោះទេ។ ខេត្តស្វាយរៀងមាន ៨ ក្រុង/ស្រុក និង ៨០ឃុំ/សង្កាត់, មានចំនួន ៥អាសនៈ, ការិយាល័យបោះឆ្នោតមានចំនួន ៩៨៤ការិយាល័យ, មានគណបក្សនយោបាយចំនួន ១៣ ក្នុងចំណោម១៨ ចូលរួមប្រគួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧, ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន ៤១៥,៩១៩នាក់ ចំណែកឯ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា មានចំនួន ៣២០,៨៦៦នាក់ ៕