អភិបាលខេត្តកំពត៖ សម្តេចតេជោ បានតស៊ូរំដោះជាតិ និងប្រជាជន ចេញពីរណ្តៅមរណៈ បានផ្តល់កំណើតទី២


ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា នៅក្នុងរបប ៣ឆ្នាំ ប្រាំ៨ខែ និង ២០ថ្ងៃ ប្រជាពលរដ្ឋ ព្រមទាំងសាសនាទាំងអស់ បានរំកិលខ្លួនចូលទៅក្នុងរណ្តៅមរណៈទៅហើយ តែក្រោយពីមានថ្ងៃរំដោះ៧មករា បានធ្វើឱ្យអ្វីៗប្រែក្លាយទៅជាប្រសើរឡើងវិញ ហើយសាសនាទាំងអស់ត្រូវបាន កកើតឡើងវិញក្នុងថ្ងៃកំណើតទី២តែមួយ។ ពេលនោះ យើងទាំងអស់គ្នាបានបន់ស្រន់ឱ្យតែបានរស់រានមានជីវិត ហើយការពិតក៏កើតមាន គឺមានសម្តេចតេជោ ហ៊ុន សែន បានមករំដោះជាតិ រំដោះប្រជាជនចេញពីរណ្តៅមរណៈនេះ ហើយបានផ្តល់កំណើតទី២ដល់យើងទាំងអស់គ្នា។

ប្រសាសន៍ថ្លែងដូចនេះ ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រមាណជាង ៥០០នាក់ ដែលមកពីឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត និងប្រជាពលរដ្ឋមួយចំនួនទៀត មកពីស្រុកត្រាំកក់ខេត្តតាកែវ ជាពុទ្ធបរិស័ទ្ធចំណុះជើងវត្តព្រះរតនត្រ័យ (ហៅវត្តឋានសួគ៌) ដែលបានមកជួបអភិបាលខេត្ត ក្នុងគោលបំណងថ្លែងអំណរគុណចំពោះការដោះស្រាយបញ្ចប់អធិករក្នុងវត្តនាពេលកន្លងទៅ។ ដែលពិធីជួបសំណេះសំណាល និងថ្លែងអំណរគុណនេះ បាទប្រព្រឹត្តធ្វើឡើង នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅសាលាខេត្តកំពត។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា កាលពីជំនាន់ពលពត គឺគ្មានសាសនានោះទេ ពិសេសព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ព្រោះក្នុងរបបនោះ ទីអារាមទាំងអស់ ត្រូវបានក្លាយទៅជាកន្លែងដាក់ជី ជាគុកអត់ជញ្ជាំង តែមកដល់ពេលបច្ចុប្បន្នវត្តអារាមទាំងអស់បានក្លាយទៅជាទីសក្ការៈសម្រាប់ពុទ្ធបរិស័ទ្ធគោរពបូជា។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់មន្ត្រីសង្ឃ ព្រះចៅអធិការ អាចារ្យគណៈកម្មការវត្ត ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យឱ្យបានច្បាស់លាស់មុនអនុញ្ញាតិ ឱ្យមានការសាងសង់សំណង់ ឬអ្វីមួយក្នុងវត្ត ត្រូវសាងសង់ឱ្យបានត្រឹមត្រូវតាមរចនាបទនៃព្រះពុទ្ធសាសនារបស់ខ្មែរយើង។

ក្នុងឱកាសនោះដែរ អាចារ្យ គណៈកម្មការវត្ត ប្រជាពុទ្ធបរិស័ទ្ធ បានថ្លែងអំណរគុណដល់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ដែលបានខិតខំចុះទៅដោះស្រាយរាល់បញ្ហាផ្សេងៗ នៅតាមបណ្តាក្រុង-ស្រុកទូទាំងខេត្ត ពិសេសដោះស្រាយបញ្ហាដែលកើតមាននៅក្នុងវត្តព្រះរតនៈត្រ័យ (ហៅវត្តឋានសួគ៌) ឱ្យទទួលបានភាពស្ងប់ស្ងាត់ ប្រជាពុទ្ធបរិស័ទ្ធមានចិត្តសប្បាយរីករាយ។

ជាមួយគ្នានេះដែរ ពួកគាត់ក៏មិនភ្លេចនូវគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានឱ្យ ឯកឧត្តម ម៉ៅ ធនិន មកធ្វើជាអភិបាលខេត្តកំពត បានបម្រើប្រជាជន ដោះស្រាយបញ្ហាផ្សេងៗជូនប្រជាជន។ មិនតែប៉ុណ្ណោះពួកគាត់នៅតែចងចាំជានិច្ចនូវវីរៈភាព ដ៏អង់អាចក្លាហានរបស់សម្តេចតេជោ ដែលបានបូរជាសាច់ស្រស់ ឈាមស្រស់ យកជីវិតទៅប្តូរ ដើម្បីរំដោះជាតិ រំដោះប្រជាជន ហើយធ្វើឱ្យប្រទេសមានសុខសន្តិភាព ហើយពួកគាត់សន្យាថា និងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ដើម្បីឱ្យសម្តេចបន្តដឹកនាំប្រទេសបន្តទៅមុខទៀត៕