ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធវិមានរំលឹកដល់អ្នក​ទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១


នៅព្រឹកថ្ងៃសុក្រ ១២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកអគ្គរដ្ឋទូតបារាំងប្រចាំ​នៅ​កម្ពុជា លោក​ ហ្សាក់ ប៉ឺ​ឡេ​ (J​a​cqu​e​s ​Pellet​) បានអញ្ជើញសម្ពោធដាក់​វិមាន​រំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចមានសេចក្តីរីករាយជាអនេក ដែលបានមកចូលរួម ពិធីសម្ពោធ «វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាម លោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨» ដែលសម្តេចបានប្រកាស ជាសាធារណៈអំពីការសម្រេចចិត្តសាងសង់វិមាននេះឡើងវិញ ក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅវិមានអេលីហ្សេ (Elys-e) ជាមួយលោក អេមម៉ានូអែល ម៉ាក្រុង (H.E. Emmanuel Macron) ប្រធានាធិបតីបារាំង ក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំ កាលពីថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ ២០២២ ដើម្បីបង្ហាញនូវសាមគ្គីភាពមិត្តភាព កិច្ចសហប្រតិបត្តិការជា​ប្រវត្តិ​សាស្រ្តរវាង​ប្រទេសទាំង២ បារាំង-កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសម្ពោធនូវវិមាននេះ ធ្វើឡើងចំថៃ្ងនៃបុណ្យជាតិបារាំង។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានស្នើសម្តេច ដើម្បីសាងសង់វិមាននេះឡើងវិញ នៅលើទីតាំងដដែល ដោយយកតាមលំនាំដើមរបស់លោក ប៉ូល ឌុយក្វាំង (Paul Ducuing) ដែលជាអ្នករចនាវិមាននេះ កាលពីឆ្នាំ ១៩២៥។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់វិមាននេះ ធ្វើឱ្យរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលនយោបាយសេដ្ឋកិច្ច និងវប្បធម៌ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានវ័យចំណាស់ ៥៨៩ឆ្នាំ មកហើយនោះ ក្លាយជារាជធានីប្រវត្តិសា្រស្ត ប្រកបដោយមោទនភាពជាមួយនឹង បេតិកភណ្ឌវប្បធម៌ដ៏គួរឱ្យចងចាំសម្រាប់មនុស្សគ្រប់ជំនាន់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឥទ្ធិពលនៃសុខសន្តិភាពបានធ្វើឱ្យរាជរដ្ឋាភិបាលសម្រេចបាន សមិទ្ធផលថ្មីៗជាច្រើនគួរជាទីមោទនៈ ជាពិសេសការធានាការពារ បូរណភាពទឹកដី ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់តាមបែប ប្រជាធិបតេយ្យ តាមរយៈការអនុវត្តន៍នយោបាយការបរទេសដោយឯករាជ្យ ផ្អែកលើច្បាប់និងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤០ និងទី ៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងឋានៈកម្ពុជា ជាប្រធានអាស៊ាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំអភិវឌ្ឍសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស ក្នុងនោះបណ្តាញផ្លូវក្រុង សួន និងសំណង់សាធារណៈ រួមមានសំណង់បេតិកភណ្ឌ សំណង់ប្រវត្តិសាស្រ្ត និងទីតាំងបុរាណនានា ដោយបានរំលេចនូវវប្បធម៌ ប្រពៃណី និងអរិយធម៌ ជាមួយនឹងការការពារ ការអភិរក្ស និងការ ស្ថាបនាឡើងវិញនូវរូបសំណាកបដិមា ឬ សំណង់បេតិកភណ្ឌវប្បធម៌ នៅតាមសួន និងទីតាំងសាធារណៈ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសម្ពោធវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនស្ម័គ្រចិត្តខ្មែរ និងបារាំងទាំង១៩៨ នាក់ ដែលបានពលីជីវិតក្នុងសង្រ្គាមលោក ចន្លោះពីឆ្នាំ ១៩១៦ ដល់ឆ្នាំ ១៩១៨ គឺជាការដាស់តឿនកុលបុត្រខ្មែរ ដែលជាទំពាំងស្នងឫស្សីគ្រប់រូប ឱ្យស្គាល់តម្លៃនៃសន្តិភាព ដែលជាគុណតម្លៃសកលនៃមនុស្សជាតិ ហើយត្រូវចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់នូវគ្រប់ឧបាយកល ដែលបង្កឱ្យមានសង្រ្គាម និងអស្ថិរភាពសង្គម ជាពិសេសត្រូវសាមគ្គីគ្នា ថែរក្សាសន្តិភាពនេះឱ្យនៅស្ថិតស្ថេរយូរអង្វែងច្រើនជំនាន់ តរៀងទៅដើម្បីភាពរីកចម្រើនរុងរឿងនៃប្រទេសជាតិ។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសប្រគល់សមិទ្ធផលថ្មីដ៏មានអត្ថន័យនេះជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីគ្រប់គ្រង និង ថែរក្សាហើយវិមាននេះ នឹងបង្កើននូវសោភណភាព និងបរិស្ថាន ទីក្រុងល្អ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងរាជធានីភ្នំពេញ។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ការអនុញ្ញាតជូនស្ថានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងទុកជាប្រយោជន៍ ក្នុងការប្រើប្រាស់វិមាននេះ ដើម្បីរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ ថ្ងៃបញ្ចប់សង្រ្គាមលោកលើកទី ១ និងពិធីផ្សេងៗទៀតផងដែរ។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋបារាំងអញ្ជើញមកលេងកម្សាន្តនៅកម្ពុជា ព្រមទាំងអុជធូបនៅវិមានអ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១។

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវប្រជាពលរដ្ឋខ្មែរអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃអាទិត្យ ទី២៣ កក្កដា ខាងមុខនេះដើម្បីជ្រើសរើស គណបក្សនយោបាយ និងមេដឹកនាំប្រទេស ដែលស្រឡាញ់ពេញចិត្ត និងជឿជាក់ថា ពិតជាគណបក្សដែលដឹកនាំធ្វើឱ្យប្រជាជនរស់នៅក្នុងសុខសន្តិភាព ភាពសុខដុមរមនាគ្រប់ជាតិសាសន៍ មានការអភិវឌ្ឍលើគ្រប់វិស័យជាមួយនឹងភាពសម្បូរសប្បាយរុងរឿង ជូនប្រទេសជាតិ និងប្រជាជន ទាំងបច្ចុប្បន្ន និងអនាគត៕