ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តដឹកនាំសមាជិកសមាជិកាក្រុមការងារចលនាយុវជនថ្នាក់កណ្ដាល និងក្រុមការងារយុវជន ភូមិ-ឃុំ-ស្រុក ប្រមាណ១២០០នាក់ ដង្ហែក្បួនយុទ្ធនាការឃោសនារកសម្លេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាលើកទី៣ នៅក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ដោយមានការហែក្បួនព្យុះហយាត្រា មានរថយន្ត និងម៉ូតូរាប់រយគ្រឿង អមដោយរថយន្ដតន្រ្តី និងការស្រែកជ័យឃោសតាមដងផ្លូវក្នុងភូមិ-ឃុំទាំង១២ នៃស្រុកខ្សាច់កណ្តាល ប្រកបដោយរបៀបរៀបរយ និងមានសណ្តាប់ធ្នាប់ល្អ។
ក្បួនដង្ហែដែលមានឃោសនិកនៅក្នុងរថយន្ត និងឯកឧត្តមបណ្ឌិត កៅ ថាច បានអំពាវនាវឲ្យប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ កុំបីខាន ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ១៨ និងមានរូបទេវតាបាចផ្កានៅលើសន្លឹកឆ្នោត ជាសម្គាល់ ដើម្បីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាបេក្ខភាពនាយករដ្ឋមន្រ្តី បន្តដឹកនាំ កសាង និងអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿងថែមទៀត។
ឯកឧត្តមបណ្ឌិតបន្ថែមថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានសន្តិភាពជារៀងរហូត មានការអភិវឌ្ឍជារៀងរហូត ប្រជាជនរស់នៅដោយសេចក្ដីសុខជារៀងរហូត។ បន្ថែមលើនេះ ក្នុងពិធីដង្ហែក្បួនឃោសនា ក៏មានការស្រែកជ័យឃោសគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧ និងអាណត្តិក្រោយៗទៀត ព្រមទាំងគាំទ្រនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត រួមទាំងពាក្យស្លោកជាច្រើនទៀត ដូចជា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីសន្តិភាពនិងការអភិវឌ្ឍ, បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជន ឲ្យកាន់តែធូរធារទ្វេឡើង, បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឲ្យខ្លួនឯង, មានសន្តិភាព ទើបមានការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យ, គណបក្សប្រជាជនកម្ពុជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។ល។
ការដង្ហែក្បួនឃោសនានេះ គឺត្រូវបានប្រជាជននៅក្នុងភូមិ-ឃុំ និងសមាជិកសមាជិកាប្រចាំការនៅតាមមណ្ឌលសកម្មភាពភូមិ-ឃុំ ចេញមកគាំទ្រ អបអរសាទរ និងទទួលស្វាគមន៍យ៉ាងច្រើនកុះករ ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង៕