ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំសមាជិក​ សមាជិកា ដង្ហែក្បួនយុទ្ធនាការ​ឃោសនា រកសម្លេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅស្រុកខ្សាច់កណ្តាល


ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានក្រុមការងារចលនាយុវជនរបស់​ក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តដឹកនាំសមាជិក​សមាជិកាក្រុមការងារចលនាយុវជនថ្នាក់កណ្ដាល និងក្រុមការងារ​យុវជន ភូមិ-ឃុំ-ស្រុក ប្រមាណ១២០០នាក់ ដង្ហែក្បួនយុទ្ធនាការ​ឃោសនារកសម្លេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាលើកទី៣ នៅក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ដោយមានការហែក្បួន​ព្យុះហយាត្រា មានរថយន្ត និងម៉ូតូរាប់រយគ្រឿង អមដោយរថយន្ដ​តន្រ្តី និងការស្រែកជ័យឃោសតាមដងផ្លូវក្នុងភូមិ-ឃុំទាំង១២ នៃ​ស្រុកខ្សាច់កណ្តាល ប្រកបដោយរបៀបរៀបរយ និងមានសណ្តាប់​ធ្នាប់ល្អ។

ក្បួនដង្ហែដែលមានឃោសនិកនៅក្នុងរថយន្ត និង​ឯកឧត្តមបណ្ឌិត កៅ ថាច បានអំពាវនាវឲ្យប្រជាជនដែលមាន​ឈ្មោះ​​ក្នុងបញ្ជីបោះឆ្នោតទាំងអស់ទៅចូលរួមបោះឆ្នោតឱ្យ​បាន​គ្រប់ៗគ្នានៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ កុំបីខាន ជូន​គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ១៨ និងមានរូប​ទេវតាបាចផ្កានៅលើសន្លឹកឆ្នោត ជាសម្គាល់ ដើម្បីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាបេក្ខភាពនាយករដ្ឋមន្រ្តី បន្តដឹកនាំ កសាង និងអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន​រុងរឿង​ថែមទៀត។

ឯកឧត្តមបណ្ឌិតបន្ថែមថា​ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ មានសន្តិភាពជារៀងរហូត​ មានការអភិវឌ្ឍជារៀងរហូត​ ប្រជាជនរស់នៅដោយសេចក្ដីសុខជារៀងរហូត។ បន្ថែមលើនេះ ក្នុងពិធីដង្ហែក្បួនឃោសនា​ ក៏មានការស្រែកជ័យឃោស​គាំទ្រ​សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧ និងអាណត្តិក្រោយៗទៀត ព្រមទាំង​គាំទ្រ​នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព​នាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត រួមទាំងពាក្យស្លោកជា​ច្រើនទៀត​ ដូចជា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីសន្តិភាពនិងការអភិវឌ្ឍ, បោះឆ្នោតជូនគណបក្ស​ប្រជាជនកម្ពុជា គឺដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជន ឲ្យកាន់​តែធូរធារទ្វេឡើង, បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឲ្យខ្លួនឯង, មានសន្តិភាព ទើបមានការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យ, គណបក្សប្រជាជនកម្ពុជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។ល។

ការដង្ហែក្បួនឃោសនានេះ គឺត្រូវបានប្រជាជននៅក្នុងភូមិ-ឃុំ និងសមាជិកសមាជិកាប្រចាំការនៅតាមមណ្ឌលសកម្មភាពភូមិ-ឃុំ ចេញមកគាំទ្រ អបអរសាទរ និងទទួលស្វាគមន៍យ៉ាងច្រើនកុះករ ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង៕