ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំក្រុមការងារចុះបង្រៀនប្រជាពលរដ្ឋ គូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា នៅក្រុងកំពង់ចាម


ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៣នេះ បានដឹកនាំក្រុមការងារចុះបង្រៀនប្រជាពលរដ្ឋ នៅភូមិរកា សង្កាត់សំបួរមាស ក្រុងកំពង់ចាម ឲ្យពួកគាត់ចេះគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា។

ខណៈពេលចុះបង្រៀនប្រជាពលរដ្ឋនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានខិតខំថែរក្សា និងការពារសុខសន្តិភាព និងបានបន្តជំរុញការអភិវឌ្ឍប្រទេសជាតិ គិតគូរអំពីសុខទុក្ខ និងសុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការផ្តល់នូវជំនួយផ្នែកគាំពារសង្គម។

ជាក់ស្តែងនៅក្នុងខេត្តកំពង់ចាម តាមមូលដ្ឋានឃុំ សង្កាត់ ដែលពីមុនពុំធ្លាប់មានសោះ ឥឡូវត្រូវបានអភិវឌ្ឍន៍មានដូចជា ផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាព ប្រព័ន្ធទឹក ភ្លើង រោងចក្រ សហគ្រាស និងសមិទ្ធផលនានាជាច្រើនទៀត ដែលបម្រើឲ្យផលប្រយោជន៍ ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នា គឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» មានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត និងសូមគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត៕