អភិបាលខេត្តកំពត អំពាវនាវពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឱ្យបានគ្រប់គ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍ


ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវទៅចូលរួមបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិទៅមុខបន្តទៀត។

ការអំពាវនាវបែបនេះ ខណៈឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត បានដឹកនាំមន្ត្រីរាជការ ជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពទឹកជន់លិចផ្នែកខ្លះ ក្នុងផ្សារសាមគ្គីទីរួមខេត្តកំពត ក្រោយពីភ្លៀងធ្លាក់មានទឹកលិចផ្នែកខ្លះ ក្នុងផ្សារសាមគ្គីនោះ។ ដែលដំណើរចុះពិនិត្យស្ថានភាពទឹកនេះ បានប្រព្រឹត្តធ្វើឡើង នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅផ្សារសាមគ្គីទីរួមខេត្តកំពត ស្ថិតក្នុងភូមិកំពង់បាយ ខាងត្បូង សង្កាត់កំពង់បែក ក្រុងកំពត។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ផ្សារសាមគ្គីនេះ គឺជាផ្សារធំមួយក្នុងទីរួមខេត្តកំពត ដែលបំរើផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរមកលេងកម្សាន្តក្នុងខេត្ត ដូច្នេះផ្សារនេះត្រូវតែមានផាសុខភាព និងសោភ័ណ្ឌភាព។ ទន្ទឹមនោះដែរ ក្រោយពីទទួលបានបញ្ជានេះភ្លាម អាជ្ញាធរក្រុងកំពត និងអ្នកវិនិយោគផ្សារ បានចាត់ចែងក្រុមជាងដើម្បីពិនិត្យ និងស្តារលូដោះទឹកចេញពីផ្សារនេះជាបន្ទាន់ ហើយស្ថានភាពទឹកក្នុងផ្សារក៏បានស្រកចុះឡើងវិញផងដែរ។

បន្ទាប់ពីចុះពិនិត្យផ្សារសាមគ្គីទីរួមខេត្តកំពតរួចមក ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តដំណើរទៅសំណេះសំណាលជាមួយអាជីវករ និងពិនិត្យផ្សារទូកមាស ស្ថិតក្នុងស្រុកបន្ទាយមាស ដើម្បីមើលពីស្ថានភាពផ្សារទាំងមូល ក៏ដូចជាទទួលយកនូវសំណើរ និងសំណូមពរផ្សេងៗពីអាជីវករ។ សំដៅតម្រូវឱ្យ អាជ្ញាធរស្រុក ក៏ដូចជាអ្នកវិនិយោគផ្សារទូកមាស ត្រូវពិនិត្យឡើងវិញនូវប្រព័ន្ធលូដោះទឹក ធ្វើយ៉ាងណាកុំឱ្យមានការស្ទះទឹកក្រោយពេលភ្លៀង ត្រូវដាក់កាមេរ៉ាសុវត្តិភាពដែលអាចដឹងពេលមានអគ្គិភ័យកើតឡើង នៅទីតាំងសំខាន់ៗក្នុងផ្សារ ពិសេសកន្លែងលក់មាស និងលក់ក្រណាត់ ដើម្បីរក្សារសន្តិសុខសុវត្តិភាពជូនបងប្អូនអាជីវករទាំងអស់ក្នុងផ្សារ។ ទន្ទឹមនឹងនោះ អ្នកវិនិយោគផ្សារត្រូវរៀបចំកន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែងល្អី ឱ្យបានត្រឹមត្រូវ មានសោភ័ណ្ឌភាព និងមិនត្រូវយកថ្លៃភាស៊ីនោះទេ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនអាជីវករទាំងអស់ ត្រូវរួមសហការគ្នាក្នុងការរក្សាអនាម័យ បរិស្ថាន ក្នុងផ្សារឱ្យបានស្អាតល្អ មានផាសុខភាព ដែលអាចទាក់ទាញភ្ញៀវទេសចរមកទិញទំនិញក្នុងផ្សារបានច្រើន៕