ក្រសួងសុខាភិបាលណែនាំឲ្យប្រជាពលរដ្ឋប្រុងប្រយត្ន័ នឹងជំងឺថ្មីមួយទៀត ដែលបណ្ដាលមកពីមូសខ្លាខាំ ។ បណ្ដាញសង្គម facebook របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានឲ្យដឹងថា ចាប់ពីឆ្នាំ ២០១៥ ដល់ ២០១៦ នេះ មានការផ្ទុះឡើងនៃជំងឺគ្រុនលឿង នៅប្រទេសអង់ហ្គោឡា ទ្វីបអាហ្រ្វិក ដែលបណ្តាលឲ្យមនុស្សជាងមួយរយនាក់បានស្លាប់ហើយ ដោយសារជម្ងឺគ្រុនលឿងឆ្លងមកពីមូសខ្លាខាំនេះ ។
សេចក្តីរាយការណ៍បានឱ្យដឹងថា នាពាក់កណ្តាលខែមីខែ ២០១៦នេះ ប្រទេសចិនមានកើតជំងឺគ្រុនលឿងពីរករណីដែលចម្ងលពីប្រទេសអង់ហ្គោឡា… ប៉ុន្តែពុំទាន់រកឃើញចំលងទៅអ្នកដទៃនៅឡើយទេ ។ ក្រសួងសុខាភិបាលបាលបានអំពាវនាវឲ្យប្រជាពលរដ្ឋ រួមគ្នាកំចាត់ដង្កូវទឹក កំចាត់ជំរកមូសខ្លា ក្នុងការរួមគ្នាបង្ការជំងឺគ្រុនឈាម… ជំងឺហ្ស៊ីកា… ជំងឺគ្រុនលឿង និងជំងឺគ្រុនឈីកផងដែរ ។ ជំងឺគ្រុនលឿងត្រូវគេនិយាយថា គឺជាប្រភេទគ្រុនឈាមប៉ុន្តែអ្នកជំងឺខ្លះ អាចវិត្តន៍ទៅជាមានរោគសញ្ញាខាន់លឿង ។
រោគសញ្ញានៃជំងឺ គឺដំណាក់កាលទី១ ភាគច្រើននៃជំងឺគ្រុនលឿងមានរោគសញ្ញាគ្រុនក្ដៅ ឈឺសាច់ដុំផ្នែកខ្នងខាងក្រោយ ឈឺក្បាល ញ័រញាក់ មិនឃ្លានអាហារ ចង្អោរ និងក្អួត ប៉ុន្តែក៏អាចជាឯកឯងក្នុងអំឡុង ៣ ទៅ៤ ថ្ងៃ ។ ប៉ុន្តែអ្នកជម្ងឺអាចលាប់មកវិញ ដោយអាចវិវត្តន៍ត្រលប់ទៅជាគ្រុនក្ដៅ និងមានរោគសញ្ញាធ្ងន់ធ្ងរដូចជា ខាន់លឿង ឈឺពោះ និងក្អួតជាដើម ។ ក្រសួងសុខាភិបាលបានថ្លែងថា បន្ទាប់មកជម្ងឺអាចវិវត្តន៍មានឈាមចេញតាមមាត់… ច្រមុះ… ឬភ្នែក ឬក្រពះ ដែល ៥០% នៃដំណាក់កាលទី២ អាចស្លាប់អំឡុងពេល ១០ ទៅ ១៤ថ្ងៃ បើគ្មានការព្យាបាលត្រឹមត្រូវ ។