ជប៉ុនផ្តល់ជំនួយ ២ម៉ឺន ២០១៣លានយ៉េន


Japan Aids 22 03 16 2 copy

     រដ្ឋា​ភិបាល​ជប៉ុន បាន​ចុះ​ហត្ថ​លេខា​ជា​មួយ​រដ្ឋា​ភិបាល​កម្ពុជា នៅ​ល្ងាច​មិញ​នេះ លើ​ការ​ផ្តល់​ជំនួយ​ហិរញ្ញ​ប្បទាន​ឥត​សំណង និង​ឥណ​ទាន​សម្បទាន ដែល​មាន​តម្លៃ​សរុប ២ម៉ឺន ២០១៣​លាន​យ៉េន ស្មើ​នឹង​ជាង ១៩៧លាន​ដុល្លារ​អាម៉េរិក ។ ការ​ចុះ​ហត្ថ​លេខា​ផ្តល់​ប្រាក់​ជំនួយ​ជាង ១៩៧​លាន​ដុល្លារ​អាម៉េរិក​នេះ បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្រសួ​ងការ​បរ​ទេស​កម្ពុជា រវាង​ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា និង​ឯកអគ្គ​រដ្ឋ​ទូត​ជប៉ុន ប្រចាំ​កម្ពុជា ឯកឧត្តម យូជិ គូម៉ាម៉ារុ ដោយ​មាន​វត្ត​មាន​ដ៏ខ្ពង់​ខ្ពស់​របស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ។ អនុរដ្ឋ​មន្ត្រី​ក្រសួង​ការ​​បរ​ទេស​ជប៉ុន ឯកឧត្តម ម៉ាសា​កាស៊ូ ហាម៉ាជី ដែល​កំពុង​ទស្សន​កិច្ច​កម្ពុជា ក៏មាន​វត្ត​មាន​ក្នុង​ឱកាស​នោះ​ផង​ដែរ ។

     មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរ​ទេស​កម្ពុជា លោក ជុំ សុន្ទរី បាន​បញ្ជាក់​ថា ក្នុង​ប្រាក់​ជំនួយ ២ម៉ឺន ២០១៣​លាន​យ៉េន គឺ​ប្រាក់​ហិរញ្ញ​ប្បទាន​ឥត​សំណង​មាន​ចំនួន ៤៧១៥លាន សម្រាប់​គម្រោង​ធ្វើ​អោយ​ប្រសើរ​នូវ​ស្ពាន​ជ្រោយ​ចង្វារ និង​ជំនួយ​សម្ភារៈ​បច្ចេក​ទេស​បោស​សំអាត​មីន ដំណាក់​កាល​ទី៧ ។ ចំណែក​ជំនួយ​ឥណ​ទាន​សម្ប​ទាន​វិញ មាន​ចំនួន ១ម៉ឺន ៧ពាន់ ២៩៨​លាន​យ៉េន សម្រាប់​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ផ្លូវ​ជាតិ​លេខ​៥ ពី​កំណាត់​ផ្លូវ​ព្រែក​ក្តាម​ រាជ​ធានី​ភ្នំ​ពេញ ដល់ ធ្លា​ម្អម ស្រុក​ក្រគរ​ខេត្ត​ពោធិ​សាត់ ដំណាក់​កាល​ទី២ ។