លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន នាំអំណោយចែកជូនស្រ្តីងាយរងគ្រោះ និងពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៧០គ្រួសារ នៅស្រុកកំពង់ត្រាច


លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសមាគម និងលោកជំទាវ យូ សុគន្ធ អភិបាលរងខេត្ត និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រី សមាជិក សមាជិកាសមាគម និងអ្នកពាក់ព័ន្ធ ចុះជួបសំណេះសំណាល និងនាំយកអំណោយទៅចែកជូនដល់ស្រ្តីងាយរងគ្រោះ និងពលរដ្ឋមានជីវភាពខ្វះខាត ចំនួន៧០គ្រួសារ ដែលមកពី ៧ភូមិ ក្នុងឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ ពិធីនោះបានធ្វើឡើងនៅបរិវេណវត្តទួលខ្សាច់ ហៅវត្តកោះផ្ដៅ ទឹកក្នុងឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច។

តំណាងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន និងលោកជំទាវ យូ សុគន្ធ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលជានិច្ចជាកាល តែងតែបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត រងគ្រោះ និងងាយរងគ្រោះក្នុងខេត្តកំពតគ្រប់ទីកន្លែង។

លោកជំទាវ បានបញ្ជាក់ថា ខេត្តកំពតក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន លោកបានផ្តោតសំខាន់ទៅលើការអភិវឌ្ឍមូលដ្ឋាន ការបម្រើសេវាសាធារណៈផ្សេងៗឱ្យកាន់តែប្រសើរ និងបានដោះស្រាយរាល់បញ្ហាជូនដល់បងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាដើម្បីឱ្យពលរដ្ឋគ្រប់មូលដ្ឋានទទួលនូវភាពកក់ក្តៅ និងរស់នៅក្នុងភាពសុខដុមរម្យនាជាគ្រួសារតែមួយ។

នៅក្នុងឱកាសនោះដែរ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន បានចែកអំណោយជូនដល់ស្ត្រីងាយរងគ្រោះ និងពលរដ្ឋដែលមានជីវភាពខ្វះខាតទាំង ៧០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករចំនួន ១០គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ និងថវិកា ២ម៉ឺនរៀល និងបានប្រគេនទៀនវស្សា និងទេយ្យទានមួយចំនួនដល់ព្រះសង្ឃផងដែរ៕