ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចាត់តំណាងចុះសួរសុខទុក្ខលោក ថោង ឈិន ដល់គេហដ្ឋានស្ថិតនៅខណ្ឌព្រែកព្នៅ


ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ធីដា (TYDA) នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញសួរសុខទុក្ខលោក ថោង ឈិន សមាជិកគណៈកម្មាធិការត្រួតពិនិត្យគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដល់គេហដ្ឋានស្ថិតនៅភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ឯកឧត្តម ចាយ បូរិន បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានគណបក្ស សម្តេច លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេស ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះលោក ថោង ឈិន និងក្រុមគ្រួសារ។

លោក ថោង ឈិន និងគ្រួសារ បានបង្ហាញក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា ដោយមិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ ហើយសូមសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេច លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានចាត់ឯកឧត្តម ចាយ បូរិន ជាតំណាងដឹកនាំប្រតិភូមកសួរសុខទុក្ខដល់លោក និងក្រុមគ្រួសារដល់លំនៅដ្ឋាន ហើយសូមគាំទ្រឲ្យបន្តសកម្មភាពជាប្រពៃណីនេះឲ្យបានកាន់តែច្រើនជាបន្តទៀត។

លោកមានការពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពសួរសុខទុក្ខរបស់យុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាពរស់នៅផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ចាស់ព្រឹទ្ធាចារ្យ ទាំងអស់ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ។

លោកក៏បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងសារនយោបាយពិសេសនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ និងបានគាំទ្រយ៉ាងពេញទំហឹងចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្តដឹកនាំប្រទេសជាតិ រក្សាសុខសន្តិភាព មានការអភិវឌ្ឍកាន់តែរីកចំរើន ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្តក្រោមម្លប់សន្តិភាព

លោកបានរៀបរាប់ពីប្រវត្តិការងារថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ បានចូលបម្រើការងារ ជាប្រធានមន្ទីរខេត្តក្រចេះ អនុប្រធានគណៈឃោសនាអប់រំមជ្ឈិម អនុប្រធានគណៈចាត់តាំងមជ្ឈិមបក្ស អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បច្ចុប្បន្នជាសមាជិកគណៈកម្មាធិការត្រួតពិត្យគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសដ៏មានអត្ថន័យនេះ លោក ចាយ បូរិន ព្រមទាំងសមាជិកប្រតិភូបានប្រគល់ជូនវត្ថុអនុស្សារីយ៍ជាអំណោយដ៏ថ្លៃថ្លារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់លោក ថោង ឈិន និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សាលោកមានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ៕