រយៈពេល១ខែ អាជ្ញាធរ និងសមត្ថកិច្ច ចុះអប់រំផ្សព្វផ្សាយ និងធ្វើកិច្ចសន្យាបញ្ឈប់ការកាប់រុករានព្រៃឈើចំនួន១៧០ករណីនៅស្រុកវាលវែង និងស្រុកភ្នំក្រវាញ


រយៈពេល១ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ អនុគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានធ្វើការអប់រំ ផ្សព្វផ្សាយ និងធ្វើកិច្ចសន្យាបញ្ឈប់ ការកាប់រុករានព្រៃឈើ បានចំនួន១៧០ករណី បង្ខំឱ្យរុះរើរោង ខ្ទម និងសំណង់ទន់ បាន១០ករណី, រុះរើរោងស័ង្កសី២៨ខ្នង, បំផ្លាញអាវុធកែឆ្នៃបាន៧ដើម, រុះរើបង្គោលរបងចំនួន៤០០ដើម, រោងកៅស៊ូតង់១២កន្លែង, ដកហូតសម្ភាររណាយន្ត២៥គ្រឿង, គន្លឹះអន្ទាក់សត្វ៧០គ្រាប់, ម៉ូតូ៣គ្រឿង, ដកហូតដីឃ្លុំទុកបាន១០,៦២០ហិកតា។

ចំពោះដីដែលបានដកហូត ត្រូវបានក្រុមការងារដាំកូនឈើឡើងវិញជាង៩ហិកតា និងទីតាំងផ្សេងៗ បានធ្វើការថែទាំឲ្យមានការលូតលាស់ឡើងវិញ។

នៅក្នុងកិច្ចប្រជុំអនុគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង កាលពីម្សិលមិញ, ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានសម្តែងការកោតសរសើរ ដល់ប្រធាន អនុប្រធាន និងសមាជិក នៃអនុគណៈកម្មការទាំង៩ ដែលជាជំនួយការដល់គណៈកម្មការថ្នាក់ខេត្ត ដែលបានបានខិតខំអនុវត្តនូវតួនាទី ភារកិច្ច ក្នុងការចុះប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងសាស្ត្រ ក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង ក្នុងជំហានទី១ ទទួលបានជោគជ័យ។

នៅចំពោះមុខអនុគណៈកម្មការទាំង៩ ឯកឧត្តមបានបញ្ជាក់ថា ត្រូវមានវិធានការដល់ប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ក្នុងមូលដ្ឋាន ហើយបានរុករានក្នុងរូបភាពតូចតាច ត្រូវធ្វើកិច្ចសន្យាអប់រំឱ្យបញ្ឈប់ និងប្រគល់ដីជូនរដ្ឋវិញ ឬឱ្យអាស្រ័យផល។ ចំពោះទីតាំងដែលរុករាន ដោយអ្នកមកពីខាងក្រៅខេត្ត ត្រូវធ្វើការឃាត់ខ្លួន ដោយកសាងសំណុំរឿងទៅតុលាការ ដោយឡែកចំពោះអ្នករឹងរួស ត្រូវអនុវត្តតាមវិធានការច្បាប់។ ដីដែលបានដកហូត ត្រូវដាំដើមឈើឡើងវិញ និងដាក់កម្លាំងធ្វើការល្បាត និងឃ្លាំមើលជាប្រចាំ។ ត្រូវរឹតបន្តឹង ការគ្រប់គ្រងមនុស្សតាមរយការស្នាក់នៅ ដែលអាចជាមុខសញ្ញាប្រព្រឹត្តបទល្មើស លួច ឆក់ ប្លង់ គ្រឿងញៀន។ល។

ឯកឧត្តមក៏បានដាក់ចេញទិសដៅ សម្រាប់ជំហានទី២ គឺបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ និងរិតតែខ្លាំងបន្ថែមទៀត ចំពោះបទល្មើសទាំងការកាប់រុករានទន្រ្ទានយកដីព្រៃ និងដីព្រៃលិចទឹកបឹងទន្លេសាប។ បន្តស្រាវជ្រាវកំណត់មុខសញ្ញាជនប្រព្រឹត្តបទល្មើស ដែលបំផ្លាញធនធានធម្មជាតិ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការចំពោះមុខច្បាប់។

ជាមួយគ្នានោះ ត្រូវអប់រំផ្សព្វផ្សាយឲ្យបានទូលំទូលាយ ទៅដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ បានយល់ដឹងអំពីច្បាប់វិស័យព្រៃឈើ និងវិស័យជលផល ព្រោះថាការកាប់ព្រៃឈើធ្វើអុសដុត ឬធ្យួង សុទ្ធតែបំផ្លាញព្រៃឈើ ត្រូវប្តូរពីការកាប់ឈើ ដុតធ្យួង មកធ្វើជាកសិកម្មវិញ។ ចំពោះបឹងទន្លេសាប ដូចជាបឹង ព្រែក ស្ទឹង អូរ ត្រូវមានវិធានការឱ្យបានតឹងរឹងបំផុត។ ក្នុងករណីមានបទល្មើសលួច ឆក់ ប្លន់ និងល្បែងស៊ីសង អាជ្ញាធរមានសមត្ថកិច្ច ត្រូវស្រាវជ្រាវកំណត់មុខសញ្ញា និងបំបែកគោលដៅឱ្យអស់កុំឱ្យមាននៅក្នុងមូលដ្ឋាន៕