ឯកឧត្តម ម៉ឹង សំផន ចុះថ្លែងអំណរគុណម្ចាស់ឆ្នោតនៅមូលដ្ឋានស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា


ឯកឧត្តម ម៉ឹង សំផន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកចន្ទ្រា ខេត្តស្វាយរៀង នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងរៀបចំអាហារសាមគ្គីជូនសមាជិក សមាជិកា ជាម្ចាស់ឆ្នោតដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ ដែលបានធ្វើឱ្យទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

ឯកឧត្តម ម៉ឹង សំផន ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ទូទាំងស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលបានយកអស់កម្លាំង កាយចិត្ត ប្រាជ្ញា ស្មារតី ថវិកា និងធនធានក្នុងការបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំ បើទោះបីជា មេឃក្តៅ ភ្លៀង ផ្គរ ដោយមិនខ្លាចនឿយហត់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងបញ្ជ្រាបគោលនយោបាយគណបក្សប្រជាជនកម្ពុជា ទៅដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងស្រុកចន្ទ្រា ឱ្យបានយល់ដឹង និងជ្រួតជ្រាប រហូតទទួលបានការគាំទ្រ លើសផែនការដែលបានកំណត់ និងទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ។

ឯកឧត្តម ម៉ឹង សំផន បានបញ្ជាក់ថា ដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅដោយរលូន សេរី ត្រឹមត្រូវ និងយុត្តិធម៌ ជោគជ័យ ក្រោមបរិយាកាសស្ងប់ស្ងាត់ សុខសន្តិភាព និងគ្មានអំពើហិង្សា និងបានបង្ហាញទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ឱ្យឃើញនូវភាពកាន់តែចាស់ទុំ និងភាពម្ចាស់ការ ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការ អនុវត្តនូវគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្សដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។

ឯកឧត្តម ម៉ឹង សំផន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋ គ្រប់បណ្តាឃុំ ក្នុងស្រុកចន្ទ្រា ដែលស្រឡាញ់ គាំទ្រ និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

ក្នុងនាមក្រុមការងារគ្រប់លំដាប់ថ្នាក់នៅក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង ឯកឧត្តម ម៉ឹង សំផន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ អនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ និងគាំទ្រយ៉ាងក្លៀវក្លា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧។

ឆ្លៀតនៅក្នុងឱកាសនោះដែរ តាងនាមប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកចន្ទ្រា ឯកឧត្តម ម៉ឹង សំផន បានប្រសិទ្ធនូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ គ្រប់ប្រការជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងស្រុកចន្ទ្រា សូមបានជួបតែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: និងពល:កុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ឹង សំផន ក៏បានចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់សមាជិក សមាជិកាគណបក្សទាំងអស់ ព្រមទាំងបានរៀបចំពិសារបាយសាមគ្គីជូនដល់សមាជិក សមាជិកាគណបក្ស និងក្រុមការងារទាំងអស់ក្នុងស្រុកចន្ទ្រាផងដែរ៕