ឯកឧត្តមបណ្ឌិត អ៊ុក កោសា ថ្លែងអំណរគុណ និងជូនពរឯកឧត្តម ហ៊ុន ម៉ានី ដែលបំពេញបេសកកម្មមិនខ្លាចនឿយហត់ជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ រយៈពេល១១ឆ្នាំ និងទទួលភារកិច្ចថ្មីសម្រាប់អាណត្តិទី៧


ឯកឧត្តមបណ្ឌិត អ៊ុក កោសា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណ និងជូនពរឯកឧត្តម ហ៊ុន ម៉ានី ដែលបានបំពេញបេសកកម្មមិនខ្លាចនឿយហត់ ជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ រយៈពេល១១ឆ្នាំ និងទទួលបានការតែងតាំងភារកិច្ចថ្មីសម្រាប់អាណត្តិទី៧នេះ ដែលតាមការចែកចាយព័ត៌មានមិនទាន់ផ្លូវការ លោកអាចនឹងទទួលការតែងតាំងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។

ឯកឧត្តមបណ្ឌិត អ៊ុក កោសា បានរៀបរាប់យ៉ាងដូច្នេះថា៖ «ជូនពរឯកឧត្ដម ហ៊ុន ម៉ានី រយៈពេល១១ឆ្នាំ ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ដែលរាជរដ្ឋាភិបាលអណត្តិថ្មីនីតិកាលទី៧នេះ ត្រូវបានទទួលភារកិច្ចថ្មី។ ក្នុងនាមខ្ញុំ និងប្រជាពលរដ្ឋទាំងអស់នៃស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដឹងគុណជានិច្ច និងសូមគោរពជូនពរឯកឧត្ដមបំពេញភារកិច្ចជូនជាតិមាតុភូមិបានសម្រេចជោគជ័យជាប្រវត្តិសាស្ត្រ»

លោកបណ្ឌិត អ៊ុក កោសា បានបន្តទៀតថា ក្នុងរយៈកាល១១ឆ្នាំ នៃតួនាទីជាតំណាងរាស្រ្តក្នុងមណ្ឌលខេត្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានី បានទទួលក្តីស្រលាញ់ ជំនឿជាក់ ជាពិសេសឱកាសនៃការចូលរួមចំណែកក្នុងការកសាង អភិវឌ្ឍន៍ខេត្តយ៉ាងរីកចម្រើន។

លើសពីកិត្តិយសដែលបានបម្រើប្រជាជនខេត្តកំពង់ស្ពឺ លោកបានរៀនសូត្រជាច្រើនពីការងារទាំងអស់នេះ ពីអ៊ុំ ពូមីង បងប្អូន ជាមន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់នូវដំបូន្មានល្អ ភាពកក់ក្តៅ ការប្រាស្រ័យទាក់ទងល្អ ជាពិសេសគឺបទពិសោធន៍ដ៏មានតម្លៃពីការធ្វើការងារជាមួយអ៊ុ ពូ មីងដោយផ្ទាល់ នៅគ្រប់ជាន់ថ្នាក់។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧កន្លងទៅនេះ បានសរបញ្ជាក់ឱ្យឃើញពីទឹកចិត្តស្រលាញ់ អាណិត ជឿទុកចិត្តយ៉ាងពេញទំហឹងពីបងប្អូនអ្នកខេត្តកំពង់ស្ពឺតាមរយៈការបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាក្នុងអត្រាខ្ពស់នាំឱ្យគណបក្សអាចរក្សាប្រៀបឈ្នះ និងទទួលបានអាសនៈ ៦ លើ៦។

ក្រោមការដឹកនាំរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាលថ្មីនឹងបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ ជាពិសេសនឹងរិតតែបន្តលើកតម្កើងកិត្យានុភាព ព្រះរាជាណចក្រកម្ពុជា ឱ្យឈានខ្ពស់ឡើងតទៅមុខ៕