ឯកឧត្តម ជា សែ រដ្ឋលេខាធិការ នៃក្រសួងទេសចរណ៍ បានថ្លែងថា រយៈពេល៦ខែ ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ២.៥លាននាក់ កើនឡើង៤០៩% បើប្រៀបធៀបនឹងរយៈពេល ដូចគ្នាឆ្នាំ២០២២។
ការថ្លែងរបស់ឯកឧត្តម ជា សែ ក្នុងឱកាសដែលលោកតំណាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ និយាយភាសាចិននៅកម្ពុជា សម្រាប់ឆ្នាំ២០២៣ ដែលរៀបចំធ្វើឡើងនៅសណ្ណាគារ Regency Angkor ខេត្តសៀមរាប នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។
នៅក្នុងឱកាសនេះ ឯកឧត្តម ជា សែ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ប្រជាជនចិន ស្ថានទូតចិនប្រចាំនៅកម្ពុជា ក្រសួងពាណិជ្ជកម្មចិន និងវិទ្យាស្ថានស្រាវជ្រាវភាសាចិន អន្តរជាតិប៉េកាំង ដែលបានគាំទ្រលើគម្រោងផ្សេងៗ និងគាំទ្រដល់ក្រសួងទេសចរណ៍ នៅក្នុងការជំរុញអភិវឌ្ឍសមត្ថភាពមន្ត្រីជំនាញ អ្នកជំនាញទេសចរណ៍និយាយភាសាចិនសម្រាប់ឆ្នាំ២០២៣នេះ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងទៀតថា ចំណងមិត្តភាពរវាងកម្ពុជា និងចិនជាង៦០ឆ្នាំកន្លងមកនេះ ដែលត្រូវបានបង្កើតរួមគ្នា និងថែរក្សាយ៉ាងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលបានស្តែងចេញ យ៉ាងច្បាស់ថា ពេលវេលាកាន់តែយូរ គឺកាន់តែមានតម្លៃនិងមានទំនាក់ទំនងកាន់តែជិតស្និទ្ធិជារៀងរហូត។
កន្លងមកនេះការផ្លាស់ប្តួរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៍ និងវិស័យទេសចរណ៍ គឺជាផ្នែកមួយសំខាន់ ភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន ដែលបានបង្កើនការផ្លាស់ប្តូរវប្បធម៌ សេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ និងបានដើរតួនាទីយ៉ាងពិសេសក្នុងការពង្រឹងមិត្តភាពជា «មិត្តដែកថែប» ឱ្យកាន់តែរឹងមាំថែមទៀត។
ឯកឧត្តម ជា សែ បានថ្លែងទៀតថា ប្រទេសកម្ពុជាក្រោមការដឹកនាំដត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យវិស័យ សេដ្ឋកិច្ច សង្គម និងទេសចរណ៍ មានការរីកចម្រើនជាលំដាប់។ ជាពិសេសនៅក្នុងដំណាក់កាលក្រោយវិបត្តិជំងឺកូវីដ-១៩ វិស័យទេសចរណ៍កម្ពុជា មានការងើបឡើងវិញគួរឱ្យកត់សម្គាល់ ជាអាទិនៅតាមគោលដៅទេសចរណ៍សំខាន់ៗ ដូចជាក្នុងខេត្តសៀមរាប រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងគោលដៅទេសចរណ៍មួយចំនួនទៀត មានសកម្មភាពទេសចរណ៍ជាច្រើនឡើងវិញ។ ជាក់ស្តែងក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរណ៍អន្តរជាតិប្រមាណ ២.៥លាន កើនឡើង៤០៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។
ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងយ៉ាងដូច្នេះទៀតថា ក្នុងបរិការថ្មីនៃការរីកចម្រើនវិស័យទេសចរណ៍ ក្រសួងទេសចរណ៍បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងសមត្ថភាពទាំងមន្ត្រីជំនាញ ប្រតិបត្តិករទេសចរណ៍ អ្នកជំនាញទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ ជាពិសេសលើកកម្ពស់សេវាកម្មប្រកបដោយគុណភាព និងសុវត្ថិភាពភ្ញៀវទេសចរតាមគន្លងថ្មី និងបន្តជំរុញផ្សព្វផ្សាយទាក់ទាញទេសចរណ័ ទាំងទេសចរណ៍ជាតិនិងអន្តរជាតិ ដែលជាទិសដៅយុទ្ធសាស្ត្រក្នុងដំណាក់កាលទី២ នៃផែនការស្តារ និងអភិវឌ្ឍវិស័យទេសចរណ៍ ក្នុងនិងក្រោយដំណាក់កាលកូវីដ-១៩ ឆ្នាំ២០២០-២០២៥។
ឯកឧត្តមថា ដើម្បីជំរុញការបណ្តុះបណ្តាលជំនាញទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារទេសចរណ៍ទាំងបរិមាណនិងគុណភាពក្នុងគន្លងថ្មីនេះ ក្រសួងទេសចរណ៍ បានមើលឃើញច្បាស់ពីសារៈសំខាន់នៅក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានិងព័ត៍មាន ជួយដល់ការរៀបចំបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍តាមរយះប្រព័ន្ធអនឡាញ ដោយបានបង្កើតប្រព័ន្ធ គ្រប់គ្រងការ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសរចណ៍អនឡាញ។
ក្នុងនាមក្រសួងទេសចរណ៍ឯកឧត្តម ជា សែ បានថ្លែងនូវការអរគុណចំពោះរដ្ឋាភិបាលចិន ប្រជាជនចិន ស្ថានទូតចិនប្រចាំនៅកម្ពុជា ក្រសួងពាណិជ្ជកម្មចិន និងវិទ្យាស្ថានស្រាវជ្រាវភាសាចិនអន្តរជាតិប៉េកាំង ដែលតែងតែគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ លើសកម្មភាពអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍។ ជាពិសេសនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តសៀមរាប ដែលបានសហការរៀបចំ ឱ្យមានសិក្ខាសាលា បណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាចិននេះឡើង ដើម្បីចូលរួមក្នុងការជំរុញការអភិវឌ្ឍជំនាញក្នុងវិស័យទេសចរណ៍នៅកម្ពុជារបស់យើង៕