ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានណែនាំដល់ប្អូនៗសិស្សនុសិស្ស និងអ្នកដែលមានការពាក់ព័ន្ធជាមួយការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ត្រូវបញ្ឈប់ជាបន្ទាន់ បើមិនដូច្នោះទេត្រូវអនុវត្តតាម នីតិវិធីច្បាប់ជាក់ជាពុំខាន់ឡើយ។
មានប្រសាសន៍ថ្លែងដូច្នេះ ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៣ ក្រោមប្រធានបទ «អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើស និងការមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការអប់រំ បង្ការ»។ ពិធីនេះបានប្រារព្ធធ្វើឡើង នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកែប ដោយចូលរួមពីអ្នកពាក់ព័ន្ធ ប្រមាណជាង៤០០នាក់។
ទន្ទឹមនេះឯកឧត្តមអភិបាលខេត្ត សោម ពិសិដ្ឋ ក៏បានណែនាំគ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់នៅទូទាំងខេត្តកែប ត្រូវយកចិត្តទុកដាក់គ្រប់គ្រង និងក្ដាប់ឲ្យបានច្បាស់លាស់នូវមុខសញ្ញាលក់ និងចែកចាយគ្រឿងញៀន ជាពិសេសអ្នកដែលពាក់ព័ន្ធ និងអ្នកចំណូលស្រុកមកស្នាក់នៅបណ្ដោះអាសន្ន ឬប្រកបមុខរបរផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវបង្ក្រាបឲ្យបានទាន់ពេលវេលា។
ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់អង្គភាពសមត្ថកិច្ចជំនាញពាក់ព័ន្ធ ត្រូវគ្រប់គ្រង និងក្តាប់នូវមុខសញ្ញាចែកចាយគ្រឿងញៀននៅក្នុងខេត្ត សំដៅកាត់ផ្តាច់ការជួញដូរ និងបន្តជំរុញពង្រឹងសមត្ថភាព គុណភាព និងប្រសិទ្ធភាព នៃយន្តការបន្សាបគ្រឿងញៀននៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យដែលមានស្រាប់ នៅក្នុងខេត្តឲ្យមានដំណើរការល្អ និងកាន់តែមានប្រសិទ្ធភាព ធ្វើយ៉ាងណាឲ្យជនងាយរងគ្រោះដោយសារសារធាតុញៀន ទទួលបានសេវាបន្សាបគ្រឿងញៀន និងស្ដារនីតិសម្បទាឡើងវិញ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការប្រារព្ធទិវាអន្តជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ក្នុងគោលបំណង ដើម្បីបន្តពង្រឹង និងលើកកម្ពស់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របទៅនឹងបរិបទរបស់ពិភពលោក៕